ព័ត៌មានទាន់ហេតុការណ៍៖

អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ ទាមទារ​ឱ្យ​ទណ្ឌិត​ សម​ រង្ស៊ី​ សុំទោស​លោក​កឹម​ សុខា​ និង​ អ្នក​គាំទ្រ​ទាំង​អស់​ជា​ដាច់ខាត​ បើ​ពុំ​នោះ​ទេ​ នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ !

ចែករំលែក៖

ភ្នំពេញ​៖​ គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ត្រូវ​តុលាការ​កំពូល​រំលាយ​ចោល​ ទាមទារ​ឱ្យ​ទណ្ឌិត​សម​ រង្ស៊ី​ សុំទោស​លោក​កឹម​ សុខា​ និង​ អ្នក​គាំទ្រ​គណបក្ស​ទាំងអស់​ជា​ដាច់ខាត​ ។

សេចក្ដី​ថ្លែង​ការណ៍​ អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ នៅ​ថ្ងៃទី​១០​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ នេះ​ សរសេរ​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ពិត​ជា​មានការ​ខកចិត្ត​យ៉ាង​ខ្លាំង​ ដែល​លោក​សម​ រង្ស៊ី​ តាម​រយៈ​ហ្វេសប៊ុក​របស់​ខ្លួន​ កាលពី​ថ្ងៃទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ បាន​យក​ករណី​លោក​ប្រធាន​កឹម​ សុខា​ ជា​កម្មវត្ថុ​នៃ​ការ​បបួល​លោក​នាយករដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ភ្នាល់​នយោបាយ​ ថា​ ដោះលែង​ ឬ​ មិន​ដោះលែង​ កឹម​ សុខា​ ។

សេចក្ដី​ថ្លែង​ការណ៍​ ដដែល​ បន្ត​ថា​ គណបក្ស​សង្គ្រោះ​ជាតិ​ ចាត់​ទុកថា​ ទង្វើ​នេះ​ គឺ​ ពិត​ជា​អសីលធម៌​ជា​ទីបំផុត​ដែល​បាន​ប្រព្រឹត្ត​ចំពោះ​លោក​ប្រធាន​ កឹម​ សុខា​ ដែល​ទទួល​រង​នូវ​ការ​ចោទប្រកាន់​ពី​អំពើ​ក្បត់ជាតិ​ទាំង​អយុត្តិធម៌​រួច​មកហើយ​ ឥឡូវ​នេះ​ទទួល​រង​នូវ​ការ​ប្រមាថ​លើ​កិត្តិយស​និង​អាយុ​ជីវិត​របស់​លោក​ថែម​ទៀត​ ។

ករណី​នេះ​ គណបក្ស​សង្គ្រោះ​ជាតិ​ មិន​អាច​ទទួល​យក​បាន​ឡើយ​ ហើយ​ចាំបាច់​ទាមទារ​ឱ្យ​លោក​ សម​ រង្ស៊ី​ ត្រូវ​ធ្វើ​ការ​សុំទោស​លោក​ប្រធាន​ កឹម​ សុខា​ និង​ អ្នក​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ ទាំង​អស់​ជា​ដាច់ខាត​ ។ បើ​ពុំ​នោះ​ទេ​ គណបក្ស​សង្គ្រោះ​ជាតិ​ ក្នុង​នាម​លោក​ប្រធាន​ កឹម​ សុខា​ នឹង​ចាត់​វិធានការ​ផ្លូវ​ច្បាប់​ចំពោះ​លោក​សម​ រង្ស៊ី​ ។

គណបក្ស​សង្គ្រោះ​ជាតិ​ យល់​ឃើញ​ថា​ ការ​យក​លោក​ប្រធាន​កឹម​ សុខា​ មក​ភ្នាល់​នយោបាយ​នេះ​ គឺ​ ជា​ល្បិច​កល​ទុច្ចរិត​របស់​លោក​សម​ រង្ស៊ី​ ដែល​គ្រោង​នឹង​ដឹកនាំ​ធ្វើ​សន្និបាត​ពិភពលោក​គណបក្ស​សង្គ្រោះ​ជាតិ​ នា​ដើម​ខែ​ធ្នូ​ ខាងមុខ​ ដើម្បី​បង្ខិតបង្ខំ​ និង​ សងសឹក​ចំពោះ​ក្រុម​អ្នក​ស្មោះ​ស្ម័គ្រ​នយោបាយ​ជាមួយ​លោក​ប្រធាន​កឹម​ សុខា​ ដែល​ប្រឆាំង​នឹង​ការ​ធ្វើ​បក្ស​ប្រហារ​មួយ​នេះ​ ។

គណបក្ស​សង្គ្រោះ​ជាតិ​ សូម​អំពាវនាវ​ដល់​លោក​សម​ រង្ស៊ី​ និង​ ចលនា​សង្គ្រោះ​ជាតិ​របស់​លោក​ ឱ្យ​បញ្ឈប់​ជា​បន្ទាន់​នូវ​ផែនការ​បក្ស​ប្រហារ​មួយ​នេះ​ ។

សូម​បញ្ជាក់​ថា​ សម្តេច​តេជោ​ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ ប្រកាស​តាម​បណ្ដាញ​សារព័ត៌មានក្នុងស្រុកថា​ សម្តេច​សុខចិត្ត​ភ្នាល់គ្នាជាមួយ​ទណ្ឌិត​សម​ រង្ស៊ី​ លើករណីការដោះលែងលោក កឹម សុខា ហើយការភ្នាល់នេះ “បើសិនមានការដោះលែង កឹម សុខា នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៨ ឬ​ យ៉ាងយូរថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៩​ខាងមុខនេះមែន​ , សម្តេចតេជោ នឹងចុះចេញពី​តំណែង​ តែបើមិនមានការដោះលែងទេ នោះ សម រង្ស៊ី នឹងត្រូវចូលឱ្យចាប់ខ្លួន​ “។

ការ​សម្រច​របស់​សម្តេច​តេជោ​ គឺ​ ដើម្បី​ឆ្លើយតប​នឹង​សារ​របស់​ទណ្ឌិត​សម​ រង្ស៊ី​ ដែល​កំពុង​និរទេស​ខ្លួន​នៅ​ក្រៅ​ប្រទេស​ ។

ទណ្ឌិត​ សម​ រង្ស៊ី​ នៅ​ថ្ងៃទី​៩​ ខែ​វិច្ឆិកា​ ឆ្នាំ​២០១៨​ សរសេរ​តាម​បណ្ដាញ​សង្គម​ហ្វេសប៊ុក​ យ៉ាង​ដូច្នេះ​ថា​ ៖

តើលោក ហ៊ុន សែន ហ៊ានភ្នាល់ជាមួយខ្ញុំទេ?
កាលពីថ្ងៃ ០៧ វិច្ឆិកា កន្លងទៅនេះ លោក ហ៊ុន សែន បានអះអាងថា គាត់មិនងាយដោះលែងលោក កឹម សុខា ទេ ទាល់តែចាំសេះដុះស្នែង។

ខ្ញុំនៅតែជឿជាក់ថា ក្រោមសម្ពាធអន្តរជាតិ លោក ហ៊ុន សែន នឹងត្រូវបង្ខំចិត្តដោះលែងលោក កឹម សុខា ក្នុងពេលឆាប់ៗ ខាងមុខនេះ។ អាចថ្ងៃ ២៩ ធ្នូ ២០១៨ នេះ ឬក៏ យ៉ាងយូរបំផុត ថ្ងៃ ០៣ មីនា ២០១៩។

បើលោក ហ៊ុន សែន ចាញ់ខ្ញុំ ក្នុងការភ្នាល់នេះ គាត់មិនចាំបាច់កាត់កខ្លួនឯង ដូចក្នុងការសន្យាបញ្ឈប់ការកាប់ព្រៃឈើ នោះទេ។ ខ្ញុំគ្រាន់តែសុំឲ្យគាត់ចុះចេញពីតំណែង បានហើយ។ តែបើខ្ញុំចាញ់លោក ហ៊ុន សែន វិញ ខ្ញុំសុខចិត្តដើរចូលឲ្យគាត់ចាប់ខ្ញុំ យកទៅឃុំទន្ទឹមនឹងលោក កឹម សុខា បើមិនបញ្ចូលរឿងអ្វីថ្មី (ដូចជារដ្ឋប្រហារ) ក្រៅពីចំណុចដែលបានលើកឡើងខាងលើនេះ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈបណ្តាញព័ត៌មាន ដដែល ដោយសម្តេចបានសម្រេចភ្នាល់តាមការបបួលរបស់លោក សម រង្ស៊ី ហើយ។ សម្តេចតេជោ បានកំណត់ថា ប្រសិន សម រង្ស៊ី ចាញ់ត្រូវចូលឱ្យចាប់ខ្លួនភ្លាមៗតែម្តង បន្ទាប់ពីបញ្ចប់ការភ្នាល់៕ ចេស្តា


ចែករំលែក៖