ភ្នំពេញ៖ ជនសង្ស័យ២នាក់ ពេលធ្វើសកម្មភាពឆក់ទូរស័ព្ទដៃបានសម្រេចហើយព្យាយាមបើករត់គេចខ្លួន តែត្រូវជនរងគ្រោះដេញតាមពីក្រោយស្រែកចោរៗធ្វើឲ្យភិតភ័យធ្លាក់ជនសង្ស័យម្នាក់ប្រជាពលរដ្ឋវាយមួយដៃមួយជើងស្ទើស្លាប់ទើបសមត្ថកិច្ចទៅដល់ ក៏យកមកធ្វើការសាកសួរ និងយកទៅលាងរបួស ។ ករណីខាងលើបង្កភ្ញាក់ផ្អើរកាលពីម៉ោង០៩ និង៣០នាទីនៅតាមបណ្តោយផ្លូវហាណូយ ភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ក្រុងភ្នំពេញ ។
ជនសង្ស័យខាងលើឈ្មោះ សុខ ថា ហៅហុង អាយុ ៣២ ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិឌួង សង្កាត់ សំរោង ខណ្ឌព្រែកព្នៅ ។ ចំណែកបក្ខពួកម្នាក់ទៀតកេចខ្លួនមិនត្រូវបានស្គាល់អត្តសញ្ញាណ ។ រីឯជនរងគ្រោះឈ្មោះ ឡុង ចិន្តា អាយុ ២៧ឆ្នាំ មុខរបរ កម្មការិនីរោងចក្រ ស្នាក់នៅភូមិពោធិ៍រ៉ា ឃុំភ្នំបាទ ស្រុកពញ្ញាឮ ខេត្តកណ្តោល ។
មុនកើតកើត ជនរងគ្រោះចេញពីកន្លែងធ្វើការត្រឡប់ទៅផ្ទះដោយជិះម៉ូតូម្នាក់ឯង ម៉ាកស្កូបពី ពណ៌ស ខណៈដល់ចំណុចខាងលើ បានដកទូរស័ព្ទដៃម៉ាកអាហ្វូនសិុចប្លើសពណ៌ខ្មៅ ខលទៅរកឪពុក ពេលនិយាយចប់ រៀបដាក់ចូលក្នុងហោប៉ៅខោវិញស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូឌ្រឹមសង់ពណ៌ខ្មៅ មិនចាំស្លាកលេខ មកពីក្រោយធ្វើសកម្មភាពឆក់យកទូរស័ព្ទដៃនាងបានសម្រេច ពេលនោះនាងបានដេញតាមពីក្រោយ ស្រែកចោរៗ ធ្វើឲ្យជនសង្ស័យដែលអង្គុយផ្នែកខាងក្រោយធ្លាក់ពីម៉ូតូត្រូវបានប្រជាពលរដ្ឋនៅក្បែរនោះព័ទ្ធចាប់បានម្នាក់វាយម្នាក់មួយដៃមួយជើង ទើបប្រគល់ឲ្យសមត្ថកិច្ចពេលក្រោយចំណែកម្នាក់ទៀតបើកម៉ូតូគេចខ្លួនបាត់ ។
បច្ចុប្បន្នជនរងគ្រោះជាម្ចាស់ទូរស័ព្ទបានត្រឹមតែដាក់ពាក្យបណ្តឹងសាលទុក្ខ ចំណែកទូរស័ព្ទដៃបានបាត់ទៅហើយ ចំណែក ជសង្ស័យដែលចាប់បានរងរបួសធ្ងន់សមត្ថកិច្ចបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកអន្លង់ក្ងានប៉ុណ្តោះអាសន្នសិនមិនទាន់បានសាកសួរលម្អិតឡើយទេ ៕ តុង សីហា