ភ្នំពេញ៖ បង្កើតការចាប់អារម្មណ៍ជាថ្មីពីអ្នកគាំទ្រក្រោយពីបទចម្រៀងថ្មី អារីកាតូ បែបស្ទីលជនជាតិជប៉ុន ទើបនឹងបញ្ចេញក្តៅកាលពីរាត្រីថ្ងៃទី៧ ខែវិច្ឆិកានេះ ។ ចាប់អារម្មណ៍ ព្រោះតែ ទំនុកច្រៀងបែបកំប្លែង ចង្វាក់ភ្លេងញាក់កន្ត្រាក់អារម្មណ៍ និងការតុបតែងខ្លួនបែបជនជាតិជប៉ុននោះ ។
ឆ្លើយឆ្លងតាមការសារអេឡិតត្រូនិច យូរីរបញ្ជាក់ថា ស្ទីលបែបជនជាតិជប៉ុននេះ គឺជាប្រភេទបទថ្មី រសជាតិថ្មី សម្រាប់អ្នកគាំទ្រ ហើយបទនេះនឹងកាន់តែធ្វើឲ្យកាន់តែបង្កើនភាពសម្បូរបែបនៃបទចម្រៀងរបស់នាងបន្ទាប់ពីបទ ស្វាបាប៊ូ និងបទ Crazy ចុងក្រោយរបស់នាងដែលទើបនឹងបញ្ចេញកាលពីខែមុននេះ ។ តារាស្រីរូបនេះបញ្ជាក់ថា ការបង្កើតស្ទីលថ្មីគឺមិនចង់ឲ្យអ្នកគាំទ្រធុញទ្រាន់ ហើយក៏ជាបទសម្រាប់ត្រៀមស្វាគមន៍រដូវក្តៅនេះផងដែរ ។ នាងនៅតែរំពឹងដែរថា បទចម្រៀងថ្មីៗចុងក្រោយរបស់ នាងនឹងនៅតែជាទីចាប់អារម្មណ៍របស់អ្នកគាំទ្រ ហើយនាង និងក្រុមការងារនឹងនៅតែបន្តស្វែងរកអ្វីដែលថ្មីប្លែកសម្រាប់ទស្សនិកនៅពេលខាងមុខនេះ ។
គួរបញ្ជាក់ដែរថា ឈរជើងនៅផលិតកម្មសាន់ដេ តារាចម្រៀងយូរី គឺជាតារាចម្រៀងក្នុងលំដាប់ជួរមុខដែលមានស្នាដៃបទចម្រៀងសម្បូរបែប ពិសេសបទបែបញាក់កន្ត្រាក់អារម្មណ៍ជាច្រើន ។ នាងកាន់តែមានហុងស៊ុយខ្ពស់ក្រោយពីចាប់ដៃគូច្រៀងរាំជាមួយតារាចម្រៀង អ្នកនិពន្ធ និងផលិតករ លោក BMO ៕ ដោយ វឌ្ឍនា