ព័ត៌មានទាន់ហេតុការណ៍៖

រឿង កូនក្រក ប្រកាសចាក់បញ្ចាំងជាមួយក្តីរំពឹងខ្ពស់

ចែករំលែក៖

ភ្នំពេញ៖ ភាពយន្តខ្នាតធំថ្មីរបស់ផលិតកម្ម LD Picture គឺរឿង កូនក្រក ដែលកំពុងទទួលបានការចាប់អារម្មណ៍ខ្លាំងនោះបានប្រកាសចាក់បញ្ចាំងហើយ ។ ទាំងផលិតករ និងសិល្បករបានដាក់ក្តៅរំពឹងខ្ពស់ចំពោះស្នាដៃថ្មីនេះថានឹងទទួលបានការគាំទ្រច្រើនចាប់ពីថ្ងៃចាក់បញ្ចាំងលើកដំបូងចាប់ពីថ្ងៃទី០៩ ខែវិច្ឆិកា នេះតទៅ ។

ការប្រកាសសម្ពោធចាក់បញ្ចាំងនេះត្រូវបានធ្វើឡើងកាលពីរាត្រីថ្ងៃទី០៧ ខែវិច្ឆិកា នៅរោងភាពយន្ត Major Cineplex By Smart នាផ្សារទំនើបអ៊ីអនទី១ ក្រោមវត្តមានមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ផលិតករ សិល្បករជាច្រើនចូលរួម ។

តារាកំប្លែង និងជាអ្នកដឹកនាំសម្តែង និងនិពន្ធរឿង កូនក្រក នាយ ពែកមី បានបញ្ជាក់ថា ជាភាពយន្តសម្រិតសម្រាំងដែលសូម្បីតែតួក៏ត្រូវជ្រើសរើសឲ្យត្រូវទៅនឹងសាច់រឿងដែរគឺតួប្រុសដែលមានទម្រង់មុខកាច ។ លោកថា សាច់រឿងគឺមានការជាប់ទាក់ទងនឹងអបិយជំនឿរបស់ខ្មែរទាក់ទងនឹងកូនក្រកដែលប្រើប្រាស់ជីវិតកូន និងប្រពន្ធដើម្បីបំពេញមហិចតាខ្លួនឯង ។

លោកថា ទាក់ទងនឹងការប្រើប្រាស់កូនក្រកគឺមេចោរចាប់ជំរិតក្នុងអំឡុងទសវត្សរិ៍ទី៩០ ឈ្មោះអារ៉ាស្មាច់ មានឈ្មោះល្បីល្បាញខ្លាំងនឹងការប្រើនកូនក្រកនេះ ប៉ុន្តែ លោកបដិសេធដែរថា រឿងនេះមិនមែនជារឿងពិតរបស់មេចោរចាប់ជំរិតរូបនេះនោះទេ ។

ចាងហ្វាងផលិតកម្ម LD Picture លោក លៀក លីដា បានលើកឡើងថា រឿង «កូនក្រក» គឺជាស្នាដៃសម្រិតសម្រាំងមួយរបស់ផលិតកម្ម សម្រាប់ជាចំណីអារម្មណ៍ របស់អ្នកទស្សនានាចុងឆ្នាំ២០១៨នេះ ។ អ្វីដែលពិសេសស្នាដៃនេះ គឺផ្ដោតសំខាន់លើជំនឿលើកូនក្រក ដែលប្រជាជនខ្មែរ តែងមានជំនឿខ្លាំងនាពេលកន្លងមក ។

លោក លៀក លីដា បង្ហាញពីការរំពឹងទុកថា ស្នាដៃថ្មីរបស់ផលិតកម្ម LD Picture មួយនេះ ពិតជាទាក់ទាញខ្លាំងសម្រាប់អ្នកទស្សនា ព្រោះមិនត្រឹមតែបង្ហាញពីការជំនឿលើកូនក្រកប៉ុណ្ណោះទេ គឺថែមទាំងមានឈុតឆាកជាច្រើនទៀត ប្រជុំដោយតារាល្បីៗចូលរួមសម្ដែង ។

លោកបន្តថា រយៈពេល៥ខែកន្លងទៅរឿងខ្មែរស្ទើរ៩០ភាគរយជារឿងខ្មោច ដោយឡែករឿង «កូនក្រក» ជារសជាតិថ្មីខុសពីគេព្រោះជារឿងឃាតកម្មដូចនេះយើង គិតថា ទស្សនិកជននឹងចូលមកគាំទ្រ ៕ វឌ្ឍនា


ចែករំលែក៖