ភ្នំពេញ៖ ដោយមានការឯកភាព ជាគោលការណ៍ ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ ២០១៨ បានចេញដំណើរទៅចូលរួម វេទិកា សេដ្ឋកិច្ចពិភពចិន (World Chinese Economic Forum) ហៅកាត់ថា WCEF ជាវេទិកាលើកទី ១០ ដែលប្រារព្ធធ្វើនៅទីកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ TUN Dr. Mahathir Mohamad នាយករដ្ឋមន្ត្រី ប្រទេសម៉ាឡេស៊ី ចាប់ពីថ្ងៃទី ៨-១១ វិច្ឆិកា ២០១៨។ តាមការបញ្ជាក់ពីលោកទេសរដ្ឋមន្រ្តី បានអោយដឹងថា៖ វេទិកានេះ នឹងមានវាគ្មិន សំខាន់ៗ ជា សមាជិកអញ្ជើញចូលរួម ៦០០នាក់ មកពី ១៦ ប្រទេស និងមានការអញ្ជើញចូលរួមពី លោក H.E Shaukat Aziz អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន និងបណ្តាថ្នាក់ដឹកនាំ ក្រសួង, ស្ថាប័ន, ប្រធានក្រុមហ៊ុនធំៗ ធុរជន សភាពាណិជ្ជកម្ម មកពី ប្រទេសអូស្រ្តាលី, ចិន , កាតា , រុស្សី, សហ រដ្ឋអាមេរិក, អង់គ្លេស, កម្ពុជា, កូរ៉េរ៉ូម៉ានី, ប៉ាគីស្ថាន, តួកគី, អីតាលី, អាហ្វកានីស្ថាន, កាសាក់ស្ថាន , ម៉ាឡេស៊ី , សឹង្ហបុរី, ថៃ ។
លោកបន្តថា WCEF រយៈពេល ២ ថ្ងៃ ផ្តោតសំខាន់នូវស្ថានភាពទូទៅលើការអភិវឌ្ឍ វិស័យហិរញ្ញវត្ថុ ធនាគារ សិក្សាធិការ , បច្ចេកវិទ្យា , ទេសចរណ៍ ការវិនិយោគសេដ្ឋកិច្ចបែបទំនើប , សុខាភិបាល និង វិស័យពាណិជ្ជកម្ម ពណ៌បៃតងជាដើម។
តាមការបញ្ជាក់ ឲ្យដឹងពីលោក អូស្មាន ហាស្សាន់ ថា ៖ ក្រោយបញ្ចប់បេសកកម្មខាងលើ នៅចុងឆ្នាំ២០១៨ នេះ លោកនឹងបន្តដឹកនាំគណៈប្រតិភូ កម្ពុជាទៅចូលរួមក្នុងវេទិកាសំខាន់ៗតាមបណ្តាប្រទេសផ្សេងៗទៀត ចាប់ ពីថ្ងៃទី១៦-១៨ វិច្ឆិកា លោកនិងគណៈប្រតិភូ បន្ដទៅសិង្ហបុរី ពីថ្ងៃទី ៧-៩ ខែធ្នូ នៅឥណ្ឌូណេស៊ី ពីថ្ងៃទី ១២-១៤ ខែធ្នូ នៅអារ៉ាប៊ីសាអូឌីត ពីថ្ងៃទី ២៤-១៦ ខែធ្នូ នៅប្រទេសប្រុយណេ និងដារ៉ូសាឡឹម ៕ សំរិត