ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យម្នាក់ ផ្លោះរបងផ្ទះជួលចូលលួចទ្រព្យសម្បត្តិមិនសម្រេច ត្រូវកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់១ឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្រោយពីបានធ្វើសកម្មភាពផ្លោះរបងផ្ទះ ជួល ចូលលួចទ្រព្យសម្បត្តិមិនសម្រេច ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍បឹងកក់១ ឃាត់ខ្លួន ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវម៉ោង៣ទៀបភ្លឺ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅផ្ទះជួលលេខ៥ ផ្លូវលេខ៣១៣កែងនឹងផ្លូវលេខ៥៤៨ ក្នុងសង្កាត់បឹងកក់១ ខណ្ឌទួលគោក។

សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យមានឈ្មោះ សុខ វិត ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរ រើសអេតចាយ ស្នាក់នៅម្តុំវត្តនាគវ័ន មានស្រុកកំណើត នៅខេត្តក្រចេះ ។

តាមសម្តីបុរសម្នាក់ ជាអ្នកមើលការខុសត្រូវនៅផ្ទះកើតហេតុមានឈ្មោះ មួន ស៊ីធី ​ អាយុ២៦ឆ្នាំ បានឲ្យដឹងថា មុនពេលកើតហេតុមានមិត្តភក្តិគាត់ម្នាក់បានចុចកណ្តឹងទ្វារផ្ទះឲ្យគាត់ចូលហើយរូបគាត់បានដើរមកបើកទ្វារឲ្យចូល ស្រាប់តែឃើញជនសង្ស័យបានផ្លោះរបងចូលក្នុងផ្ទះគេក្បែរនោះបាត់ទៅហើយរួចគាត់ស្រែកចោរៗនិងបាននាំគ្នាដេញចាប់ ហើយខណៈនោះកម្លាំងសមត្ថកិច្ចកំពុងល្បាតនៅក្នុងមូលដ្ឋានមកដល់ក៏ឃាត់បានជនសង្ស័យតែម្តង។

បន្ទាប់ពីឃាត់ខ្លួនជនសង្ស័យត្រូវបានសមត្ថកិច្ចនាំខ្លួនមកសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់១ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ ជ្រោយពេជ្រ


ចែករំលែក៖