ព័ត៌មានទាន់ហេតុការណ៍៖

មូលនិធិព្រូដិនស៍ ជួយលើកស្ទួយជីវភាពរបស់គ្រួសារក្រីក្រនៅសៀមរាប

ចែករំលែក៖

ខេត្តសៀមរាប៖ តាមការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការជួយធ្វើឲ្យជីវភាព រស់នៅក្នុងសហគមន៍ងាយរងគ្រោះក្នុងអាស៊ី មូលនិធិព្រូដិនស៍ជាមួយនឹងក្រុមហ៊ុនព្រូដិនសលកម្ពុជាបានចូលរួមសហការជាមួយអង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជាដើម្បីសាងសង់ផ្ទះចំនួនប្រាំមួយខ្នង និងជួសជុលអគារសិក្សាមួយខ្នងក្នុងស្រុកបន្ទាយស្រីខេត្តសៀមរាប ។ ក្រុមការងារស្ម័គ្រចិត្តប្រហែល៨០នាក់មកពីទីផ្សារចំនួន១៤របស់ក្រុមហ៊ុនព្រូដិនសលអាស៊ីបានចូលរួមក្នុងកម្មវិធីនេះ ។

កម្មវិធីស្ម័គ្រចិត្តរយៈពេលពេញមួយសប្តាហ៍នេះចាប់ផ្តើមពីថ្ងៃទី៤ដល់ថ្ងៃទី១០ ខែវិច្ឆិកា បានធ្វើឡើងក្នុងភូមិរុន ដែលជាភូមិដាច់ស្រយាលមួយចង្ងាយប្រហែល៤០គីឡូម៉ែត្រពីក្រុងសៀមរាប ។

លោកម៉ាកហ្វ៊ែនស៊ី (Marc Fancy) នាយកប្រតិបត្តិនៃ មូលនិធិព្រូដិនស៍ ដែលជា មូលនិធិអភិវឌ្ឍសហគមន៍ប្រចាំតំបន់អាស៊ីរបស់ក្រុមហ៊ុនព្រូដិនសលអាស៊ីបានមានប្រសាសន៍ថាបេសកកម្មរបស់ មូលនិធិគឺដើម្បីវិនិយោគលើសហគមន៍នៅទូទាំងតំបន់អាស៊ីតាមវិធី ដែលមានប្រសិទ្ធភាព និងមានអត្ថន័យ ។ លោកបានមានប្រសាសន៍ថា៖“ក្រុមហ៊ុនព្រូដិនសលប្តេជ្ញាផ្តល់ការការពារ និងសុវត្ថិភាពដល់ក្រុមគ្រួសារទូទាំងទ្វីបអាស៊ី ។ លំនៅដ្ឋានសមរម្យ និងការអប់រំប្រកបដោយគុណភាពគឺជាមូលដ្ឋានគ្រឹះសម្រាប់ការអភិវឌ្ឍរបស់ប្រជាពលរដ្ឋដូច្នេះយើងមានសេចក្តីសោមនស្សរីករាយក្នុងការធ្វើជាដៃគូជាមួយអង្គការលំនៅដ្ឋានមនុស្សជាតិដើម្បីជួយផ្តល់ហេដ្ឋារចនាសម្ព័ន្ធជាទីជម្រក និងការអប់រំដល់សហគមន៍ភូមិរុនក្នុងខេត្តសៀមរាប ”។

លោកហ្វ៊ែនស៊ី (Fancy) បានបន្ថែមទៀតថា៖“នេះជាលើកដំបូងបំផុត ដែលយើងបានរៀបចំកម្មវិធីPRUVolunteerនៅប្រទេសកម្ពុជាហើយវាពិតជាអស្ចារ្យមែន ។ ការសាងសង់ផ្ទះគឺជាវិធីដ៏ល្អមួយដើម្បីជួយគ្រួសារ ដែលត្រូវការវា ។ តាមរយៈកម្មវិធីស្ម័គ្រចិត្តយើងកំពុងតែផ្លាស់ប្តូរជីវភាពរស់នៅសម្រាប់បុគ្គលម្នាក់ក្រុមគ្រួសារឬសហគមន៍ហើយនេះជារឿងដ៏រីករាយមួយ ”។

លោកផលវិននើរបុគ្គលិកស្ម័គ្រចិត្តម្នាក់មកពីក្រុមហ៊ុនព្រូដិនសលកម្ពុជាបាននិយាយថាគាត់មានមោទនភាព ដែលបានចូលរួមក្នុងកម្មវិធីនេះ ។ លោកវិននើរបានមានប្រសាសន៍ថា៖“ខ្ញុំមានកិត្តិយសណាស់ ដែលបានចូលរួមក្នុងកម្មវិធីPRUVolunteer ដែលជាបទពិសោធន៍ដ៏អស្ចារ្យ ។ ខ្ញុំមិនត្រឹមតែបានរួមចំណែកដល់សហគមន៍តាមរយៈការសាងសង់ផ្ទះជូនប្រជាពលរដ្ឋក្រីក្រប៉ុណ្ណោះទេថែមទាំងបានរាប់អានមិត្តភ័ក្តថ្មី ដែលជាបុគ្គលិកក្រុមហ៊ុនព្រូដិនសលមកពីប្រទេសផ្សេងៗគ្នាក្នុងតំបន់អាស៊ី ”។

លោកអ៊ុំភឿនតំណាងរបស់អង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជាបានមានប្រសាសន៍ថា៖”ដោយស្របតាមចក្ខុវិស័យរបស់យើងក្នុងការជួយលើកកម្ពស់សុខុមាលភាពរបស់ប្រជាពលរដ្ឋកម្មវិធីPRUVolunteerធ្វើឲ្យមានការផ្លាស់ប្តូរយ៉ាងសំខាន់នៅក្នុងសហគមន៍ក្នុងខេត្តសៀមរាបដោយក្រុមអ្នកស្ម័គ្រចិត្តជួយបង្កើនជីវភាពរស់នៅតាមរយៈការសាងសង់ផ្ទះគាំទ្រដោយអង្គការលំនៅដ្ឋានមនុស្សជាតិកម្ពុជា ”។

កម្មវិធីស្ម័គ្រចិត្តនេះគឺជាផ្នែកមួយនៃកម្មវិធី PRUVolunteerប្រចាំតំបន់របស់ មូលនិធិព្រូដិនស៍ ។ ចាប់តាំងពីបង្កើតឡើងក្នុងឆ្នាំ២០១២កម្មវិធីPRUVolunteerប្រចាំតំបន់នេះបានជួយផ្តល់ការគាំទ្រយូរអង្វែងដល់សហគមន៍នៅទូទាំងតំបន់អាស៊ី ដែលមានក្រុមហ៊ុនព្រូដិនសលធ្វើអាជីវកម្ម ។ តាមរយៈកម្មវិធីនេះអ្នកស្ម័គ្រចិត្តរាប់រយនាក់មកពីក្រុមហ៊ុនព្រូដិនសលបានជួយសាងសង់ផ្ទះជូនប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ដោយគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមីនៅក្នុងប្រទេសជប៉ុនកាលពីឆ្នាំ២០១១ និងចន្លោះឆ្នាំ២០១៤ និង២០១៧បន្ទាប់ពីមានព្យុះកំណាច និងទឹកជំនន់នៅប្រទេសម៉ាឡេស៊ីប្រទេសវៀតណាមប្រទេសឥណ្ឌូនេស៊ី និងប្រទេសហ្វីលីពីនកម្មវិធីនេះបានជួយសាងសង់សាលារៀនផ្ទះសំបែង និងទូកនេសាទឡើងវិញសម្រាប់ជនរងគ្រោះដោយសារគ្រោះមហន្តរាយធម្មជាតិទាំងនោះ ។ ចាប់តាំងពីបើកដំណើរការអាជីវកម្មនៅកម្ពុជានៅដើមឆ្នាំ២០១៣ក្រុមហ៊ុនព្រូដិនសលកម្ពុជាសហការជាមួយ មូលនិធិព្រូដិនស៍បានវិនិយោគយ៉ាងច្រើនក្នុងកម្មវិធីផ្តួចផ្តើមសម្រាប់សហគមន៍ ដែលផ្តោតលើសុវត្ថិភាពចរាចរណ៍ការត្រៀមបង្ការួចជាស្រេចមុនពេលមានគ្រោះមហន្តរាយកម្មវិធីអប់រំហិរញ្ញវត្ថុការអប់រំកុមារតូច និងកម្មវិធីជាច្រើនទៀត៕ វឌ្ឍនា


ចែករំលែក៖