ខេត្តកំពង់ធំ ៖ បទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់បំផ្លាញធនធានមច្ឆជាតិនៅ តែកើតឡើងយ៉ាងពេញបន្ទុក ដោយសារមានការឃុបឃិតបើកដៃពីសំណាក់មន្ត្រីរដ្ឋបាលជលផល មន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ។
ប្រជាពលរដ្ឋរស់នៅតំបន់បឹងទន្លេសាប នៃឃុំពាមបាង ស្រុកស្ទោង ខេត្តកំពង់ធំ បានឲ្យដឹងថា លោក ហួន ផល នាយសង្កាត់រដ្ឋបាលជលផល ពាមបាង និងលោក ហុក ម៉ន់ នាយរងសង្កាត់រដ្ឋបាលជលផលពាមបាង គឺជាមេខ្លោងនៅពីក្រោយបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ ។ តាមរយៈការឃុបឃិតបើកដៃឲ្យបទល្មើសនេសាទកើតឡើងយ៉ាងគគ្រឹកគគ្រេង គឺលោក ហួន ផល និងលោក ហុក ម៉ន់ អាចប្រមូលលុយបានយ៉ាងច្រើនដើម្បីជាប្រយោជន៍ផ្ទាល់ខ្លួន ហើយក៏មានការបែងចែកទៅថ្នាក់លើផងដែរ ។
តាមការអះអាងរបស់ប្រជានេសាទក្នុងឃុំពាមបាង បានឲ្យដឹងថា កន្លងមកពួកគាត់ធ្លាប់ឃើញមានមន្ត្រីជំនាញ និងសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការបង្ក្រាបបទល្មើសនេសាទជាច្រើនលើកផងដែរ ប៉ុន្តែការបង្ក្រាបនោះពុំមានប្រសិទ្ធភាពទេ គឺគ្រាន់តែធ្វើឡើងឲ្យល្អមើលប៉ុណ្ណោះ ។
ជាក់ស្ដែងលោក ហួន ផល និងលោក ហុក ម៉ន់ នៅតែបន្តឃុបឃិតឲ្យអ្នកនេសាទ ធ្វើសកម្មភាពនេសាទដោយប្រើឧបករណ៍ខុសច្បាប់យ៉ាងរាលដាល គឺសូម្បីតែនៅក្នុងតំបន់អភិរក្សពូជត្រីក៏មានបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំកើតឡើងយ៉ាងអនាធិបតេយ្យដែរ ។
សម្រាប់ បទល្មើសនេសាទខុសច្បាប់ ឈ្នក់ បាននឹងកំពុងធ្វើសកម្មភាព រាល់យប់នៅបឹងទន្លេសាប នៅចំណុច សានក្រង, បាក់ដាវ, ពេជជីក្រី, ដូនស្ដើង, ពៅវើយ និង បាឡត ក្នុងឃុំពាមបាង ស្រុកស្ទោងខេត្តកំពង់ធំ ក្នុងដែនសមត្ថកិច្ចសង្កាត់រដ្ឋបាលជលផលសង្កាត់ពាមបាង ដែលមានលោកហួន សុផល ជា នាយសង្កាត់ ។
ប្រជាពលរដ្ឋនៅតាមមាត់បឹងទន្លេសាប ក្នុងឃុំផាត់សណ្ដាយ បាននិយាយឲ្យ ដឹងថា បទល្មើសនេះ គឺមានរាល់យប់ គ្រាន់តែតិច និងច្រើន តែប៉ុណ្ណោះ ចំណែកការបង្ក្រាប គឺគ្រាន់ល្បែងឆ្ពិន ភ្នែកសាធារណជន និងសម្រាប់ធ្វើរបាយការណ៍ជូនថ្នាក់លើតែប៉ុណ្ណោះ ។
លោក យ៉ាន់ វិសាក់ ហៅសែ នាយផ្នែករដ្ឋបាលជលផលផាត់សណ្ដាយ គឺជាមេខ្លោងធំបំផុតក្នុងការឃុបឃិតបើកដៃឲ្យក្រុមជនល្មើសប្រើឧបករណ៍ខុសច្បាប់ទ្រង់ទ្រាយធំបំផ្លាញធនធានមច្ឆជាតិយ៉ាងមហន្តរាយ ។ ដូច្នេះ លោក ប៉ែន វណ្ណរឹទ្ធ នាយខណ្ឌរដ្ឋបាលជលផលខេត្តកំពង់ធំ និងលោក ធីវ វណ្ណធី ប្រធានមន្ទីរកសិកម្មខេត្តកំពង់ធំ មិនគួរបណ្ដែតបណ្ដោយតទៅទៀតទេ ព្រោះនៅក្នុងតំបន់បឹងទន្លេសាបនៃខេត្តកំពង់ធំ សព្វថ្ងៃនេះបទល្មើសនេសាទប្រើឧបករណ៍ខុសច្បាប់ពុំមានការថយចុះនោះឡើយ៕ ប៊ុនរិទ្ធី