ព័ត៌មានទាន់ហេតុការណ៍៖

អបអរសាទរខួប ៣៥ឆ្នាំ នៃនាឡិកាម៉ាក G-SHOCK របស់ក្រុមហ៊ុន CASIO របស់ជប៉ុន ជាលើកទី២

ចែករំលែក៖

ភ្នំពេញ៖ មជ្ឈមណ្ឌលនាឡិកាស៊ី្វស និងជប៉ុន(LDI Enterprise LTD) បានរៀបចំព្រឹត្តិការណ៍ប្រគំតន្ដ្រីដ៏ធំ Shock The World 2018 ជាលើកទី២ កាលពីយប់មិញ នៅមុខមហោស្របកោះពេជ្រ ដោយមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗជាច្រើន ដើម្បីអបអរសាទរខួប ៣៥ឆ្នាំ នៃនាឡិកាម៉ាក G-SHOCK របស់ក្រុមហ៊ុន CASIO របស់ជប៉ុន ។

លោក គាំង សុង ប្រធានគ្រប់គ្រងទូទៅក្រុមហ៊ុន LDI Enterprise LTD បានថ្លែងក្នុងសន្និសីទសារព័ត៌មាន មុនចាប់ផ្ដើមកម្មវិធីថា នេះគឺជាលើកទី២ ហើយ ដែលក្រុមហ៊ុនខ្លួនបានរៀបចំព្រឹត្តិការណ៍ប្រគំតន្ដ្រី Shock The World នេះឡើង តែមានលក្ខណៈពិសេសជាងមុន ព្រោះជាកម្មវិធីអបអរគម្រប់ខួប ៣៥ឆ្នាំរបស់នាឡិកាម៉ាក G-SHOCK ដែលម៉ាកដ៏ល្បីលើពិភពលោក ។

លោកបន្ដថា ក្រោយទទួលបានសិទ្ធផ្ដាច់មុខនាំចូលផលិតផលក្រុមហ៊ុន CASIO Computer កាលពីដើមខែមេសា ឆ្នាំ២០១៤ ក្រុមហ៊ុនខ្លួនបានពង្រីកសាខា CASIO ចំនួន ១១កន្លែងនៅភ្នំពេញ និងខេត្តសៀមរាប ហើយក្នុងនោះនាឡិកា G-SHOCK ត្រូវបានកត់សម្គាល់ទទួលបានការគាំទ្រជាខ្លាំងពីអតិថិជន ។ ហេតុនេះ ក្រោយគម្រប់ខួប ៣៥ឆ្នាំ លោកជឿជាក់ថា ក្រុមហ៊ុននឹងផលិតនាឡិកាទំនើបៗបន្ថែមទៀត សម្រាប់ផ្គត់ផ្គង់ទីផ្សារកម្ពុជា និងពិភពលោក ។

ទន្ទឹមជាមួយគ្នាលោក Izumi ប្រធានផ្នែក R&D នៃក្រុមហ៊ុន CASIO ក៏បានសម្ដែងនូវការអរគុណ ចំពោះប្រជាពលរដ្ឋកម្ពុជា ដែលគាំទ្រ និងជឿទុកចិត្តលើផលិតផលរបស់ក្រុមហ៊ុនខ្លួន ហើយមានការពេញចិត្តប្រើប្រាស់គ្រប់ស្រទាប់វណ្ណៈផងដែរ ។ ដូច្នេះលោកបានប្ដេជ្ញា នឹងខិតខំផលិតនូវនាឡិកាមានគុណភាពខ្ពស់ជាបន្ដបន្ទាប់ទៀត ដើម្បីធ្វើឲ្យអ្នកប្រើប្រាស់កាន់តែងាយស្រួល និងមានភាពកក់ក្ដៅ ទាំងតម្លៃ និងគុណភាព ។

ចំពោះការប្រគំតន្ដ្រីដ៏ធំ Shock The World 2018 កាលពីយប់មិញវិញ គេឃើញមានតារាងល្បីៗជាច្រើន បានចូលរួម ដូចជាកញ្ញា មាស សុខសោភា(Brand Ambassador of Baby-G) ,លោក ថេណា (Brand Ambassador of G-Shock) ,លោក G-Devith ,លោក សុវត្ថិ មុនីវណ្ណ និង សុវត្ថិមុនីនាគ, កញ្ញា សុភ័ក្រកុសុមា និងក្រុម DJ ក៏ដូចជាក្រុមរាំជាច្រើនទៀតផង៕នី សុភា


ចែករំលែក៖