ខេត្តកណ្ដាល៖ លំនៅឋានមួយកន្លែង ដែលមានទីតាំងស្ថិតតាម បណ្តោយផ្លូវជាតិលេខ ១ ក្នុងភូមិ ទួលត្នោត ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាលត្រូវបានភាគី ២គ្រួសារអះអាង ចង់បានជាកម្មិសិទ្ធិរៀងៗខ្លួន មានការប្តឹងផ្តល់ដល់តុលាការកំពូល និងបញ្ជូនសំណុំរឿង ទៅសាលាឧទ្ធរណ៍វិញដើម្បីទាញហេតុផលផ្ទាល់មាត់ ។
បើតាមអោយដឹងពីលោក ហ៊ុន សំអាត មេធាវីតំណាងដោយអាណត្តិ អោយឈ្មោះជាប សុខាន់ បានអះអាងថា កូនក្តីរបស់ខ្លួនឈ្មោះ ជាប សុខាន់(ដែលកាលនោះឈ្មោះក្នុងពាក្យស្នើរសុំ គឺជារបស់ ហ៊ីង ពេញ ត្រូវជាស្វាមីរបស់ អ្នកស្រី ជាប សុខាន់ បច្ចុប្បន្នបានស្លាប់)មាន បង្កាន់ដៃទទួលពាក្យកាន់កាប់ដីធ្លីនៅឆ្នាំ ១៩៩០។ ក្រោយពេលដែលគាត់ មានបង្កាន់ដៃទទួលពាក្យកាន់កាប់ដីធ្លីនៅឆ្នាំ ១៩៩០ ស្រាប់តែក្រោយមកមានបុគ្គលឈ្មោះ ជូ សូឌី បានមកអះអាងថា ដីនោះជាដីរបស់ខ្លួនទៅវិញហើយបានចោទ លោកហ៊ីងពេញ ដែលជាស្វាមីរបស់ អ្នកស្រី ជាប សុខាន់ ថាបានចូលកាន់កាប់ដីដោយខុសច្បាប់។ក្រោយមកក៏មានអាជ្ញាធរដោះស្រាយវិវាទដីធ្លីបានចុះមកដោះស្រាយ ជាបន្ទាប់ រហូតមានស ជ ណ ពីក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច បានអោយអភិបាលខេត្តកណ្តាលចាស់ អោយជួយដោះស្រាយនៅលើទីតាំងដីទំនាស់។ ប៉ុន្តែ ចាប់ពីពេលនោះ មក ឈ្មោះ ជូ សូឌី បានដាក់ពាក្យប្តឹងទៅសាលាដំបូងខេត្តកណ្តាល ឡើងរហូតដល់តុលាការកំពូល។ប៉ុន្តែ មកដល់ពេលនេះ តុលាការកំពូល បានសម្រេចសេចក្តី បង្វិលសុំណុំរឿងមកអោយសាលាឧទ្ធរណ៍ជុំនុំឡើងវិញ ។
ខណៈស្ថិតនៅក្នុងនីតិវិធីអង្គសេចក្តីមិនទាន់ចប់នៅសាលាឧទ្ធរណ៍ ផង ស្រាប់តែ ឈ្មោះ ជូ សុឌី បានស្នើរសុំដីការរក្សាការពារនៅសាលាដំបូង ខេត្តកណ្តាល ប៉ុន្តែកម្មវត្ថុនៃដីការរក្សាការពារនោះមិនមែន ប្តឹងមកកូនបំណុលឈ្មោះ ជាប សុខាន់នោះទេ បែជាប្តឹងទៅលោកមេឃុំគគីរឈ្មោះ គង់ ឆេង ដែលកម្មវត្ថុប្តឹងនោះ ពាក់ព័ន្ធសុំអោយតុលាការបង្គាប់អោយឈ្មោះ គង់ ឆេង ជាមេឃុំបញ្ឈប់សកម្មភាពរារាំងការធ្វើបណ្ណកម្មសិទ្ធិលើដីធ្លីរទៅវិញ។ដោយយោងលើដីការរក្សាការពារដែលចេញដោយសាលាដំបូងខេត្តកណ្តាលដោយបង្គាប់អោយលោក គង់ ឆេង ជាមេឃុំគគីរបញ្ឈប់ការរារាំងការធ្វើបណ្ណកម្មសិទ្ធិ បែរជា ឈ្មោះ ជូ សូឌី បានដាក់លិខិត ស្នើរសុំចុះបញ្ជីដីទៅខាង ការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់និងភូមិបាល នៅស្រុកកៀនស្វាយ ខេត្តកណ្តាល។ បន្ទាប់ពីដឹងថា ឈ្មោះ ជូ សូឌី លួចធ្វើសកម្មភាព ខុសនីតិវិធីច្បាប់ ទើបលោក ហ៊ុនសំអាត ដែលជាមេធាវីអោយ អ្នកស្រី ជាប សុខាន់ បានលិខិតសុំអន្តរាគមន៍ទប់ស្កាត់ក្នុងការស្នើរសុំចុះបញ្ជីដីទៅលោកប្រធាន ការិយាល័យរៀបចំដែនដី នគររូបនីយកម្ម សំណង់និងភូមិបាល នៅស្រុកកៀនស្វាយ និងទៅលោក អភិបាលស្រុកកៀនស្វាយ ហើយមួយវិញ ទៀត លោកក៏បានដាក់ពាក្យបណ្តឹង សុំតវ៉ាដីការសម្រេចរក្សាការពារ របស់សាលាដំបូងខេត្តកណ្តាលរួចរាល់ ។
ប៉ុន្តែស្រាប់តែពេលថ្មីៗនេះ កូនក្តីរបស់លោក គឺអ្នកស្រី ជាប សុខាន់ បានទទួលព័ត៌មាន ពីការជូនដំណឹងស្តីពីការចុះមកវាស់វែងនៅលើទីតាំងដីដែលមានវិវាទកំពុងស្ថិតនៅសាលាឧទ្ធរណ៍នៅឡើយដោយមិនទាន់បានជុំនុំជម្រះ ហើយសេចក្តីជូនដំនឹងនោះ មានការលាក់លៀមបានជូនដំណឹងត្រឹមត្រូវនោះទេ បែជាយកទៅបិទ នៅលើបង្គោលភ្លើងក្បែរផ្ទះជាប សុខាន់ទៅវិញ។ តែយ៉ាងក៏ដោយបន្ទាប់ពីបានដឹងពីសេចក្តីជូនដំណឹងចុះទៅវាស់វែង លើដីកំពុងមានវិវាទនេះ លោកមេធាវីក៏បានដាក់ ពាក្យ ប្តឹងជំទាស់តវ៉ានឹងការចុះកំណត់ព្រំ វាស់វែង នេះដែរ ។ ស្រាប់តែព្រឹកថ្ងៃទី ១៤ ខែ វិច្ឆិកា ឆ្នាំ ២០១៨នេះ ភាគីឈ្មោះ ជូ សូឌី បាននាំកូនប្រុសរបស់ខ្លួនមកអនុវត្ត សេចក្តីជូនដំណឹងចុះវាស់វែង ដោយគ្មានអាជ្ញាសាលា ឬ ព្រះរាជអាជ្ញាចូលរួម នោះទេ ដោយចង់មកចុះវាស់វែងដោយខ្លួនឯងតែម្តង ។ករណីនេះត្រូវបាន ភាគីខាង ឈ្មោះ ជាប សុខាន់ បានរារាំង ប៉ុន្តែក្រោយមកភាគីខាង ជូសូឌីនិងកូនក៏ត្រលប់ទៅវិញព្រោះដឹងថា ខ្លួនអនុវត្តខុសនីតិវិធី។
អ្នកស្រី ជាប សុខាន់ និងកូនចៅ នៅតែអះអាង ថា ដីលំនៅឋានខាងលើនេះ គឺជាដីស្របច្បាប់របស់គ្រួសារគាត់ ដោយសារតែ ក្រុមគ្រួសាររស់នៅទីនេះ យូរឆ្នាំមកហើយ មានទាំង ដំណាំ ផ្ទះសម្បែង និងការកំណត់ព្រំប្រទល់ជាមួយអ្នកជិតខាងទទួលស្គាល់ ត្រឹមត្រូវ។ ដូច្នេះ អ្នកស្រី បានអំពាវនាវ អោយតុលាការ សាលាឧទ្ធរណ៍ដែលនឹងអនុវត្តការជុំនុំជម្រះក្តីសារជាថ្មីនៅពេលខាងមុខនេះ សូមជួយផ្តល់នូវយុត្តិធ៌មសម្រាប់គ្រួសារគាត់ ហើយទន្ទឹមនោះ ក៏បានស្នើរសុំអោយ លោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបំដែនដីនគរូបនីយកម្មនិងសំណង់ ជួយពិនិត្យការអនុវត្តការងាររបស់ អាជ្ញាធរស្រុកកៀនស្វាយ ដែលធ្វើការមិនត្រឹមត្រូវចេញលិខិតផ្សេងៗ បានពិនិត្យអោយជាក់លាក់នូវនីតិវធីច្បាប់ ។
ពាក់ព័ន្ធរឿងរ៉ាវខាងលើនេះដែរ មិនទទួលបានការឆ្លើយតបពីសំណាក់ ភាគី ឈ្មោះ ជូ សូឌីនៅឡើយទេ ដោយសារមិនមានលេខទំនាក់ទំនង៕ សិលា