ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ ផឹកចំស្រាកាច វាយប្រពន្ធបាក់កស្លាប់ព្រោះជេរកូនឌឺខ្លួនពេលស្រវឹង

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យម្នាក់ ត្រូវបាននគរបាលចាប់ខ្លួនភ្លាមៗ ក្រោយពីបានធ្វើសកម្មភាពប្រើអំពើហង្សាវាយដំ ប្រពន្ធរបស់ខ្លួនរហូតសន្លប់ស្តូកស្តឹង ព្រោះ តែទំនាស់ពាក្យសម្តីខឹងប្រពន្ធស្តី បន្ទោសបន្តិចបន្តួច​ ខណៈដែលបុរសជាប្តី រូបនេះផឹកស្រវឹងជោកហើយក្រោយមកស្ត្រីជាប្រពន្ធត្រូវបានអ្នកភូមិបញ្ជូនទៅ សង្គ្រោះហើយនាងក៏បានស្លាប់នៅមន្ទីរ ពេទ្យតែម្តងដោយសាររងរបួសធ្ងន់ពេក។

ហេតុការណ៍ដ៏គួរឲ្យភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១២ថ្ងៃត្រង់ ថ្ងៃសៅរ៍ ១០កើត ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយ មានជ័យ ។

មន្រ្តីនគរបាលប៉ុស្តិ៍ផ្សារកណ្តាលបានឲ្យដឹងថាជនសង្ស័យជាប្តីដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ចក ឆក ភេទប្រុស អាយុ៤០ឆ្នាំ មុខរបរកម្មករ មានស្រុកកំណើត នៅខេត្តបាត់ដំបង ។ រីឯស្រ្តីរងគ្រោះជា ប្រពន្ធឈ្មោះ ឈឿន ហៃ អាយុ៣៨ឆ្នាំ មាន ស្រុកកំណើតនៅខេត្តបាត់ដំបងមានមុខ របរជាស្រី្តមេផ្ទះ។ បច្ចុប្បន្ន២នាក់ប្តីប្រពន្ធនេះរស់នៅក្នុងភូមិឃុំកើតហេតុខាងលើ។

ពាក់ពន្ធ័ករណីប្តីសម្លាប់ប្រពន្ធខាងលើនេះលោក ប្រឹម សុផល នាយប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារកណ្តាលបានឲ្យដឹងថា ជន សង្ស័យ ចក ឆក ត្រូវបានកម្លាំងនគរបាលយើងឃាត់ខ្លួនភ្លាមៗក្រោយពីបានប្រើ អំពើហិង្សាវាយដំប្រពន្ធរបស់ខ្លួនរហូត ដល់សន្លប់បាត់ស្មារតីហើយក្រោយមកស្ត្រីរងគ្រោះត្រូវបានអ្នកស្រុកប្រជាការពារនិងកម្លាំងនគរបាលចុះធ្វើអន្តរាគមន៍បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យតែអកុសលស្ត្រី រងគ្រោះក៏បានដាច់ខ្យល់ស្លាប់នៅមន្ទីរ ពេទ្យតែម្តង ។

លោកបន្តថា នៅចំពោះមុខសមត្ថកិច្ច សួរនាំជនសង្ស័យ ចក ឆក បានសារភាព ថា មុនពេលកើតហេតុ រូបគេនិងអ្នកជិតខាងបានផឹកស្រាជាមួយគ្នាតាំងពីព្រឹក លុះ ស្រវឹងក៏បានត្រឡប់មកផ្ទះវិញឮប្រពន្ធស្តីបន្ទោស និងជេរកូនពេលនោះរូបគេគិតថាប្រពន្ធជេរឌឺដាក់ខ្លួនក៏បានចូលទៅក្នុងផ្ទះទាត់ប្រពន្ធចំនួន៣ជើងទាំងកំពុងដេក បំបៅដោះកូននិងទះ១កំផ្លៀងកណ្តាល មុខ បណ្តាលឲ្យប្រពន្ធដួលសន្លប់ រួចទៅ បិទទ្វារមិនឲ្យនរណាចេញចូលជួយឡើយ។ បន្ទាប់មកដោយឃើញប្រពន្ធ សន្លប់ រូបគេបានកោសខ្យល់និងធ្វើចលនាឲ្យប្រពន្ធដឹងខ្លួនវិញតែដោយមិនឃើញប្រពន្ធដឹងខ្លួនក៏រត់ទៅហៅអ្នកស្រុកមកជួយនិងបញ្ជូនទៅមន្ទីរពេទ្យ ។

ប្រភពពីអ្នកជិតខាងបានឲ្យដឹងថា បុរសខាងលើ ឲ្យតែផឹកស៊ីស្រវឹងម្តងៗ គឺតែងតែមានទំនាស់ពាក្យសម្តីនិងវាយដំលើប្រពន្ធកូនជាញឹកញាប់។ លើកចុង ក្រោយនេះបែបជ្រុលដៃទើបបណ្តាលឲ្យស្ត្រីជាប្រពន្ធស្លាប់បាត់បង់ជីវិតបែបនេះ។

ពាក់ព័ន្ធករណីខាងលើ លោក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយ មានជ័យ ក្រោយកើតហេតុជនសង្ស័យត្រូវបានសមត្ថ កិច្ចឃាត់ខ្លួនយកមកសួរនាំនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨នេះ ហើយ ជនសង្ស័យត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីផ្តន្ទាទោសតាមនីតិវិធី ៕ សហការី


ចែករំលែក៖