ភ្នំពេញ៖ ជនសង្ស័យ២នាក់ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ព្រែកឯង ចាប់ខ្លួននៅចំនុចមុខផ្ទះគ្មានលេខ ផ្លូវបេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ កាលពីថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ម៉ោង២៣និង០០នាទី ពាក់ព័ន្ធករណីឆក់ទូរស័ព្ទដៃម៉ាកIphonXពីជនរងគ្រោះ នៅគ្រាដែលជនរងគ្រោះកំពុងតែជិះម៉ូតូចេញពីខារ៉ាអូខេហើយនិយាយទូរស័ព្ទ ។
ជនសង្ស័យទាំង២នាក់ ឈ្មោះងួន មករា ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ និងម្នាក់ទៀតឈ្មោះអុល សុខា ភេទប្រុស អាយុ ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ ជនសង្ស័យទាំង២នាក់ ស្នាក់នៅភូមិព្រែកធំ១ សង្កាត់ ក្បាលកោះ ខណ្ឌច្បារអំពៅ។ ចំណែកជនរងគ្រោះឈ្មោះទឹម សារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ អង្គរក្ស ស្នាក់នៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។
ប្រភពព័ត៌មានពីនគរបាលមូលដ្ឋានបានឲ្យដឹងថា នៅយប់កើតហេតុជនរងគ្រោះជិះម៉ូតូចេញពីច្រៀងខារ៉ាអូខេយីហោ តារាកែបថ្មី ពេលមកដល់មុខផ្ទះគ្មានលេខ ផ្លូវ បេតុង ភូមិតាព្រហ្ម សង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ជនរងគ្រោះក៏លើកទូរស័ព្ទម៉ាក iPhoneX ពណ៌ស មកនិយាយ ស្រាប់តែមានជនសង្ស័យ០២នាក់ ឈ្មោះ ងួន មករា និងឈ្មោះ អុល សុខា ជិះម៉ូតូម៉ាក Honda Scopy ពណ៌ស ស្លាកលេខ ភ្នំពេញ ១DD-១៧៣៦ មកពីក្រោយអែបខាង ឆ្វេង រួចជនសង្ស័យឈ្មោះ អុល សុខា ដែលអង្គុយខាងក្រោយឆក់ទូរស័ព្ទពីដៃជនរងគ្រោះបានសម្រេចជិះគេចខ្លួន ពេលនោះជនរងគ្រោះស្រែកចោរៗ ស្របពេលនោះក៏មានសមត្ថកិច្ចល្បាតក្នុងមូលដ្ឋាន ជួយដេញតាមឃាត់ខ្លួនបានជនសង្ស័យទាំង២នាក់ រួមនឹងវត្ថុតាងបញ្ជូនមកអធិការដ្ឋាន នគរបាលខណ្ឌច្បារអំពៅ ចាត់ការតាមច្បាប់។
បច្ចុប្បន្នជនសង្ស័យទាំង២នាក់ត្រូវបានឃុំខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលខណ្ឌដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការ ៕ សណ្តោស