ភ្នំពេញៈ ដូចជាការគ្រោងទុក រដ្ឋសភាជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានបើកកិច្ចប្រជុំពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុ សម្រាប់ការគ្រប់គ្រងឆ្នាំ២០១៩ ដែលមានមាន៦ជំពូក និង១៣មាត្រា ហើយដោយសម្លេងចង១១៣រូប នៃសមាជិកសភា ដែលចូលរួមទាំងមូល។
រដ្ឋសភា បានបើកសម័យប្រជុំពេញអង្គលើកទី១ នីតិកាលទី៦ នាព្រឹកថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ ២០១៨ ក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា សម្តេចក្រឡាហោម ស ខេង នាយករដ្ឋមន្ត្រីស្តីទី និងសមាជិករដ្ឋាទាំងអស់១១៥រូប។
យោងតាមសេចក្តីថ្លែងហេតុ របស់រាជរដ្ឋាភិបាល បានឲ្យដឹងថា សេចក្តីព្រាងច្បាប់ថវិកា ឆ្នាំ២០១៩នេះ ត្រូវបានរៀបចំឡើងតាមគោលនយោបាយពង្រឹងការគ្រប់គ្រងថវិកា ក្នុងគោលដៅដោះស្រាយឲ្យបានជាសារវ័ន្តនូវសេចក្តីត្រូវការក្នុងការឆ្លើយតបទៅនឹងអទិភាពគោលនយោបាយធំៗ របស់រាជដ្ឋាភិបាល នឹងតម្រូវការចាំបាច់ជាមូលដ្ឋានរបស់ក្រសួងស្ថាប័ននានា ដើម្បីបម្រើ និងផ្តល់នូវការឆ្លើយតបប្រកបដោយប្រសិទ្ធភាព។
ថ្លែងហេតុ បានបន្តថា សម្រាប់់ឆ្នាំ២០១៩ រាជរដ្ឋាភិបាល គម្រោងចំណាយថវិកាថ្នាក់ជាតិ មានចំនួន២៥,៧៦៥,០២៨លានរៀល ត្រូវជា២៣,៤៥% នៃផ.ស.ស មានកំណើន១០,០% ធៀបនឹងច្បាប់ឆ្នាំ២០១៨។ ចំណាយចរន្តថ្នាក់ជាតិ ត្រូវបានកំណត់ឲ្យស្ថិតក្នុងកម្រិតចំនួន១៦,៨២៧,២៨០លានរៀល ត្រូវជា១៥,៣១%នៃ ផ.ស.ស គឺមានកំណើន១០,៦% ធៀបនឹងច្បាប់ឆ្នាំ២០១៨ ក្នុងនោះចំណាយបន្ទុកបុគ្គលិកមានបៀវត្សមូលដ្ឋាន ប្រាក់ចំណូលមុខងារ លាភការរង្វាន់ផ្សេងៗ និងប្រាក់វិភាជន៍សង្គមសម្រាប់ដឹកនាំស្ថាប័នសាធារណៈ បុគ្គលិកក្របខ័ណ្ឌអចិន្ត្រៃយ៍ មន្ត្រីជាប់កិច្ចសន្យា ត្រូវបានគម្រោងចំនួន៧,៨៦២,៥៣៧លានរៀល មានសមាមាត្រស្មើនឹង៤៦,៧២% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា៧,១៥% នៃផ.ស.ស គឺថយចុះ -០,៧% ធៀបនឹងច្បាប់ឆ្នាំ២០១៨។ ចំណាយក្រៅបន្ទុកបុគ្គលិក ត្រូវបានគ្រោងចំនួន៨,៩៦៤,៧៤៣លានរៀល មានសមាមាត្រាស្មើនឹង៥៣,៣% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា៨,១៦% នៃផ.ស.ស គឺមានកំណើន២២,៨% ធៀបនឹងច្បាប់ឆ្នាំ២០១៨។
ថ្លែងហេតុ បានលើកឡើងទៀតថា រដ្ឋសភាគ្រោងចំណាយលើកវិស័យរដ្ឋបាលទូទៅ ចំនួន២,២៤៥,៧៨៥លានរៀល មានសមាមាត្រាស្មើនឹង១៣,៣% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា២,០៤% នៃផ.ស.ស គឺមានការថយចុះ -០,៨% ធៀបនឹងច្បាប់ឆ្នាំ២០១៨។
វិស័យការពារជាតិ សន្តិសុខ និងសណ្តាប់ធ្នាប់សាធារណៈ គ្រោងថវិកាចំនួន៤,២៦៣,៥៥លានរៀ ល មានសមាមាត្រាស្មើនឹង២៥,៣% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា៣,៨៨% នៃផ.ស.ស គឺមានកំណើន៩,៥% ធៀបនឹងច្បាប់ឆ្នាំ២៩១៨។ ចំណែកវិស័យសង្គមកិច្ចវិញ គ្រោងចំណាយថវិកា ចំនួន៦,១៩៦,៧៩៦លានរៀល មានសមាមាត្រស្មើនឹង៣៦,៨% នៃចំណាយចរន្តថវិកាថ្នាក់ជាតិ ត្រូវជា៥,៦៤% នៃផ.ស.ស គឺមានកំណើន៩,៥% ធៀបនឹងច្បាប់ឆ្នាំ២០១៨។
សេចក្តីថ្លែងហេតុ នៃសេចក្តីព្រាងច្បាប់ ក៏បានឲ្យដឹងថា វិស័យអទិភាពសំខាន់ក្នុងវិស័យនេះ គឺផ្តោតទៅលើកម្ពុជា និងសកម្មភាពការងារដូចជា ការបន្តគាំទ្រដល់ការពង្រឹងទំនាក់ទំនងការទូតនៅលើឆាកអន្តរជាតិ និងការពង្រីងតួនាទីរបស់កម្ពុជា នៅក្នុងកិច្ចការតំបន់ និងអន្តរជាតិ ព្រមទាំងកិច្ចការពារ និងជួយសង្គ្រោះពលករខ្មែរ ដែលធ្វើការនៅក្រៅប្រទេស ជាពិសេស ស្ត្រីខ្មែរ ដែលត្រូវរងគ្រោះដោយសារការឆបោក និងការជួញដូរផ្លូវភេទ។
ការបន្តគាំទ្រដល់ការកែទម្រង់រដ្ឋបាលសាធារណៈ និងកម្មវិធីការគ្រប់គ្រងគុណភាព និងប្រសិទ្ធភាពក្នុងការផ្តល់សេវាសាធារណៈ និងកម្មវិធីពង្រឹងប្រសិទ្ធភាពការគ្រប់គ្រងមន្ត្រីរាជការ និងការកែលម្អរបៀបគ្រប់គ្រង និងចាត់ចែងការងារ។ ការគាំទ្រដល់កម្មវិធីពង្រឹងការគ្រប់គ្រងវិស័យសំណង់ និងកម្មវិធីពង្រឹងការរៀបចំដែនដី និងនគរូបនីយកម្ម។ ការបន្តគាំទ្រដល់ការបែងចែកដីសម្បទានសង្គមកិច្ច និងការដោះស្រាយទំនាស់ដីធ្លី ការជំរុញការបន្តចុះបញ្ជី និងការផ្តល់ប័ណ្ណកម្មសិទ្ធិដីធ្លី ទាំងដីរដ្ឋ ទាំងដីឯកជន និងដីសហគមន៍ជនជាតិដើមភាគតិច។ ការគាំទ្រដល់ការបោះឆ្នោតជ្រើសរើស ក្រុម ប្រឹក្សា រាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុង និងក្រុមប្រឹក្សាខណ្ឌ អាណត្តិទី៣ ឆ្នាំ២០១៩ ឲ្យប្រព្រឹត្តិទៅដោយរលូន ត្រឹមត្រូវ តម្លាភាព និងយុត្តិធម៌។ល៕