ព័ត៌មានទាន់ហេតុការណ៍៖

ស្រវឹងស្រាដូចគ្នា បង្កទំនាស់ពាក្យសម្តី ត្រូវមួយកាំបិតខ្វែវរបួសក្បាលធ្ងន់ធ្ងរ

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នគរស្រុកចំការលើបានចាប់ខ្លួនបុរសម្នាក់តាមបញ្ជាលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមចាត់ការតាមច្បាប់ បន្ទាប់ពីបុរសរូបនេះបានប្រើកាំបិតខ្វែវកាប់ប្រហារលើជនរងគ្រោះ កាលពីវេលាម៉ោង១៨និង៤០នាទី ថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៨ម្សិលមិញ នៅត្រង់ចំណុចភូមិនាងលើង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ។

នគរបាលឲ្យដឹងថា ជនរងគ្រោះឈ្មោះ សឿន ឆុន ហៅណក់ ភេទប្រុស អាយុ២៥ឆ្នាំជាតិខ្មែរ មុខរបរកសិករ ។ ចំណែកជនសង្ស័យឈ្មោះ តាន់ គីន ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មករ ។ អ្នកទាំង២នាក់មានទីលំនៅភូមិនាងលើង ឃុំតាប្រុក ស្រុកចំការលើ ។ នគរបាលបន្តថា ជនរងគ្រោះបានរងរបួសក្បាល ផ្នែកខាង ឆ្វេងមួយកន្លែង និងរបួសលើស្មានខាងស្តាំមួយកន្លែង។

ប្រភពព័ត៌មានឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះបានអង្គុយផឹកស្រានៅផ្ទះអ្នកជិតខាង ខណៈជនសង្ស័យមានស្ថានភាព ស្រវឹងស្រាដើរមកពីចំងាយក៏ស្រែកជេរម្រាយ ធ្វើអោយជនរងគ្រោះខឹងក៏ស្ទុះរត់មកវាយ ពេលនោះជនសង្ស័យបានយកកាំបិតខ្វែវកាប់មកលើជនរងគ្រោះបណ្តាលឲ្យរងរបួស ហើយត្រូវបានក្រុមគ្រួសារដឹកបញ្ជូនមកព្យាបាលនៅមន្ទីពេទ្យបង្អែកចំការលើ តែដោយសារអាការធ្ងន់ពេក រួចបញ្ជូនបន្តទៅមន្ទីពេទ្យបង្អែកខេត្តកំពង់ចាមរហូតបន្តទៅព្យាបាលនៅមន្ទីពេទ្យរាជធានីភ្នំពេញ។

សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដោយសារស្រវឹងស្រា បង្កឲ្យមានទំនាក់ពាក្យសំដី។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ តាន់ គីម ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរស្រុកចំការលើ តាមបញ្ជាលោក ហួត វុទ្ធី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ចាមដើម្បីកសាងសំណុំរឿងតាមនិតិវិធី ៕ វណ្ណៈ


ចែករំលែក៖