ភ្នំពេញ៖ ច្រៀងបទ មេម៉ាយសប្បាយចិត្ត ដែលជាសំនៀងដើមរបស់អ្នកស្រីប៉ែន រ៉ន នោះបានធ្វើឲ្យតារាចម្រៀង រ័ត្ន រចនា បានផ្លាស់ប្តូរជីវិតថ្មីដោយមានការទទួលស្វាគមន៍ច្រើនពីកម្មវិធីនានា ។ ថ្មីៗនេះនាងក៏បានថតបទចម្រៀងមួយនេះជាមួយនឹងទិដ្ឋភាព និងទឹកដមសំនៀងកាន់តែពិរោះរណ្តំ ។
ផ្តើមចេញពីការផ្សាយផ្ទាល់តាមហ្វេសប៊ុកនាការប្រគំតន្ត្រីមួយនៅខេត្តស្វាយរៀងបានទាក់ទាញចិត្តអ្នកស្តាប់ខ្លាំង និងបានផ្លាស់ប្តូរជីវិតតារាចម្រៀងរ័ត្នរចនាដែលធ្លាប់តែច្រៀងក្នុងកម្មវិធីជប់លៀងតូចតាច និងតាមហាងផឹកស៊ីនោះឲ្យក្លាយជាអ្នកចម្រៀងអាជីពមានមុខមាត់ក្នុងសង្គមសិល្បៈ ។ តារាចម្រៀងស្រីវ័យ៣០រូបនេះលើកឡើងថា នាងមិនដែលគិតថាខ្លួននាងទទួលបានការគាំទ្រ និងស្គាល់ច្រើនដូចពេលនេះពីមុនមកទេ ។
នាងបញ្ជាក់ដែរថា ស្ថានីយទូរទស្សន៍នានាចាប់ផ្តើមអញ្ជើញនាងឡើងច្រៀង ហើយកម្មវិធីតន្ត្រីតូចធំជាច្រើនក៏ស្វាគមន៍នាងមិនដាច់នោះឡើយ ដែលពេលខ្លះនាងបានបដិសេធមិនទទួលការងារដែលជាន់គ្នា ។ នាងក៏មិនអន់ចិត្តដែលដែលច្រៀងជិត២០ឆ្នាំមកហើយពោលគឺតាំងពីកុមារ ហើយមិនមានអ្នកស្គាល់ច្រើនទើបតែពេលនេះ ។
នាងថាប្រាក់ចំណូលពីការច្រៀងបច្ចុប្បន្នបាននឹងកំពុងធ្វើឲ្យនាងពេញចិត្តខ្លាំងបើទោះបីជាមិនក្រាស់ក្រែលប៉ុន្តែបើធៀបនឹងពេលមិនទាន់ល្បីនោះគឺខុសគ្នាគួរសម ។ នាងរំពឹងថាការងារសិល្បៈរបស់នាងនឹងកាន់តែប្រសើរ រួមជាមួយគម្រោងបញ្ចេញស្នាដៃច្រៀងបទចម្រៀងថ្មីៗផងដែរ ។
បទចម្រៀងរបស់នាងក្រៅពីល្បីលើបណ្តាញសង្គមហ្វេសប៊ុក និងYoutube នោះក៏ត្រូវបានអ្នកលេង បណ្តាញសង្គមTik Tokយកមកត្រាប់តាមជាហូរហែ ។ ចុងក្រោយថ្មីៗនេះនាងបានបង្ហើសំនៀងពីបន្ទប់ផ្សាយ ជាមួយនឹងរូបវីដេអូថ្មីត្រជាក់ភ្នែក និងកាន់តែធ្វើឲ្យសំនៀងរបស់នាងពិរោះប្លែកថែមឡើង ។
តារាស្រីរូបនេះធ្លាប់ថ្លែងថានេះជាគ្រាដំបូងហើយដែលនាងបានសាងប្រជាប្រិយភាពល្បីល្បាញ និងជាការបំពេញបំណងដល់ឪពុកម្ដាយរបស់នាងបានសម្រេច៕ វឌ្ឍនា