ព័ត៌មានទាន់ហេតុការណ៍៖

អ៊ីរ៉ង់ធ្វើសមយុទ្ធ បាញ់គ្រាប់ពិត តបតនឹងការដាក់ទណ្ឌកម្មរបស់អាមេរិក

ចែករំលែក៖

កាលពីថ្ងៃទី៥ ខែវិច្ឆិកា អ៊ីរ៉ង់ បានចាប់ផ្តើមធ្វើសមយុទ្ធ ដែនអាកាសជាទ្រង់ទ្រាយធំ ដោយមានការចូលរួមពី កម្លាំងមីស៊ីល និងយន្តហោះចម្បាំង ។ ចំណុចដែលចាប់អារម្មណ៍បំផុតនោះគឺសមយុទ្ធ ធ្វើឡើងចំពេលដេលអាមេរិក ដាក់ទណ្ឌកម្ម ឡើងវិញទៅលើអ៊ីរ៉ង់ ។

សារព័ត៌មាន Sputnik បានផ្សាយថា រដ្ឋមន្ត្រីក្រសួងការពារជាតិអ៊ីរ៉ង់ លោក Velayat Skies បានបញ្ជាក់ថា សមយុទ្ធជាប្រចាំនេះ ធ្វើឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី ៥ និងទី៦ ខែវិច្ឆិកា នៅតំបន់ភាគខាងជើង ភាគកណ្តាល និងខាងកើតប្រទេសអ៊ីរ៉ង់ ។

ចំណេកមេបញ្ជាការកងទ័ពបដិវត្តន៍អ៊ីរ៉ង់ លោក HabibollahSayyari បានបញ្ជាក់ថា សមយុទ្ធខាងលើ ធ្វើឡើងនៅលើផ្ទៃដីប្រមាណ ៥សែន គីឡូម៉ែត្រក្រឡា ។ លោកបន្តទៀតថា «ប្រទេសជាតិរបស់យើងខ្ញុំ កំពុងតែរងការដាក់ទណ្ឌកម្ម ទ្រង់ទ្រាយធំបំផុត ហើយកម្លាំងទាហានអ៊ីរ៉ង់ បានសមទៅនឹងទម្លាប់ដាក់ទណ្ឌកម្មនោះទៅហើយ ដោយសារតែសត្រូវមិនចង់ឲ្យអ៊ីរ៉ង់ មានសន្តិភាពពេញលេញ និងការអភិវឌ្ឍ»។

ទំនាក់ទំនងរវាងអ៊ីរ៉ង់ នឹងអាមេរិក កាន់តែអាក្រក់ទៅ ពីមួយថ្ងៃទៅមួយថ្ងៃ ក្រោយពេលប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានសម្រេច ដកអាមេរិក ចេញពីកិច្ចព្រមព្រៀង បរមាណូ កាលពីឆ្នាំ២០១៥ និង សម្រេចដាក់ទណ្ឌកម្មទាំងស្រុងឡើងវិញ នៅថ្ងៃទី៥ ខែវិច្ឆិកា ។នៅពេលនេះដែរ រដ្ឋាភិបាល អាមេរិក បានដាក់លក្ខខណ្ឌ១២ចំណុចឲ្យអ៊ីរ៉ង់ អនុវត្ត ប្រសិនបើចងលុបទណ្ឌកម្មនោះ ។

នៅថ្ងៃចន្ទ ទី៥ ខែវិច្ឆិកា ទណ្ឌកម្មអាមេរិកដាក់លើអ៊ីរ៉ង់ក្នុងវិស័យប្រេង និងធនាគារបានចូលជាធរមាន។ ចំណែកលោកប្រធានាធិបតីអ៊ីរ៉ង់ ហាសាន រ៉ូហានី ក៏បានថ្លែងក្នុងថ្ងៃនោះដែរ ដោយបញ្ជាក់ច្បាស់ៗ តបនឹងអាមេរិកថា អ៊ីរ៉ង់នឹងបន្តនាំប្រេងចេញដោយមិនខ្វាយខ្វល់ពីទណ្ឌកម្មរបស់អាមេរិកទេ ។

គួររម្លឹកថា ទណ្ឌកម្មអាមេរិកដាក់លើអ៊ីរ៉ង់ជាថ្មីពេលនេះ បានធ្វើឡើង បន្ទាប់ពីលោកប្រធានាធិបតីអាមេរិកដូណាល់ ត្រាំបានប្រកាសដកអាមេរិកចេញពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់កាលពីខែឧសភាកន្លងទៅ។

«អាមេរិកចង់កាត់បន្ថយការលក់ប្រេងរបស់អ៊ីរ៉ង់ តែយើងនឹងបន្តលក់ប្រេងរបស់យើង » នេះជាប្រតិកម្មខ្លាំងៗរបស់លោកហាសាន រ៉ូហានីតបនឹងទណ្ឌកម្មរបស់អាមេរិកនៅតាមកញ្ចក់ទូរទស្សន៍ជាតិ។ ចំណែកអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោកបារ៉ាម កាសេមី ក៏បានបញ្ចេញប្រតិកម្មក្នុងថ្ងៃនេះដែរ តែបានលើកឡើងពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរដែលអ៊ីរ៉ង់ និងសហគមន៍អន្តរជាតិបានចុះហត្ថលេខាក្នុងខែកក្កដា ឆ្នាំ ២០១៥ ក្នុងនោះក៏មានភាគីអាមេរិកក្នុងជំនាន់លោកបារ៉ាក់ អូបាម៉ាម្នាក់ដែរ ៕ យឹម សុថាន

 


ចែករំលែក៖