ព័ត៌មានទាន់ហេតុការណ៍៖

ចិនបានត្រៀមខ្លួនដើម្បីពិភាក្សាជាមួយអាមេរិក ដោះស្រាយវិវាទពាណិជ្ជកម្ម

ចែករំលែក៖

ចិនបានប្រកាសថា បានត្រៀមលក្ខណៈពិភាក្សាជាមួយអាមេរិក ដើម្បីដោះស្រាយវិវាទនៅក្នុងវិស័យពាណិជ្ជកម្ម បញ្ចប់ការប្រឈមមុខដាក់គ្នា ។

សារព័ត៌មានរ៉យទ័រនៅថ្ងៃទី៦ ខែវិច្ឆិកា នេះបានផ្សាយថា នៅក្នុងវេទិកាសេដ្ឋកិច្ចថ្មី Bloomberg ដែលបានរៀបចំឡើងនៅក្នុងប្រទេសសឹង្ហបុរី អនុប្រធានាធិបតីចិន លោក Wang Qishan បានបញ្ជាក់ថា ចិននិងអាមេរិក ចង់សហការ ធំជាងនេះនៅក្នុងវិស័យពាណិជ្ជកម្មសេដ្ឋកិច្ច ។ ដូច្នេះភាគីចិនបានត្រៀមលក្ខណៈដើម្បីពីភាក្សាជាមួយអាមេរិក ស្វែងរកដំណោះស្រាយបញ្ចប់វិវាទ និងវិស័យពាណិជ្ជកម្មដែលភាគីទាំងពីរ អាចទទួលយកបាន ។

តាមការលើកឡើងរបស់លោក Wang Qishan ពិភពលោកទាំងមូលកំពុងប្រឈមនឹងបញ្ហាធំៗជាច្រើន ទាមទារឲ្យមានកិច្ចសហប្រតិបត្តិការ អាមេរិក នឹងចិន ដើម្បីដោះស្រាយ វិវាទ និងការប្រឈមមុខទាំងឡាយ ។ មន្ត្រីចិនបានបញ្ជាក់ថា ការប្រឈមមុខដាក់គ្នា មិនមែនជាមធ្យោបាយដោះស្រាយសមស្រប ទៅលើបញ្ហាសេដ្ឋកិច្ចពិភពលោកនោះឡើយ ។ ជាមួយគ្នានោះ រនាំង ពាណិជ្ជកម្ម និងការតម្លើងពន្ធ មិនមែនជាបញ្ហាដោះស្រាយវិវាទឡើយ ។

អនុប្រធានាធិបតីចិនបានបញ្ជាក់ទៀតថា កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ពាណិជ្ជកម្ម នឹងធ្វើឲ្យ ទំនាក់ទំនងកាន់តែរឹងមាំ និងទទួលបានផលប្រយោជន៍ដូចគ្នា ។ លោកបន្តទៀតថា បច្ចុប្បន្នចិន បានរក្សាឥរិយាបទ បើកជំហរ និង សហប្រតិបត្តិការ ដើម្បីផលប្រយោជន៍រួម ។ កន្លងមក ប្រធានាធិបតីចិន លោកស៊ី ជីនពីងក៏បានបញ្ជាក់ផងដែរថា ចិន នឹងបើកទ្វារ ស្វាគមន៍ បើទោះបីមានវិវាទពាណីជ្ជកម្មជាមួយអាមេរិកក្តី ។

រយៈពេលកន្លងមករដ្ឋាភិបាលទីក្រុងប៉េកាំង និងវ៉ាស៊ីនតោនបានសងសឹកគ្នាទៅវិញទៅមក តាមរយៈតម្លៃពន្ធនាំចូលទំនិញរៀងៗខ្លួន មានតម្លៃរាប់រយពាន់លានដុល្លារអាមេរិក ។ មិនតែប៉ុណ្ណោះ ការម្លើងពន្ធទាំងនោះ បានគ្របដណ្តប់ទៅលើបញ្ហាសេដ្ឋកិច្ច ពិភពលោក ។

តាមគម្រោង ប្រធានាធិបតីចិន និង អាមេរិក នឹងជួបពិភាក្សាគ្នានៅក្នុងខែវិច្ឆិកានេះ ។ នៅមុនជំនួប រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo និងរដ្ឋមន្ត្រីការពារជាតិ James Mattis នឹងទទួលស្វាគមន៍ សមភាគីចិន ដើម្បីពិភាក្សាលើបញ្ហាសន្តិសុខ និង កិច្ចការបរទេស នាថ្ងៃទី៩ ខែវិច្ឆិកា ខាងមុខ ។

កន្លងមក ប្រធានាធិបតីដូណាល់ ត្រាំបានព្រមាន តម្លើងពន្ធ២៦៧ពាន់លានដុល្លារ ដល់ទំនិញនាំចូលពីចិន ។

កាលពីថ្ងៃទី ៥វិច្ឆិកា ចិនបានបើកសម្ពោធ ជាលើកទី១ ពិព័រណ៌អន្តរជាតិស្តីពីការនាំចូល ។ នៅក្នុងពិព័រណ៌ ដែលរៀបចំធ្វើនៅទីក្រុងសៀងហៃ ពីថ្ងៃនេះ រហូតដល់ថ្ងៃសៅរ៍ទី ១០ វិច្ឆិកា និងដែលមានការចូលរួមពីក្រុមហ៊ុនបរទេស ៣ពាន់ មកពី ប្រទេសចំនួន ១៣០ ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានប្រកាសសន្យា បើកចំហរទីផ្សារចិន ឲ្យធំទូលាយជាងមុន ។

សម្រាប់សេដ្ឋកិច្ចវិទូបរទេស ពិព័រណ៌អន្តរជាតិស្តីពីការនាំចូល នៅ ប្រទេសចិន មានលក្ខណៈ នយោបាយ ច្រើនជាង សេដ្ឋកិច្ច ព្រោះវារៀបចំធ្វើឡើងនៅក្នុងបរិបទដែលចិន កំពុងធ្វើសង្រ្គាមពាណិជ្ជកម្មជាមួយ អាមេរិក ។

នៅក្នុងសុន្ទរកថា ថ្លែងបើកសម្ពោធ ពិព័រណ៌អន្តរជាតិស្តីពី ការនាំចូល នៅទីក្រុងសៀងហៃ ប្រធានាធិបតីចិន លោកស៊ី ជីនពីង ប្រកាសបើកចំហរទីផ្សារចិន ឲ្យធំទូលាយជាងមុន ។ តាមលោកស៊ី ជីនពីង ប្រទេសចិននឹងប្រឹងប្រែង ជំរុញ ការនាំចូល កាត់បន្ថយតម្លៃពន្ធនាំចូល លើកចោល របាំងរដ្ឋបាល ហើយនិងដាក់ឲ្យអនុវត្តច្បាប់ ដ៏តឹងរ៉ឹង ដើម្បីពិន័យលើការលួចកម្មសិទ្ធិបញ្ញា ។

នៅក្នុងសុន្ទរកថា បើកពិព័រណ៌នៅថ្ងៃនេះ ដោយនិយាយមិនចំៗដល់លោកដូណាល់ ត្រាំ លោកប្រធានាធិបតីចិន បានរិះគន់ផងដែរ នយោបាយ ការពារជាតិនិយម ហើយនិងនយោបាយដាក់ខ្លួនឲ្យឆ្ងាយពីគេឯង ។

នៅថ្ងៃនេះ នៅចំពោះមុខអ្នកតំណាងក្រុមហ៊ុនបរទេស ដល់ទៅជិត ៣ពាន់ មកពីប្រទេស ១៣០ ប្រធានាធិបតីចិន បានប្រកាសថា នៅក្នុងរយៈពេល១៥ឆ្នាំទៅមុខ ការនាំ ចូលទំនិញ នៅប្រទេសចិន នឹងមានតម្លៃសរុបដល់ទៅ៣ម៉ឺនពាន់លានដុល្លារ ។ អាចថា ក្នុងរយៈពេលមួយឆ្នាំ ការនាំចូលទៅប្រទេសចិន នឹងមានតម្លៃប្រមាណ ២ពាន់ ពាន់លានដុល្លារអាមេរិក ពោលគឺនៅតែតិចជាងអាមេរិក ដែលនាំចូលរួចទៅហើយទំនិញមានតម្លៃសរុបជាង២៤០០ពាន់លានដុល្លារ ។

ចិនជាប់ចំណាត់ថ្នាក់លេខ២ បន្ទាប់ពីអាមេរិក ក្នុងនាមជាប្រទេសនាំចូលច្រើនជាងគេក្នុងពិភពលោក ពោលគឺនាំមុខ អាល្លឺម៉ង់ដែលជាប់ចំណាត់ថ្នាក់ទី៣ និងជប៉ុនចំណាត់ថ្នាក់ទី៤ ។ នៅឆ្នាំ ២០១៧ ប្រទេសចិន នាំចូលទំនិញ ដែលតម្លៃ ១៨៤២ពាន់ លានដុល្លារ ចំណែក អាមេរិកវិញ នាំចូលទំនិញ ពីបរទេស ដែលមានតម្លៃ ២៤០៩ពាន់លានដុល្លារ គឺច្រើនជាងចិន ដល់ទៅ ជាង ៥០០ពាន់លានដុល្លារ ។

ប្រទេសចិន ដែលនៅឆ្នាំ នេះ ប្រារព្ធខួប៤០ ឆ្នាំ នៃជោគជ័យ នៃកំណែទម្រង់សេដ្ឋកិច្ច ចង់បង្ហាញថា ខ្លួនលែងតឹ្រមជាកន្លែង ផលិត ដូចមុន របស់ក្រុមហ៊ុនបរទេសហើយ ។ ឥឡូវនេះ ចិនអាចក្លាយជាទីផ្សារ ធំសម្បើម សម្រាប់ទំនិញបរទេស ជាពិសេស ជាមួយនឹងសន្ទុះកំណើន ចំនួនប្រជាជនចិន មានជីវភាពមធ្យម ដែលសព្វថ្ងៃនេះ បានកើនដល់ទៅជាង ២៤០លាននាក់ រួចហើយនោះ ។ ការប្រកាសបង្កើនការនាំចូលទំនិញពីបរទេស ក៏ដើម្បី ឆ្លើយតបនឹងតម្រូវការកើនឡើង ក្នុងស្រុកនេះដែរ ។

ដំណឹងល្អណាស់ សម្រាប់ក្រុមហ៊ុនបរទេស?

ពិព័រណ៌អន្តរជាតិស្តីពីការនាំចូលទើបត្រូវបានរៀបចំ ឡើងជាលើកទី១ នៅប្រទេសចិន ជាទីដែលតាំងពីដើមរៀងមក គេផ្តោតសំខាន់ខ្លាំង ទៅលើការនាំចេញ ដើម្បី ជំរុញ កំណើនសេដ្ឋកិច្ចក្នុងស្រុក ។ សម្រាប់ អ្នកវិនិយោគបរទេស ការប្រកាសរបស់ប្រធានាធិបតីចិន តាមពិត មិនមែនជារឿងថ្មីប្លែកនោះទេ ។ ប្រធានាធិបតីចិន លោកស៊ី ជីនពីងធ្លាប់បានសន្យាច្រើនដង ហើយ ក្នុងការធ្វើកំណែទម្រង់ ដើម្បី សម្របសម្រួលការបោះទុនវិនិយោគរបស់ក្រុមហ៊ុនបរទេស ។ ប៉ុន្តែ ការសន្យាមានតែនៅលើបបូរមាត់ ព្រោះថា នៅក្នុងការពិតជាក់ស្តែង ទីផ្សារចិន នៅតែបើកទ្វារតូចចង្អៀត សម្រាប់ក្រុមហ៊ុនបរទេស ។

អង្គការដើម្បីសហប្រតិបត្តិការសេដ្ឋកិច្ឋ និងអភិវឌ្ឍន៍ ហៅកាត់ថា OCDEបានចាត់ប្រទេសចិន ក្នុងចំណាត់ថ្នាក់ទី ៥៩ ក្នុងចំណោមប្រទេសសរុប ៦២ ដែលបើកទា្វរសម្រាប់ការវិនិយោគដោយផ្ទាល់ពី ក្រុមហ៊ុនបរទេស ។

តាំងពីណាពីណីមក ក្រុមហ៊ុនបរទេសបានរអ៊ូរទាំ តវ៉ាខ្លាំងពីនយោបាយរបស់រដ្ឋាភិបាលចិន ដែលរើសអើងក្រុមហ៊ុនបរទេស ដើម្បីផលប្រយោជន៍ក្រុមហ៊ុនក្នុងស្រុកចិន ។ ក្រុមហ៊ុនបរទេស ត្រូវបានចាប់តម្រូវដោយច្បាប់ចិន ដើម្បី សហការជាមួយក្រុមហ៊ុនក្នុងស្រុក បើសិនចង់នាំចូល ឬ បោះទុននិយោគផលិតក្នុងស្រុក ចិន ។ អ្នកវិនិយោគ និងរដ្ឋាភិបាលបរទេសជាច្រើនបានតវ៉ាផងដែរ ពីរបាំងរដ្ឋបាល ការរំលោភកម្មសិទ្ធិបញ្ញា ការលួចផ្ទេរបច្ចេកវិទ្យា និងការរកស៊ីមិនស្មោះត្រង់ ពីសំណាក់ក្រុមហ៊ុនចិន ដែលភាគច្រើនជាក្រុមហ៊ុនរបស់រដ្ឋ ។ ក្រុមហ៊ុនGoogleវិញបានសម្រេចដើរចេញ លែងធ្វើជំនួញនៅចិន ដោយសារតែ គ្មានការការពារសិទ្ធិពីរដ្ឋាភិបាលចិន ឬក៏រងដោយផ្ទាល់ ដោយសារការតាមដានត្រួតពិនិត្យ ពីអាជ្ញាធរ ក៏ដូចជាត្រូវរងការវាយប្រហារពីចោរអ៊ីនធើណេតនៅប្រទេសចិន៕ ម៉ែវ សាធី


ចែករំលែក៖