ភ្នំពេញ៖ តារាសម្តែងស្រីអ្នកនាង សឿន ផានផាភួង ត្រូវបានមិត្តរួមអាជីពរៀបចំពិធីខួបកំណើតឥតព្រាងទុកមួយ ។ ដោយក្តីរំភើប តារាស្រីរូបនេះបានស្រសក់ទឹកភ្នែក ព្រោះតែពួកគេធ្វើរឿងមិននឹកស្មានដល់ទាំងនេះ ។
មិនទាន់ដល់ថ្ងៃខួបកំណើតផងតារាសម្តែងសឿន ផានផាភួង ទទួលបានការស្វាគមន៍ និងរៀបចំកម្មវិធីខួបកំណើតជាបន្តបន្ទាប់ ។ កាលពីរាត្រីថ្ងៃទី០៧ខែវិច្ឆិកានេះមិត្តជិតដិត និងក្រុមការងារផលិតកម្មPR Productionបានរៀបចំពិធីខួបកំណើតឲ្យនាងយ៉ាងស្ងាត់កំបាំង ។
តារាស្រីរូបនេះបញ្ជាក់ថា ឆ្នាំនេះនាងមិនមានគម្រោងរៀបចំកម្មវិធីខួបកំណើតទ្រង់ទ្រាយធំអីទេ ។
នាងថា រវល់ច្រើនមួយរយៈចុងក្រោយនេះ គឺថតបន្តបន្ទាប់គ្នាពិសេសនាងត្រូវចេញទៅថតនៅសៀមរាបជាច្រើនថ្ងៃ ប៉ុន្តែដោយសារមិត្តភ័ក្កិរួមអាជីពមានកញ្ញា ដានីអារីយ៉ា លោក សេង រតនៈ និងក្រុមការងារផលិតកគាត់ហៅមកជួបជុំគ្នាជប់លៀងទើបនាងសម្រេចចិត្តធ្វើដំណើរពីខេត្តសៀមរាបមកចូលរួមដែលមកដល់ភ្ញាក់ផ្អើលព្រោះតែពួកគាត់រៀបចំជប់លៀងខួបកំណើតតូចមួយរហូតឲ្យនាងស្រក់ទឹកភ្នែក ។ ស្រក់ទឹកភ្នែក ព្រោះតែក្តីរំភើប បើទោះបីជាកម្មវិធីតូចក្តី ព្រោះក្តីស្រលាញ់របស់ល្អៗទាំងអស់ ។
នាងបញ្ជាក់ដែរថា ខួបកំណើតនាងនៅថ្ងៃទី១៧ ខែវិច្ឆិកាឯណោះទេ ហើយឆ្នាំនេះ នាងមានវ័យចូល៣១ឆ្នាំហើយ ហើយក៏គ្មានគម្រោងធ្វើកម្មវិធីអ្វីដែរ ព្រោះគិតថា មិនចង់រំខានអ្នកសិល្បៈ និងមិត្តរួមការងារដទៃ ។
សម្រាប់ឆ្នាំនេះ នាងនៅតែទទួលបានការងារកាន់តែច្រើន ហើយអ្វីដែលនាងប្រាថ្នា សម្រាប់ថ្ងៃខាងមុខគឺក្រៅពីការងាររីកចម្រើន សង្ឃឹមថា នឹងមានសុភមង្គលក្នុងជីវិត និងមើលឃើញមនុស្សនៅជុំវិញខ្លួនមានសេចក្តីសុខ ៕ វឌ្ឍនា