ភ្នំពេញ៖ បុរសវ័យ៣៧ឆ្នាំម្នាក់ ត្រូវបានអ្នករត់ហាត់ប្រាណ តាមផ្លូវ ប្រទះឃើញសពចង់កសម្លាប់ខ្លួន ជាប់បង្កាន់ដៃលូ បង្កការភ្ញាក់ផ្អើលទាំងព្រឹក ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៤ទៀបភ្លឺ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ត្រង់ចំណុចបង្កាន់ដៃមាត់លូមួយកន្លែង នៅតាមបណ្ដោយផ្លូវបុរីអង្គរ ក្នុងភូមិពោងពាយ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ។
សពបុសខាងលើមានឈ្មោះលឹម ងន អាយុ៣៧ឆ្នាំ ស្នាក់នៅផ្ទះលេខ២៧ ផ្លូវ៩០០ ភូមិទួលសង្កែ សង្កាត់ទួលទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
តាមប្រភពពីសមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី២ឲ្យដឹងថា នៅមុនពេលកើតហេតុ ប្រជាពលរដ្ឋហាត់ប្រាណបានប្រទះឃើញ ក៏ប្រាប់ទៅសន្តិសុខយាមកាំកូស៊ីធី ពេលសន្តិសុខទៅដល់កន្លែងកើតហេតុ ក៏បានរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យចុះទៅពិនិត្យ។
តាមប្រភពព័ត៌មានពីក្រុមគ្រួសារសពឲ្យដឹងថា នៅមុនពេលកើតហេតុ ជនរងគ្រោះចេះតែរវើរវាយនិយាយត្រឡប់ត្រឡិនបួនទៅប្រាំថ្ងៃហើយ នៅយប់ថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៨ បន្ទាប់ពីត្រឡប់មកពីមន្ទីរពេទ្យវិញ បានទៅស្នាក់នៅជាមួយប្អូនជីដូនមួយនៅម្តុំខាំកូសុីធី ហើយបានដើរចេញពីបន្ទប់ប្អូនជីដូនមួយបាត់ ស្រាប់តែព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ ក៏ទទួលដំណឹងថា មានគេប្រទះឃើញសពតែម្តង ។
សមត្ថកិច្ចមូលដ្ឋានទាក់ទងសមត្ថកិច្ចជំនាញឲ្យចុះធ្វើកោសល្យវិច័យ ហើយសន្និដ្ឋានថាសពពិតជាស្លាប់ដោយសារចងក នឹងខ្សែក្រវាត់ប្រាកដមែន និងបានប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីនៅវត្តទួលសន្តិវ័ន្ត សង្កាត់គីឡូម៉ែត្រលេខ៦ ៕ អរុណរះ