ភ្នំពេញ៖ ទីតាំងអ៊ីនធើណិតយីហោ FC Net ផ្ទះលេខ៦៩ ផ្លូវលេខ៣១០ សង្កាត់បឹងកេងកង២ ខណ្ឌចំការមនគឺជាកន្លែងបើកល្បែងស៊ីសងភ្នាល់បាល់តាមអនឡាញនិងជាជម្រក ផ្តល់មធ្យោបាយ ឲ្យជនល្មើសលាក់ខ្លួនដោយសារតែបើក បម្រើការ២៤ម៉ោងលើ២៤ម៉ោង។
អ៊ីនធើណិត២៤ម៉ោងលើ២៤ម៉ោងដែលមានស្លាកជាអក្សរឡាតាំង FC Net បានបើកដំណើរយ៉ាងរលូនក្នុងទឹកដីខណ្ឌចំការមនដោយមិនរំខានសមត្ថកិច្ចពាក់ព័ន្ធឡើយ។
នៅក្នុងភូមិសាស្ត្រខណ្ឌខណ្ឌចំការមន ទីតាំងអ៊ីនធើណិតភ្នាល់បាល់ជាល្បែងស៊ីសងតាមអនឡាញជាច្រើនតាមផ្លូវធំៗផ្លូវលំច្រកឌឿងហែម ដោយបើកជាលក្ខណៈចំហតែម្តងពិសេសទីតាំងអ៊ីនធើណិត FC Net នេះតែម្តង ។
តាមប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថារាល់ទីតាំងមួយៗមានអ្នកមើលការខុសត្រូវឬ អ្នកគ្រប់គ្រងគ្រប់កន្លែងទាំងអស់ពួកគេមានអំនួតហាក់បីដូចជាមិនខ្លាចរអារ ជាមួយសមត្ថកិច្ច ថ្នាក់ក្រោមៗនោះទេដោយសារគេស្គាល់ទាបបំផុត ក៏ចាប់ពី ថ្នាក់អធិការ អភិបាលខណ្ឌឡើងលើឯណោះ ។
បច្ចុប្បន្ននៅក្នុងទឹកដីខណ្ឌចំការមន ទីតាំងអ៊ីនធើណេត២៤ម៉ោង លើ២៤ម៉ោង ហ៊ានបើកជាប់ៗគ្នា ក្លាយទៅ ជាកន្លែង ប្រកួតប្រជែងពាណិជ្ជកម្ម ផ្នែកល្បែងស៊ីសង តាមអនឡាញ ទៅហើយ។
ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងទាំងនេះគឺជា ប្រភពផ្តើមចេញឲ្យមានបទល្មើស ហើយអនុញ្ញាត ឲ្យបើកមិន បង្ក្រាបគឺជាកំហុសធ្ងន់ធ្ងរនិងមិនអនុវត្តទៅតាមគោលនយោបាយភូមិសង្កាត់មានសុវត្ថិភាព។
សម្តេចក្រឡាហោម ស ខេង ឧបនាយការដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោកនាយឧត្តម សេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ដល់មន្ត្រីពាក់ព័ន្ធមិនត្រូវកាងបទល្មើសឬកន្លែងបើកល្បែងខុសច្បាប់ឡើយ ត្រូវមានវិធានការបង្ក្រាបរាល់បទល្មើសផ្សេងនិងល្បែងស៊ីសងខុសច្បាប់។ បើមិនបង្ក្រាបល្បែងស៊ីសងនៅក្នុងមូលរដ្ឋានរបស់ខ្លួន សមត្ថកិច្ចក្នុងមូលរដ្ឋាននោះជាអ្នកទទួលខុសត្រូវ។
លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញមានប្រសាសន៍ថា អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដូចជាស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំង១២ត្រូវខិតខំលុបបំបាត់ឲ្យបានករណីចោរលួច ចោរប្លន់ ចោរគាស់ផ្ទះ ល្បែងស៊ីសង និងកុងស៊ីបញ្ចាំ ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋរស់នៅប្រកបដោយអារម្មណ៍កក់ក្តៅ ហើយអាចប្រកបមុខរបរចិញ្ចឹមជីវិតជាប្រក្រតីភាពដោយគ្មានភាពភ័យខ្លាច។
ពាក់ព័ន្ធករណីទីតាំងអ៊ីនធើណិតយីហោ FC Net បង្កប់ល្បែងស៊ីខុសច្បាប់ខាងលើសារព័ត៌មាននគរវត្តមិនអាចសុំការបំភ្លឺពីលោកអធិការខណ្ឌនិងគណៈបញ្ជាការឯកភាពខណ្ឌក្នុងរឿងនេះ៕ ហេង នរិន្ទ្រន៍