រដ្ឋមន្ត្រីការពារជាតិអុីស្រាអែល លោក Avigdor Lieberman បានសម្រេចលាលែងចេញពីតំណែង ក្រោយពេលលោកបង្ហាញការមិនពេញចិត្តលើបទឈប់បាញ់ដែលរដ្ឋាភិបាលទីក្រុងតែលអាវុីវ (Tel Aviv) ព្រមព្រៀងជាមួយក្រុមហាម៉ាស់នៅហ្គាហ្សា។
សារព័ត៌មានរ៉យទ័របានផ្សាយថា ការសម្រេចលាលែងចេញពីតំណែង របស់លោក Avigdor Lieberman ត្រូវបានប្រកាសជាសាធារណៈកាលពីរសៀលថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨។
អតីតរដ្ឋមន្ត្រីការពារជាតិបានបញ្ជាក់ថា ការដែលរដ្ឋាភិបាលបានយល់ព្រមចុះកិច្ចព្រមព្រៀងឈប់បាញ់ជាមួយក្រុមហាម៉ាស់ នៅហ្គាហ្សា ដែលមានប្រទេសអេហ្សុីបធ្វើជាអាជ្ញាកណ្តាល គឺជាការចុះចាញ់ចំពោះក្រុមភេរវកម្ម។
លោក Lieberman បានអំពាវនាវដល់រដ្ឋាភិបាលអុីស្រាអែលឯកភាពទៅលើពេលវេលា ក្នុងការរៀបចំការបោះឆ្នោតកាន់តែឆាប់កាន់តែល្អ ប៉ុន្តែគណបក្សសម្ពន្ធមិត្ត ចូលរួមកាន់អំណាចរបស់លោកនឹងត្រូវចាកចេញពីសម្ពន្ធមិត្តដឹកនាំដោយនាយករដ្ឋមន្ត្រី ប៊ែនចាមីន ណេតាន់យ៉ាងហូ។
ការបោះឆ្នោតនៅអុីស្រាអែលពេលដំបូងគ្រោងធ្វើឡើងនៅខែវិច្ឆិកា ឆ្នាំ២០១៩។ ប៉ុន្តែការបោះឆ្នោតអាចនឹងធ្វើឡើងមុនពេលកំណត់ ដោយសារតែគណបក្សនៅក្នុងសម្ពន្ធមិត្តកាន់អំណាចបានចាកចេញពីជួររដ្ឋាភិបាល។
ក្នុងថ្ងៃជាមួយគ្នានោះ នាយករដ្ឋមន្ត្រីអុីស្រាអែលបានការពារនូវការសម្រេចរបស់ខ្លួនថា បទឈប់បាញ់នៅហ្គាហ្សា គឺជារឿងសំខាន់ដើម្បីការពារសន្តិសុខជាតិក្នុងពេលបន្ទាន់មួយ។ ក្នុងពេលនោះដែរ ក្រុមហាម៉ាស់នៅហ្គាហ្សាបានចាត់ទុកថា ជាជ័យជម្នះយ៉ាងធំធេងរបស់ហ្គាហ្សា។
បទឈប់បាញ់នៅហ្គាហ្សាបានព្រមព្រៀងនៅថ្ងៃទី១៣ ខែវិច្ឆិកា ក្រោយពីថ្ងៃវាយប្រហារគ្នាយ៉ាងខ្លាំងរវាង អីស្រាអែល នឹងក្រុមហាម៉ាស់ដែលជាការវាយប្រហារទ្រង់ទ្រាយធំបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ២០១៤។ ការវាយប្រហារគ្នាបានសម្លាប់មនុស្ស ១៤នាក់ និងជាង៣០នាក់ទៀតរងរបួស៕ ម៉ែវ សាធី