ព័ត៌មានទាន់ហេតុការណ៍៖

កូរ៉េខាងជើង អាមេរិក នឹងរៀបចំជំនួបកំពូល មេដឹកនាំជាលើកទីពីរ

ចែករំលែក៖

ជំនួបកំពូល រវាងប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ នឹងមេដឹកនាំកូរ៉េខាងជើងគីម ជុងអ៊ុន ជាលើកទីពីរ ត្រូវបានគេរំពឹងថា នឹងត្រូវធ្វើឡើងនៅដើមឆ្នាំ ២០១៩ ។ នៅពេលនេះ មន្ត្រីជាន់ខ្ពស់ប្រទេសទាំងពីរ កំពុងតែពិភាក្សាទៅលើបញ្ហាសំខាន់ៗនឹងការរៀប ចំជំនួបជាលើកទីពីរ ប្រកបដោយជោគជ័យ ។

នៅពេលនេះដែរ ក្រុមមន្ត្រីជាន់ខ្ពស់កូរ៉េខាងជើង នឹងបំពេញទស្សនកិច្ចនៅទីក្រុងញូវយ៉ក នាសប្តាហ៍នេះ ខណៈរដ្ឋមន្រ្តីការបរទេសអាមេរិកលោក ម៉ៃក៍ ប៉ុមប៉េអូ (Mike Pompeo) នឹងបើកកិច្ចទទួលស្វាគមន៍មួយជាផ្លូវការ ចំពោះគណៈប្រតិភូកូរ៉េខាងជើង នៅឯទីក្រុងញូវយ៉កនាថ្ងៃព្រហស្បតិ៍ សប្តាហ៍នេះផងដែរ ។

បើតាមអ្នកនាំពាក្យក្រសួងការបរទេសអាមេរិកបានឲ្យដឹងថា លោក Pompeo នឹងទទួលជួបលោក គីម យ៉ុងចុល (Kim Yong Chol) ដែលជាអនុប្រធានគណៈកម្មាធិការមជ្ឈិមបក្សកាន់អំណាចកូរ៉េខាងជើង។ ប្រធានបទនៃកិច្ចប្រជុំដែលជាលើកទីពីររវាង លោក Pompeo និងលោក Kim Yong Chol នេះ នឹងពាក់ព័ន្ធលើវឌ្ឍនភាពជុំវិញសសរស្តម្ភទាំង ៤ នៃសេចក្តីថ្លែងការណ៍រួមក្នុងកិច្ចប្រជុំកំពូលអាមេរិក-កូរ៉េខាងជើង នៅឯប្រទេសសិង្ហបុរី។

គួរជម្រាបថា ចាប់តាំងពីជំនួបលើកដំបូងរវាងលោក ដូណាល់ ត្រាំ នឹងលោក គីម ជុងអ៊ុន នៅសិង្ហបុរី កាលពីថ្ងៃទី១២ ខែមិថុនា កិច្ចចរចារវាងសហរដ្ឋអាមេរិក នឹងកូរ៉េខាងជើង ហាក់កំពុងមានការជាប់គាំងដោយសារតែការខ្វែងគំនិតគ្នា ជុំវិញទំហំនៃការរំសាយអាវុធនុយក្លេអ៊ែរ ការដាក់ទណ្ឌកម្មរបស់អាមេរិក និងការសម្រេចថា តើគួរតែចេញសេចក្តីប្រកាសបញ្ចប់សង្រ្គាមជាផ្លូវការនៅឧបទ្វីបកូរ៉េដែរ ឬយ៉ាងណា៕ ម៉ែវ សាធី


ចែករំលែក៖