ព័ត៌មានទាន់ហេតុការណ៍៖

អត្រាមនុស្សចាស់កើនឡើង កង្វះពលកម្ម ជប៉ុនបើកទ្វារស្វាគមន៍ពលករបរទេស

ចែករំលែក៖

កន្លងមក ថ្មីៗ គណៈរដ្ឋមន្ត្រីជប៉ុន របស់លោកស៊ីនហ្សូ អាបេ បានអនុម័ត បើកទ្វារទីផ្សារពលកម្ម ស្វាគមន៍ពលរដ្ឋបរទេស ចូលមកកាន់ប្រទេសនេះ ដើម្បី បំពេញកង្វះពលករក្នុងប្រទេសជប៉ុន ខណៈដែល ពលរដ្ឋចាស់ជរា កាន់តែកើនឡើងហើយ ទារកកើតមកតិចទៅៗ ពីមួយឆ្នាំ ទៅមួយឆ្នាំ ។

កន្លងមក ដោយសារតែកង្វះពលរដ្ឋ ទើបជប៉ុន មានការកែប្រែច្បាប់ពលកម្ម ដោយអនុញ្ញាតឲ្យពលរដ្ឋមានអាយុចាប់ពិ៦៥ឆ្នាំឡើងទៅ នៅតែអាចបន្តធ្វើការងារបាន។ រដ្ឋាភិបាលជប៉ុន បានសម្រេចដំឡើងអាយុចូលនិវត្តន៍ ដើម្បីជួយដល់ពលរដ្ឋមានវ័យពី៦៥ឆ្នាំអាចបន្តទៅធ្វើការងារបាន។

ក្រៅពីមនុស្សចាស់ច្រើន ទារកកើតមកតិច ជប៉ុន កំពុងប្រឈមនឹងបញ្ហាដ៏ធំមួយ គឺការធ្វើអត្តឃាត ក្នុងចំណោមយុវជនកើនឡើង ។ ជប៉ុនជាប្រទេសជាប់លំដាប់ពិភពលោក ពីអត្រាអ្នកធ្វើឃាត ទាំងវ័យក្មេងកើតឡើងខ្ពស់រយៈពេល៣ទសវត្សរ៍ចុងក្រោយនេះ។

ក្រសួងអប់រំជប៉ុន នៅក្នុងរបាយការណ៍របស់ខ្លួន គិតក្នុងឆ្នាំសារពើពន្ធ ២០១៦-២០១៧ រហូតដល់ខែមីនា ឆ្នាំ២០១៨ នេះ បានបញ្ជាក់ថា ប្រជាជនវ័យក្មេងជប៉ុន ២៥០នាក់ ចាប់ពីថ្នាក់បឋមរហូតដល់ថ្នាក់វិទ្យាល័យ បានផ្ដាច់ជីវិតខ្លួនឯង ខណៈចំនួននេះ មានច្រើនជាង ៥ដង បើធៀបទៅនឹងឆ្នាំ២០១៧ និងស្ថិតក្នុងអត្រាខ្ពស់បំផុតគិតចាប់តាំងពីឆ្នាំ១៩៨៦ មក។ បន្ថែមពីលើនេះ របាយការណ៍ដដែលក៏បានឲ្យដឹងដែរថា បញ្ហាគ្រួសារ ការបារម្ភពីអនាគត និងសម្ពាធនានា គឺជាមូលហេតុនៅពីក្រោយការធ្វើអត្តឃាត របស់ប្រជាជនជប៉ុនទាំងនេះ។

តែទោះជាយ៉ាងនេះក្ដី សាលារៀនជាច្រើនបានអះអាងថា មូលហេតុនៅពីក្រោយការធ្វើអត្តឃាតរបស់សិស្ស ១៤០នាក់ មិនទាន់ ត្រូវបានគេកំណត់ឲ្យច្បាស់លាស់នោះទេ ដោយសារតែពួកគេមិនបានបន្សល់ទុកកំណត់ហេតុណាមួយឡើយ ដោយគ្រាន់តែគេដឹងថា សិស្សវិទ្យាល័យ មានអត្រាធ្វើអត្តឃាតខ្ពស់ជាងគេ ក្នុងចំណោមអ្នកធ្វើអត្តឃាតទាំងអស់។

គួររំលឹកថា បើតាមអង្គការសុខភាពពិភពលោក (WHO) ជប៉ុនមានអត្រាប្រជាជនធ្វើអត្ដឃាតខ្ពស់បំផុតក្នុងឆ្នាំ២០១៥ ប៉ុន្តែ ក្រោយមានវិធានការទប់ស្កាត់ ចំនួននេះ ហាក់ដូចជាបានធ្លាក់ចុះពី ៣៤,៥០០នាក់ ក្នុងឆ្នាំ២០០៣ មកនៅត្រឹម ២១,០០០នាក់ ក្នុងឆ្នាំ២០១៧៕ ម៉ែវ សាធី


ចែករំលែក៖