ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តពាក់ស្លាកលេខវៀតណាម បុកកម្មករកំពុងជិះម៉ូតូស្លាប់ និងរងរបួសធ្ងន់

ចែករំលែក៖

ខេត្តស្វាយរៀង៖ ស្ត្រីម្នាក់ស្លាប់ម្នាក់ទៀតរងរបួសធ្ងន់ ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍គួរឲ្យរន្ធត់ ខណៈកំពុងជិះម៉ូតូត្រូវរថយន្តរបស់វៀតណាម បើកមិនប្រកាន់ស្ដាំទិសដៅច្រាស់គ្នាបុកពេញទំហឹង បង្កការភ្ញាក់ផ្អើលដល់កម្មករចេញពីរោងចក្រចោមរោមមើលនិងរាយការណ៍មកសមត្ថកិច្ចភ្លាមៗ ។

ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៥និង១៥ នាទីល្ងាច នៅលើផ្លូវជាតិលេខ០១ ត្រង់ចំណុចគីឡូម៉ែត្រលេខ១៥៧>១៥៨ ស្ថិតក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ស្ត្រីរងគ្រោះ ដែលស្លាប់មានឈ្មោះ ត្រូវ​ ចន្ធូ អាយុ១៩ ឆ្នាំ មុខរបរកម្មការិនីរោងចក្រ និងរងរបួសធ្ងន់មានឈ្មោះ ត្រូវ​​ ធីនី អាយុ ៣៥ ឆ្នាំ មុខរបរកម្មកររោងចក្រ​ មានទីលំនៅភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ខណៈជិះម៉ូតូម៉ាកស៊ុយសូគីស្មាក់រីវ៉ូ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1AJ-2276 ។

ចំណែកអ្នកបើករថយន្តបង្កហេតុមិនត្រូវបានស្គាល់ឈ្មោះនោះទេ ក្រោយឃើញសភាពការណ៍មិនស្រួលរត់គេចខ្លួនបន្សល់តែរថយន្ត០១គ្រឿង​ម៉ាក TRANSIT ប្រភេទទេសចរណ៍ ( ១៦ កៅអី ) ពណ៌ស ស្លាកលេខ​​51B -24589 នៅនឹងកន្លែង ។

បើតាមសាក្សីបានឲ្យដឹងថា មុនកើតហេតុ រថយន្តTRANSIT ធ្វើដំណើរពីលិចទៅកើតមិនប្រកាន់ស្ដាំ បានបុកម៉ូតូ ជិះគ្នា២នាក់ច្រាស់ទិសគ្នាបណ្តាលឲ្យស្លាប់ និងរងរបួសធ្ងន់ ។

ក្រោយវាស់វែង និងពិនិត្យរួចរាល់ សមត្ថកិច្ចបានប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ខណៈអ្នករងរបួសធ្ងន់បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ។

រីឯវត្ថុតាងយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ៕ យឹម​សុថាន


ចែករំលែក៖