ព័ត៌មានទាន់ហេតុការណ៍៖

របួសធ្ងន់៤នាក់ ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ នៅលើកំណាត់ផ្លូវជាតិលេខ៥៥

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ យ៉ាងហោចមានមនុស្សចំនួន ៤នាក់បានរងរបួសធ្ងន់ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ដោយសារគ្រោះថ្នាក់ចរាចរណ៍ពីរករណីផ្សេងគ្នា ត្រឹមរយៈពេលកន្លះម៉ោងប៉ុណ្ណោះ រវាងអ្នកបើកបរម៉ូតូបុកអ្នកថ្មើរជើង និងអ្នកជិះម៉ូតូបុករថយន្តកែច្នៃដឹកឈើ។

ប្រភពព័ត៌មានពីមូលដ្ឋានកងរាជអាវុធហត្ថស្រុកវាលវែងបានឲ្យដឹងថា នៅវេលាម៉ោង៧ និង៣០នាទី យប់ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅលើកំណាត់ផ្លូវជាតិលេខ៥៥ ត្រង់ចំណុចអូរពងមាន់ ស្ថិតក្នុងភូមិស្ទឹងថ្មី ឃុំប្រម៉ោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង រវាងអ្នកបើកបរម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ពោធិសាត់ 1B 1346 ឈ្មោះ ភាព រ៉ា ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំកើតហេតុ(ធ្ងន់) និងអ្នករួមដំណើរឈ្មោះ ម៉ៅ ចិន ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន ស្នាក់នៅភូមិ.ឃុំជាមួយគ្នា(ធ្ងន់) ធ្វើដំណើរក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានកៀរមនុស្សកំពុងដើរលើចិញ្ចើមថ្នល់ឈ្មោះ ជុំ ម៉ាង ៤១ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិ.រស់នៅភូមិ.ឃុំកើតហេតុ បណ្ដាលឲ្យដួលបោករងរបួសបែបនេះតែម្តង។

ប្រភពព័ត៌មានខាងលើបន្តថា លុះកន្លះម៉ោងក្រោយមានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងម្ដងទៀត ត្រង់ចំណុចតាំងយ៉ ស្ថិតក្នុងភូមិ.ឃុំដដែលខាងលើ ដោយអ្នកជិះម៉ូតូម៉ាក អេសធីអរ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1AR 8596 ឈ្មោះ ថន តុលា ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន យោធាវរការពារព្រំដែន(ថ្មដា)(ធ្ងន់) ដែលគេឃើញធ្វើចរាចរណ៍ក្នុងទិសដៅពីកើតឆ្ពោះទៅទិសខាងលិច លុះមកដល់ចំណុចកើតហេតុបានបុកគូថរថយន្តកែច្នៃដឹកឈើពេញទំហឹង អ្នកបើកបររថយន្តកែច្នៃឃើញហេតុការណ៍បែបមិនល្អរត់គេចបាត់។

ប្រភពដដែលបន្តទៀតថា ភ្លាមៗសមត្ថកិច្ចជួយអន្តរាគមន៍បញ្ជូនទៅសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ ចំណែកវត្ថុតាងរថយន្តកែច្នៃ និងម៉ូតូសមត្ថកិច្ចនគរបាលផ្នែកសណ្ដាប់ធ្នាប់ នៃអធិការដ្ឋាននគរស្រុកវាលវែង យកទៅរក្សាទុកជាបណ្ដោះអាសន្ន រង់ចាំវាស់វែង និងដោះស្រាយគ្នាតាមនីតិវិធី៕ ប៉ឹម ពិន


ចែករំលែក៖