ភ្នំពេញ: រថយន្ត SIENNA បើកមកឈប់ចតអែបសួនច្បារពុះ ដែល មានដាក់ស្លាកសញ្ញាហាមចតចំពោះយានយន្តគ្រប់ប្រភេទ ត្រូវរថយន្ត PRIUS បើកទៅបុកពីក្រោយពេញទំហឹង បណ្តាលឲ្យរងការខូចខាតរថយន្តទាំង២គ្រឿង ។
ហេតុការណ៍នេះបានកើតឡើងកាលពីម៉ោងជាង១រំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ តាមបណ្តោយផ្លូវរដ្ឋសភា ស្ថិតក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។
ប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញរថយន្ត SINEEA មួយគ្រឿង ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 2N-1777 បើកបរបុរសម្នាក់ ដឹកជនជាតិចិន មកឈប់ចតអែបសួនច្បារពុះ ដែល មានដាក់ស្លាកសញ្ញាហាមចតចំពោះយានយន្តគ្រប់ប្រភេទ រួចនាំជនជាតិចិននោះឡើង NAGA II លុះមកដល់ម៉ោងកើតហេតុ ស្រាប់តែមានរថយន្តតូយ៉ូតា PRIUS មួយគ្រឿង ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2AD-7890 បើកបរដោយបុរសម្នាក់ ធ្វើដំណើរតាមបណ្ដោយផ្លូវរដ្ឋសភា យ៉ាងលឿន បានរេចង្កូតទៅបុកពីក្រោយរថយន្ត SINEEA បណ្ដាលឲ្យរងការខូចខាតរថយន្តទាំង២គ្រឿង ។
បន្ទាប់មកសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍ទន្លេបាសាក់ បានចុះមកដល់កន្លែងកើតហេតុ ឲ្យភាគីទាំងសងខាងធ្វើការដោះស្រាយគ្នាមួយជំហានសិន ទើបតៃកុងរថយន្ត SIENNA បានទាក់ទងទូរស័ព្ទទៅជនជាតិចិនប្រុសស្រីទាំង២នាក់នោះ ឲ្យចុះពីលើ NAGA II មកដោះស្រាយគ្នា ដោយភាគីខាងរថយន្ត PIRUS សុំសម្របសម្រួលសងជាសំណង ៤០០ដុល្លារ ឬក៏យករថយន្តទៅជួសជុលឲ្យដូចដើមវិញ តែបែរជាជនជាតិចិននោះ ទារសំណង រហូតដល់ ៦០០០ដុល្លារ គ្រាន់តែឮ៦០០០ពាន់ដុល្លារ ហើយរង់ចាំយូរទៀតនោះ ភាគីខាងរថយន្ត PIRUS ក៏សម្រេចប្រគល់ឲ្យសមត្ថកិច្ច តែដោយមានការជួយសម្រេបសម្រួលពីបងប្អូនអ្នករត់តាក់ស៊ី ជួយប្រាប់ថា “បើសិនជាយកទៅដោះស្រាយនៅខាងចរាចរក្រុង គឺត្រូវចំណាយពេលយូរ ព្រោះមានករណីចរាចររាប់សិបករណី ដែល សមត្ថកិច្ចក្រុងយកទៅរក្សាទុក និងដោះស្រាយបន្តបន្ទាប់តាមលំដាប់ បើគិតអាចពីកន្លះខែ ឬជិតមួយខែ ទើបបានដោះស្រាយ” ទើបភាគីទាំងសងខាងមិនចង់វែងឆ្ងាយ ភាគីខាងរថយន្ត PRIUS សុំចេញសំណងទាំងស្រុង ទើបភាគីជនជាតិចិនម្ចាស់រថយន្តបង្ក ក៏យល់ព្រមឲ្យរថយន្តទៅជួសជុលឲ្យដូចដើមវិញផងដែរ ៕ ជ្រោយពេជ្រ