ភ្នំពេញ ៖ ជនសង្ស័យចំនួន២នាក់ដែលជាមុខសញ្ញាឆក់ យ៉ាងសកម្មត្រូវបានកម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌពោធិ៍សែនជ័យបញ្ជូនទៅតុលាការនាព្រឹកថ្ងៃទី១២ខែវិច្ឆិកាឆ្នាំ២០១៨ ក្រោយពីកម្លាំងនគរបាលបង្ក្រាបបាននាថ្ងៃទី៩ វិច្ឆិការ ២០១៨ នៅក្បែរវត្តកំពែង ស្ថិតក្នុងសង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ។
ជនសង្ស័យទាំង២នាក់ខាងលើទី១មានឈ្មោះ តំ វិសាល ហៅអាតុង ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរសិស្ស មានទីលំនៅភូមិព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ និងទី២មានឈ្មោះ ស៊ឹម សុវត្ថិ ហៅអាក្លិត អាយុ២០ឆ្នាំ មុខរបរមិនពិតស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ ។ ចំណែកម៉ូតូធ្វើសកម្មភាពម៉ាក nex ពណ៌ស លាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 1GO-8540 ។
គួរំលឹកផងដែរថា កាលពីថ្ងៃទី៩ វិច្ឆិកា ២០១៨លោកយឹមសារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ ដោយសារតែកន្លងមកក្រុមជនសង្ស័យតែងតែធ្វើសកម្មភាពឆក់ទ្រព្យសម្បត្តិពីប្រជាពលរដ្ឋនិងភ្ញៀវបរទេសជាញឹកញាប់ ទើបលោកបញ្ជាកកម្លាំងតាមឃ្លាំមើលរហូត ក៏បានឃើញមុខសញ្ញា ចេញមកបំរ៉ុងធ្វើសកម្មភាពទៀត ទើបកម្លាំងបានធ្វើការប្រដេញ ចាប់ប្រផាប់ប្រភីង ពីផ្លូវសហព័ន្ធរ៉ុស្សី ទៅមក រហូតឆ្លងកាត់រង្វង់មូលចោមចៅ ឡើងទីផ្លូវវេងស្រេង ឆ្ពោះទៅម្តុំផ្សារទួល ពង្រ ជនសង្ស័យក៏បានទម្លាក់គ្នាវា ចោលម្នាក់ ដើម្បីបន្លំភ្នែកសមត្ថកិច្ច តែទោះជាយ៉ាងណា សមត្ថកិច្ចបានចំណាំស្លាកលេខនិងភិនភាគម៉ូតូ ទើបកម្លាំងឃាត់បានជនសង្ស័យម្នាក់និងម៉ូតូមួយគ្រឿង ។
លោកបានបន្តអោយដឹងទៀតថា បន្ទាប់ពីឃាត់បានភ្លាមៗ កម្លាំងបានយកមកប៉ុស្តិ៍ដើម្បីសួរនាំសួររកបក្សពួកបន្ថែម ទើបរូបលោកបានសុំគោលការពីលោក ស្នងការរាជធានីភ្នំពេញ និងព្រះរាជអាជ្ញា បន្តតាមចាប់បក្សពួកម្នាក់ទៀតកំពុងសម្ងំនៅក្នុងបន្ទប់ជួល មួយកន្លែងក្បែរនិងស្តុបទួលពង្រ ។ ចំណែកបក្សពួក២នាក់ទៀត ដឹងខ្លួនបានរត់គេបាត់អស់ ។
រហូតមកដល់ព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ នគរបាលបានបញ្ជូនជនសង្ស័យទៅតុលាការដើម្បីចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ