ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានរៀបចំពិធីបួងសួងសុំសេចក្តីសុខ ចំរុងចំរើន និងសុំពរ ជ័យតាមបែបសាសនាពីបារមីលោកយាយដូនពេញដែលជាស្ថាបនិករាជធានីភ្នំពេញ នៅរមណីយ៏ ដ្ឋានវត្តភ្នំ នាព្រឹកថ្ងៃចន្ទ ១២កើត ខែកត្ដិក ឆ្នាំចសំរឹទ្ធិស័កព.ស២៥៦២ត្រូវ និងថ្ងៃ១៩ វិច្ឆិកា ២០១៨ សំរាប់ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកដើម្បីឲ្យពិធីបុណ្យនេះប្រព្រឹត្តទៅប្រកបដោយក្តីសប្បាយ រីករាយ និងចៀស ផុតពីគ្រោះចង្រៃទាំងពួងដែលប្រុង និងបៀតបៀន ។
ពិធីនេះ ប្រព្រឹត្តទៅដោយមានការចូលរួមជាអធិបតីភាពលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ លោកហួត ហៃ អភិបាលរងរាជធានីភ្នំពេញ តំណាងឲ្យលោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងមានការចូលរួមពីមន្ត្រីរាជការក្រោមឱវាទ និងកីឡាកចំណុះទូកជាច្រើនរយនាក់ថែមទៀត ។
លោកម៉ប់ សារិន បានមានប្រសាសន៍ថា បុណ្យអុំទូកមានតាំងពីសម័យ អង្គរ ពិសេសនៅសម័យលង្វែក ទ័ពជើងទឹកយើងខ្លាំង ។ ឆ្នាំនេះនឹងធ្វើឡើងធំ ដោយសារប្រទេសយើងមានសន្តិភពក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន សែន ។ សម្រាប់អាជ្ញាធររាជធានីភ្នំពេញក្នុង ព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំនេះ បានយកចិត្តទុកដាក់ណាស់ រួមទាំងកិច្ចការពារសន្តិសុខសណ្តាប់ធ្នាប់ និងការរៀបចំតុបតែងភ្នំពេញ ឃើញថាល្អណាស់ពិសេសនៅពេលយប់មើលទៅទាក់ទាញភ្នែកតែម្តង ។
លោកម៉ប់ សារិនក្នុងឱកាសនោះក៏បានសូមឲ្យកីឡាកទាំងអស់ ចេះជួយគ្នា សាមគ្គីភាពគ្នា រក្សាអនាម័យហូបស្អាត ផឹកស្អាត់ ដើម្បីសុខភាពយើងល្អ ឈានទៅដណ្តើមជ័យជំនៈ និងបញ្ចប់ព្រះរាជពិធីទៅទទួលបាននូវរីករាយ និងជោគជ័យ ។
សូមបញ្ជាក់ថា ៖ រាជធានីភ្នំពេញមានទូកចំនូន៤៦ទូក ក្នុងនោះប្រភេទទូកអុំបុរស មានចំនួន៣២ទូក,ទូកចែវបុរសមាន៤ទូក,ប្រភេទទូកខ្នាតអន្តរជាតិបុរសមាន១០ទូក សំរាប់ចូលរួមប្រកួតក្នុងព្រះរាជពិធីបុណ្យអុំទូកឆ្នាំនេះ ដោយមានកីឡាករ កីឡាការនី សរុបចំនួន៣២៣៤នាក់ ។
ព្រះរាជពិធីបុណ្យអុំទូកថ្នាក់ជាតិឆ្នាំនេះ សម្រាប់ទូទាំងប្រទេសទូកង ដែលត្រូវចូលរួមប្រកួតប្រជែងមានចំនួន ២៩៨ទូក ខណៈដែលឆ្នាំ២០១៧មានទូក ងត្រឹមតែ២៧០ទូក និង មានទីឡាករជិត២ម៉ឺននាក់ ។ សម្រាប់ប្រទីបឆ្នាំនេះ មានចំនួន១៥ លើសពីឆ្នាំទៅផងដែរ ៕ សំរិត