ព័ត៌មានទាន់ហេតុការណ៍៖

មេគយ ឡេង សុខ មានចេតនាទុច្ចរិតក្នុងការគៃបន្លំចំណូលពន្ធ ឃុបឃិតឲ្យឈ្មួញ នាំចូលទំនិញគេចពន្ធ ខុសច្បាប់ ប្រចាំច្រកអន្តរជាតិដូង ដ៏គំហុក

ចែករំលែក៖

ខេត្តបាត់ដំបង ៖ លោកប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង អាចមិនទាន់ទទួលព័ត៌មានពាក់ព័ន្ធ ទៅនិងក្រុមឈ្មួញរកស៊ី ដឹកជញ្ជូនទំនិញស្របច្បាប់ ដែលរងការកៀបសង្កត់ ពីមន្ត្រីជំនាញគយក្រោមឱវាទ ហើយមានភាពធូរលុងជាមួយឈ្មួញនាំចូលទំនិញគេចពន្ធនោះទេ…?

គេបានលួចបង្ហើបឲ្យដឹងថា៖ បច្ចុប្បន្ននេះ លោក ឡេង សុខ ដែលមានតួនាទី ជាអនុប្រធាន ការិយាល័យ គយនិងរដ្ឋាករ ប្រចាំច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង បានក្លាយជាមេគយមុខលុយ ដ៏មានអំណាចបំផុត ក្នុងការគៃបន្លំ លួចបំបាត់ ចំណូលពន្ធ ឃុបឃិតឲ្យ ឈ្មួញធំៗ នាំចូលទំនិញ បង់ពន្ធមិនគ្រប់ និងមានលួចបង្កប់ ទំនិញខុសច្បាប់ ដោយអនាធិបតេយ្យ ធ្វើឲ្យខាតបង់ ចំណូលពន្ធ រាប់ម៉ឺនដុល្លារ ជារៀងរាល់ខែ អនុវត្តផ្ទុយពីការណែនាំពីលោក ប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ក៏ដូចគោលការណ៍ លោកបណ្ឌិត ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ កម្ពុជា និងក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុនេះជាដើម ។

មន្ត្រីគយមានរម្លឹកថា៖ លោកប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង មានវិធានច្បាស់លាស់ ពង្រឹងដល់ការងារប្រមូលពន្ធដល់អស់លោកមេគយតាម ស្នាក់ការ នៃការិយាល័យគយ និងរដ្ឋាករ ច្រកទ្វារអន្តរជាតិ ជំនាញនៅសាខា ទប់ស្កាត់ទំនិញគេចពន្ធ សហការជាមួយស្ថាប័នផ្សេងៗ ដើម្បីប្រមូលពន្ធចូលរដ្ឋ ស្របតាមផែនការ ប៉ុន្តែមានមន្ត្រីខ្លះ មានចរិកត្រីងៀតឆ្លៀតពង បន្លំ បន្លាចឈ្មួញ កេងរកផលប្រយោជន៍សម្រាប់បុគ្គលខ្លួនឯង និងបក្ខពួក ។ ចំណុចនេះហើយទើបមានមន្ត្រីគយខ្លះលួចធ្លោយថា៖ បើលោកប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង ស្រឡាញ់អ្នកណាកាន់តែខ្លាំង គួរដាក់ភាពសង្ស័យអ្នកនោះឲ្យបានកាន់តែច្រើននិងខ្ពស់បំផុត ចៀសវាងពួកគេគៃបំបាត់ពន្ធរដ្ឋ ហើយជះឥទ្ធិពលដ៏អាក្រក់ប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូរ ដែលលោកប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង តែងដឹកនាំប្រកបដោយភាពទទួលខុសត្រូវនោះ ។

ករណីភាពមិនប្រក្រតី ពាក់ព័ន្ធនិងអំពើពុករលួយ របស់លោក លោក ឡេង សុខ ដែលមានតួនាទី ជាអនុប្រធាន ការិយាល័យ គយនិងរដ្ឋាករ ប្រចាំច្រកអន្តរជាតិដូង ក្នុងស្រុកកំរៀង គឺមានក្រុមឈ្មួញ បានលួចខ្សឹបឲ្យដឹងល្ហៀងៗថា៖ លោក ឡេង សុខ បានបម្រើការងារ នៅច្រកដូង មិនតិចជាង ២០ឆ្នាំនោះទេ អត់ដែលឃើញ ប្តូរទៅណាសោះ ហើយមេគយ ប្រចាំច្រកនេះ សឹងគ្រប់ជំនាន់ ត្រូវបានលោក ឡេង សុខ មានជំនាញពឹសពុលរបៀបយុទ្ធសាស្ត្រ«ស្ងោរសាច់ឲ្យផុយ តែមិនឲ្យក្តៅទឹក» ឈានដល់ ខ្លាចរអា ភ័យ បង្ខំចិត្តចំណាយ តាមការតម្រូវ ចែចូវសុំបង់លុយ ប្រចាំខែ មិនឲ្យទើសចិត្តជូនលោក ឡេង សុខ ។

មន្ត្រីបន្តថា៖ វប្បធម៌ដ៏អាក្រក់នេះ គឺមានន័យថា៖ លោក ឡេង សុខ គោរពតែ ប្រធានការិយាល័យ ដើម្បីទទួលបាននូវចំហាយអំណាច យកមកកៀបជំរឹត ប្រមូលលុយ ពីក្រុមឈ្មួញ និងអ្នករកស៊ី ដឹកទំនិញ តាមគ្រប់រូបភាព ទាំងលុយចំណូលពន្ធ និងលុយខ្មៅ យកទៅច្រកហោប៉ៅ ធ្វើមានធ្វើបាន តែម្នាក់ឯង ដ៏សុខសាន្តទាំងសង្គមស្អប់ខ្ពើម របៀបដឹកនាំពុករលួយនេះ ។

ពីប្រភពអាចយកជាការបានឲ្យដឹងទៀតថា៖ បច្ចុប្បន្ននេះ លោក ឡេង សុខ មានតួនាទី ជាអនុប្រធាន ការិយាល័យ ក៏ពិតមែន តែគាត់មានឥទ្ធិពល កាន់សុទ្ធតែកន្លែង កើបប្រមូលលុយ ដូចជា តួនាទីជា ប្រធានស្តីទី ( ព្រោះប្រធាន ការិយាល័យ មិនសូវទៅធ្វើការងារ ) ប្រធានគយ ប្រចាំច្រកដូង ប្រធានគណនេយ្យ ប្រធានផែស្ងួត ។ គ្រប់ការ ដឹកជញ្ជូនទំនិញ ដែលត្រូវ ទូទាត់លុយ ស្រេចតែលោក ឡេង សុខ ជាអ្នកចាត់ចែង ទាំងលុយបង់ពន្ធ និងលុយខ្មៅ ។ និយាយរួមកំណត់លើការសម្រេចតាមបបូរមាត់ ហើយឈ្មួញជាច្រើន ដូចជាចែឆេង គាធី អេកធី និងមានដល់ទៅ ៥-៦ ក្រុមហ៊ុនទៀត ដែលស្គាល់ជិតដិត ជាមួយលោក ឡេង សុខ អាចនាំចូលទំនិញ ដោយបង់ពន្ធ ប្រហែល ៤០ភាគរយ សល់ប៉ុន្មាន បង់ចូល ហោប៉ៅ លោក ឡេង សុខ ឬគ្រាន់តែជួយរកចំណូលបង់ឲ្យ បានគ្រប់ផែនការប្រចាំខែ ប្រចាំត្រីមាស និងអនុញ្ញាតឲ្យនាំចូលទំនិញគេច ដោយមិនគិតពីខុសម៉ោងរដ្ឋបាលជាដើម ។

គេបានលម្អិតថា៖ ទំនិញដែលឈ្មួញធំៗ លួចនាំចូល តាមច្រកដូង មានដូចជាភេសជ្ជៈ គោជល់ បាកាស់ គ្រឿងបន្លាស់ រថយន្តកាត់ត សាច់មាន់ ខូចគុណភាព មួយរថយន្ត ២០ទៅ ៣០តោន រួមទាំងទំនិញបង្កប់ មានដូចជា គ្រឿងអេឡិចត្រូនិច និងម៉ាស៊ីនត្រជាក់ ជាដើម ដោយបង់ពន្ធ ចូលរដ្ឋ តិចតួចបំផុត រកគិតជា ចំនួនភាគរយ សឹងមិនបានផង ។ លោក ឡេង សុខ ក្តោបមុខសញ្ញា ក្រុមឈ្មួញ នៅច្រកដូង ច្បាស់ដូចថ្ងៃរះ ដោយគាត់រឹតបន្តឹង លើការប្រមូលពន្ធ ពីឈ្មួញតូចតាច ដើម្បីបង្គ្រប់ ផែនការប្រមូលពន្ធ ហើយនៅសល់ពីនោះ គាត់ព្រលែងឲ្យឈ្មួញ នាំចូលទំនិញ ខុសច្បាប់ និងបង់ពន្ធមិនគ្រប់ ដោយអនាធិបតេយ្យ មិនខ្វល់ពីការ ប្រមូល ចំណូលបន្ថែម អ្វីឡើយ ។

មានការបញ្ជាក់ បន្ថែមផងដែរថា ឈ្មួញអាច នាំចូលទំនិញ ខុសច្បាប់ ដូចជាគ្រឿងបន្លាស់ រថយន្តសម្រាប់ កាត់ត និងគ្រឿងអេឡិចត្រូនិច តាមច្រកដូង យ៉ាងងាយស្រួល ព្រោះច្រកនេះ គ្មានម៉ាស៊ីន សម្រាប់ស្កែន ។ ដូចជាករណី ផែស្ងួត លីគា ដែលទើប បើកដំណើរការ បានជាង ២ខែ គឺរថយន្ត ដឹកទំនិញ បានត្រឹមតែ ចូលទៅចុះបញ្ជី ឈ្មោះក្បាលឡាន ដើម្បីបង់លុយ ព្រោះលោក ឡេង សុខ ចូលចិត្តឲ្យឈ្មួញ បង់ពន្ធ តាមរបៀបម៉ៅការ មិនដែលបាន ត្រួតពិនិត្យ និងវាយតម្លៃពន្ធ ឲ្យបានស៊ីជម្រៅ ដើម្បីប្រមូលពន្ធ ឲ្យបានត្រឹមត្រូវ តាមគោលការណ៍ ណែនាំ របស់អគ្គនាយកដ្ឋាន គយនិងរដ្ឋាករ ម្តងណាឡើយ ។

ទោះបីលេចឮដំណឹងដ៏រសើបនៃអំពើពុករលួយច្រកដូងនេះក៏ដោយ ក៏អង្គភាព«នគរវត្ត» មិនអាចទាក់ទងសុំការបំភ្លឺបានទេ ពីលោក ឡេង សុខ អនុប្រធានការិយាល័យគយ និងរដ្ឋាករ ច្រកអន្តរជាតិដូង បានទេនៅរសៀលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។ ដោយឡែកលោកប្រធានសាខាគយ និងរដ្ឋាករ ខេត្តបាត់ដំបង កន្លងមកបានពង្រឹងលើការងារប្រមូលពន្ធ ទប់ស្កាត់ទំនិញគេចពន្ធ ប្រកបដោយស្មារតីទទួលខុសត្រូវ៕ សុខ ខេមរា


ចែករំលែក៖