ព័ត៌មានទាន់ហេតុការណ៍៖

ឃាតក ដែលចាក់សម្លាប់ប្រធានប្រជាការពារ ភូមិតាឡី ផ្តើមចេញពីទំនាស់ទិញ លក់ដី

ចែករំលែក៖

ភ្នំពេញ ៖​ លោកវរៈសេនីយ៍ឯក​ ជឹម​ សីុថា​ អធិការខណ្ឌដង្កោបានឲ្យដឹងថា​ ជនសង្ស័យ​ឈ្មោះ​ ថាច់​ សួ​ ភេទ​ប្រុស ​អាយុ​៤៨​ឆ្នាំ​ ជនជាតិ​ខ្មែរ​ ស្នាក់នៅ​ផ្ទះ​គ្មាន​លេខ​ ភូមិ​បូរី​កម្មករ​ សង្កាត់​ជើងឯក​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ បានឃាត់​ខ្លួន​នៅ​ចំណុចភូមិ​សំបូរ​មាស​ សង្កាត់​ដង្កោ​ ខណ្ឌដង្កោ នៅវេលា​ម៉ោង​១១ និង១០នាទី​ព្រឹក​ ថ្ងៃទី​១៥​ ខែ​វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ដោយមូលហេតុដែលឈានដល់ការចាក់សម្លាប់ជនរងគ្រោះ គឺផ្តើមចេញពីទំនាស់ទិញលក់ដី​ ហើយមុនពេលកើតហេតុ ជនរងគ្រោះបានស្ទុះទៅវៃជនសង្ស័យ​ ទើបធ្វើឲ្យជនសង្ស័យការពារខ្លួនទាញកូនកាំបិតចាក់ទៅលើជនរងគ្រោះតែម្តង ។ នេះបើតាមការសារភាពរបស់ជនសង្ស័យ ។

គួរបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៣​ ខែ​ វិច្ឆិកា​ ឆ្នាំ​ ២០១៨​ ជនសង្ស័យ និងរងគ្រោះបានផឹកសីុជាមួយគ្នានៅហាងមួយកន្លែងតាមបណ្តោយផ្លូវព្រៃ​ស​ ហើយពេលផឹកស្រវឹងក៏បានទាស់សម្តីគ្នា​តិចតួចរឿងរកសីុដីធ្លី​ រហូតដល់ម៉ោង១១យប់​ ក៏បបួលគ្នាទៅផឹកបន្តទៀតនៅផ្ទះរងគ្រោះ​ ប៉ុន្តែពេលជិះដល់កណ្តាលផ្លូវជនសង្ស័យ ក៏ស្ទាក់យកកូនកាបិតចាក់ទៅលើជនរងគ្រោះចំនួនបីកាំបិតបណ្តាលឲ្យស្លាប់ពេលបញ្ជូនទៅមន្ទីរពេទ្យ​ ចំណែកជនសង្ស័យបានរត់គេចខ្លួន​បាត់ក្រោយកើតហេតុ។

បន្ទាប់ពីករណីនេះកម្លាំងសមត្ថកិច្ចខណ្ឌដង្កោដែលដឹកនាំដោយលោកវរៈសេនីយ៍ឯក​ ជឹម​ សីុថា​ បានដាក់កម្លាំងតាមគោលដៅដើម្បីស្វែងរកចាប់ខ្លួនឃាតក​ ដោយមិនដល់២ថ្ងៃផង កម្លាំងសមត្ថកិច្ចក៏តាមក្របួចឃាតកនោះបានបញ្ជូនទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញភ្លាមៗដើម្បីបន្តនីតីវិធី ៕ ភារ៉ា ដង្កោ


ចែករំលែក៖