ព័ត៌មានទាន់ហេតុការណ៍៖

បុរស​​៣​នាក់​​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ Business Channel Cambodia ត្រូវ​បាន​កម្លាំង​មាន​សមត្ថកិច្ចខណ្ឌចំការមន​ឃាត់ខ្លួន​

ចែករំលែក៖

​ភ្នំពេញ ៖ សមត្ថកិច្ចខណ្ឌចំការមន​បានឃាត់ខ្លួនបុរស​​៣​នាក់​ ដែល​ជា​បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ Business Channel Cambodia ​ក្រោយ​ពី​ពួក​គេ​បាន​នាំ​គ្នា​ចូល​ទៅ​ក្នុងផ្ទះ​វីឡា​មួយ​កន្លែង​ដែល​មាន​តម្លៃ​រហូត​ទៅ​ដល់​ចំនួន​ជាង​១​លាន​ដុល្លារ ដើម្បី​ទាមទារ​លុយ​ថ្លៃ​កុំមីស្យុង​របស់​ពួក​គេ​ ​តែត្រូវម្ចាស់ផ្ទះ​​បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាលរដ្នបាលទួល​ទំពូង​ទី​២ ​ថាមានមនុស្សបាន​ចូលក្នុង​ ផ្ទះ​គាត់ដោយ​គ្មាន​ការ​អនុញ្ញាត និង​គំរាមកំហែង​យកលុយទៀត ។

ហេតុការណ៍​នេះ​ដែរ​ បាន​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​១០​និង​៣០​នាទី​ព្រឹក ថ្ងៃ​ទី​១៤ ខែវិច្ឆិកា ឆ្នាំ​២០១៨ នៅ​ចំណុច​ផ្ទះ​វីឡា​លេខ​៤៥ ផ្លូវ​លេខ​៤៦៨ ក្នុង​សង្កាត់​ទួល​ទំពូង​ទី​២ ខណ្ឌចំការមន រាជធានីភ្នំពេញ។

បើតាម​ប្រភព​ព័ត៌មានពីម្ចាស់ផ្ទះ​ដែល​ទើបនឹង​ទិញ​ពី​គេ និង​កំពុង​តែ​ឈរ​មើល​ការ​ខុស​ត្រូវ​កម្មករ​ធ្វើការ​បោសសំអាត​​ ក៏បាន​ប្តឹង​សមត្ថកិច្ច​ប៉ុស្តិ៍នគរបាលរដ្នបាលទួល​ទំពូង​ទី​២​ ស្រាប់​មានបុរស​​៣​នាក់ដែរជាក្រុម​បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ Business Channel Cambodia ​បាន​នាំ​គ្នា​​ចូលក្នុង​ ផ្ទះ​វីឡាគាត់ដោយ​គ្មាន​ការ​អនុញ្ញាត និង​គំរាមកំហែង​យកលុយកុំមីស្យុង​របស់​ពួក​គេ​ពី​គាត់ ហើយ​និងម្នាក់​ទៀត​នៅ​ឈរ​ចាំ​ខាងក្រៅ​របង​មុខ​ផ្ទះផងដែរ ។

បើ​​តាម​សំដី​របស់​បុរស​​៣​នាក់ដែរជាក្រុម​បុគ្គលិក​របស់​ក្រុមហ៊ុន​អចលនទ្រព្យ​ Business Channel Cambodiaពួក​គេ​បាន​បញ្ជាក់​ប្រាប់សមត្ថកិច្ច​ប៉ុស្តិ៍នគរបាលរដ្នបាលទួល​ទំពូង​ទី​២​ ​ថា កាលពី​ពេល​កន្លង​មកនេះ ពួក​គេ​ធ្លាប់​បាន​នាំ​ម្ចាស់ផ្ទះ​ដើរ​រក​មើល​ទិញ​ផ្ទះ​ចំនួន​២​ទៅ​៣​កន្លែង​មក​ហើយ​រាប់​ទាំង​ផ្ទះ​វីឡា​មួយ​នេះ​ផង​ដែរ រហូតដោយ​ដាច់​ទំនាក់ទំនង​គ្នា​មួយ​រយះ​ ក៏​ស្រាប់តែ​បានឃើញ​រូប​គាត់​បាន​ទំនាក់ទំនង​ជាមួយនឹង​ម្ចាស់ និង​ទិញ​យក​ផ្ទះ​វីឡា​មួយ​នេះ​ដោយ​មិន​ឲ្យ​ពួក​ខ្លួន​ដឹង ​ក្រោយ​ពី​ពួក​គេ​បាន​ស៊ើប​ដឹង និង​ស្គាល់​ពី​បុរស​ម្នាក់​ដែល​ធ្លាប់​ពឹងពាក់​ពួក​គេ​រក​ដើរ​ទិញផ្ទះ និង​លួច​ទិញ​ផ្ទះដោយស្ងាត់​ៗ​ផងនោះ​ ទើប​ពួក​គេ​មក​រក​ទារ​លុយ​ថ្លៃ​កុំមីស្យុង​ផងដែរ ។

បច្ចុប្បន្ន សមត្ថកិច្ចនគរបាល​ប៉ុស្តិ៍​ទួល​ទំពូង​ទី​២​​បាន​ឃាត់ខ្លួន​បុរស​ទាំង​៣​នាក់ខាងលើ​យក​ទៅ​កាន់​អធិការដ្នាននគរបាលខណ្ឌចំការមនដើម្បី កសាងសំណុំរឿង ចាត់ការតាមនីតិវិធី ៕ ស រស្មី

 


ចែករំលែក៖