ខេត្តកំពង់ឆ្នាំង៖ ក្រុមបក្ខពួកក្មេងទំនើង៨នាក់ក្នុងចំណោម១១នាក់ ត្រូវបានសមត្ថកិច្ចនគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួន ក្រោយពីធ្វើសកម្មភាព គប់កញ្ចក់រថយន្តតាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង ។ ក្រុមក្មេងទំនើងទាំង៨នេះត្រូវបានសមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង បង្ហាញមុខដល់អ្នកសារព័តមាន កាលពីល្ងាចថ្ងៃទី ១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ។
លោកឡុច សុវណ្ណរ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំងបានឲ្យ ដឹងថា ក្រុមក្មេងទំនើងដែលតែងតែធ្វើសកម្មភាពគប់កញ្ចក់រថយន្តតាមផ្លូវជាតិលេខ៥ ក្នុងភូមិសាស្រ្តខេត្តកំពង់ឆ្នាំង មានចំនួន១១នាក់ នៅពេលនេះសមត្ថកិច្ចបានឃាត់ខ្លួនបាន៨នាក់ហើយ ។ ក្រុមក្មេងទំនើងទាំងនេះ តែងបានធ្វើសកម្មភាព នៅក្នុងភូមិសាស្រ្តស្រុកបរិបូរណ៍ ស្រុករលាប្អៀរ និងក្រុងកំពង់ឆ្នាំង ។ ការធ្វើសកម្មភាពរបស់ក្មេងទំនើងទាំងនេះ គឺធ្វើឡើងដើម្បីបង្កអសន្តិសុខតាមផ្លូវ ធ្វើឲ្យប្រជាពលរដ្ឋខ្លាចរអារ ក្នុងការធ្វើដំណើរនៅពេលយប់ ក្រោយពីបង្កបញ្ហារួចហើយនោះ មានរថយន្តឬម៉ូតូមិនអាចទៅមុខរួច ឬគ្រោះថ្នាក់ចរាចរណ៍ ពួកវាគឺធ្វើសកម្មភាពលួចសម្ភារ លុយកាក់ របស់អ្នកដំណើរតែម្តង ។
លោកស្នងការបានប្រាប់ទៀតថា ក្រុមក្មេងទំនើងទាំងអស់នេះក្រោយពីធ្វើតេស្ត ទឹកនោមរួចមក ឃើញថា សុទ្ធតែជាអ្នកសេពគ្រឿងញៀន ហើយក្នុងចំណោមបក្ខពួកទាំង៨នាក់នេះ មានម្នាក់ជាមេខ្លោងក្នុងការធ្វើសកម្មភាពនេះ គឺឈ្មោះ អ៊ុំ ចន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិក្បាលថ្នល់ ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ។ ហើយក្រុមក្មេងទំនើងទាំងនេះគឺសុទ្ធតែរស់នៅក្នុងស្រុកបរិបូរណ៍ទាំងអស់ ។
ក្នុងពេលធ្វើសកម្មភាពម្តងៗ បង្កឲ្យបែកកញ្ចក់រថយន្ត រងរបួសដល់អ្នកបើកបរ ក្នុងរយៈពេលប៉ុន្មាថ្ងៃនេះ ក្រុមក្មេងទំនើងបានធ្វើសកម្មភាពគប់កញ្ចក់រថយន្តប្រមាណជាង២០រថយន្ត និង បង្កឲ្យមនុស្សម្នាក់រងរបួសបែកក្បាលផងដែរ ។
លោកស្នងការសំណូមពរ ឲ្យជនរងគ្រោះបានមកដាក់ពាក្យបណ្តឹង ដល់ក្រុមក្មេងទំនើងទាំងនេះ ដើម្បីឲ្យតុលាការចាត់ការតាមនីតិវិធី ៕ ចន្ថា