ភ្នំពេញ ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងម្ចាស់អាជីវករ ដឹកទំនិញ ដែលប្រើប្រាស់រថយន្ដធំៗ ធ្វើដំណើរចូលរាជធានីភ្នំពេញ នៅថ្ងៃដែលរៀបចំព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ ដែលនឹងប្រព្រឺត្ដិទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នេះ ហើយសម្រាប់អ្នកដែលមកកម្សាន្ដ ក៏កុំជិះរថយន្ដចូលទៅបរិវេណទីតាំងប្រារព្ធពិធីផងដែរ ព្រោះចៀស វាងការកកស្ទះចរាចរណ៍ ។
លោក ឃួង ស្រេង បានធ្វើការអំពាវនាវបែបនេះ ក្នុងឱកាស ដែលលោក ចុះពិនិត្យការរៀបចំតុបតែង ប្រទីប របស់សាលារាជធានីភ្នំពេញ នៅត្រើយខាងកើត បន្ទាប់ពីបញ្ចប់កិច្ចប្រជុំ រក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ សាធារណៈឲ្យបានល្អប្រសើរ ក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ កាលពីរសៀលថ្ងៃពុធ ៧កើត ខែកតិ្ដក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ ត្រូវនិងថ្ងៃទី១៤ វិច្ឆិកា ឆ្នាំ២០១៨ ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ខ្ញុំសូមជម្រាប និងជូនដំណឹងដល់ប្រជាពលរដ្ឋទាំងអស់ ដែលមានបំណងចង់ចូលរួមសប្បាយភាព ក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្ដែតប្រទីព និងសំពះព្រះខែ នេះមេត្ដាស្ដាប់តាមការណែនាំរបស់កងកម្លាំងសមត្ថកិច្ច ក៏ដូចជាអាជ្ញាធរដែនដី ដើម្បីរៀបចំទុកដាក់រថយន្ដ និងធ្វើចរាចរណ៍ ហើយយើងនឹងធ្វើការបិទតំបន់ខ្លះ ដើម្បីទុកជូនដល់សាធារណជន ធ្វើដំណើរដោយថ្មើរជើង ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ នៅថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ខាងមុខនេះ សាលារាជធានីភ្នំពេញ នឹងរៀបចំពិធីសាកកម្លាំងទូក សម្រាប់រាជធានីភ្នំពេញ ដើម្បីបើកការប្រណាំងទូកសាកល្បង ហើយនឹងមានរៀបចំពិធីក្រុងពាលី តាមប្រពៃណីសាសនា ដើម្បីសុំសេចក្ដី សុខ សេចក្ដីចម្រើនជូនប្រជាពលរដ្ឋទាំងអស់ និងឈានដល់ការប្រារព្ធព្រះរាជពិធីអុំ ទូកជា ផ្លូវការផងដែរ។
លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ដើម្បីរក្សាសន្តិសុខ និងសណ្តាប់ធ្នាប់ឲ្យបានល្អប្រសើរ ក្នុងឱកាសបុណ្យអុំទូក អកអំបុក បណ្តែតប្រទីព និងសំពះព្រះខែ ដែលនឹងប្រព្រឺត្ដិទៅពីថ្ងៃទី២១-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ អាជ្ញាធររាជធានីភ្នំពេញបានត្រៀម កម្លាំងមានសមត្ថកិច្ចរហូតដល់ជាង១ម៉ឺននាក់ នឹងត្រូវដាក់ពង្រាយនៅតាមតំបន់A B និងC ក្នុងនោះ កម្លាំងរបស់គណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ មានរហូតដល់ជាង ៨ពាន់នាក់ ៕ សំរិត