ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិបរទេសបើករថយន្តទំនើបអូឌីទៅបុកបង្គោលភ្លើងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបង្កឡើងដោយរថយន្តទំនើបម៉ាកអូឌី ដែលបើកបរដោយបុរសម្នាក់ រួមដំណើរដោយបុរសម្នាក់ទៀតជាជនជាតិបរទេស បានបើកទៅបុកបង្គោលភ្លើងមុខសាកលវិទ្យាល័យជាតិគ្រប់គ្រង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ កាលពីវេលាម៉ោង១ រំលង អធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្ដោយផ្លូវព្រះមុនីវង្ស កែងផ្លូវលេខ៩៥ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។

ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា ដំបូងគេឃើញរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាកអូឌី ពណ៌ប្រផេះ ពាក់ស្លាក់លេខ ភ្នំពេញ 2AB.3011បើកបរដោយបុរសម្នាក់ រួមជាមួយបុរសម្នាក់ទៀតជាជនជាតិបរទេសដូចគ្នា បានធ្វើដំណើរតាមបណ្ដោយផ្លូវព្រះមុនីវង្ស ទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿន លុះដល់ចំណុចផ្លូវលេខ៩៥ ក៏បានបត់ឆ្វេងទាំងមិនប្រយ័ត្នបានជ្រុលទៅបុកបង្គោលភ្លើងពេញទំហឹងតែម្ដង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានដែលជំនាញចរាចរណ៍ បានចុះមកវាស់វែង និងស្ទួចរថយន្តបង្ករទៅរក្សាទុកនៅការិយាល័យចរាចរណ៍ជើងគោករាជធានីភ្នំពេញដើម្បីចាត់វិធានការតាមផ្លូវច្បាប់ ៕ ភារ៉ា ដង្កោ


ចែករំលែក៖