ភ្នំពេញ៖ លោក ហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មិនត្រឹមតែប្រឈមមុខនឹងការរិះគន់ មិនពេញចិត្តចំពោះបុគ្គលិកមន្ត្រីរាជការថ្នាក់ដឹកនាំមួយចំនួនទៀត ប៉ុណ្ណោះទេ ក្នុងករណីគាត់ក្រាញ់ននៀល មិនព្រមចូលនិវត្តន៍រយៈពេលជាងមួយឆ្នាំមកនេះ ។ មន្ត្រីបានបញ្ជាក់យ៉ាងលម្អិតថា លោកហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ ត្រូវបានចូលនិវត្តន៍តាំងពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧មកម្ល៉េះ ប៉ុន្តែមិនដឹងជាគាត់ត្រូវពឹងអាស្រ័យ ចំណយថវិកា អន្តរាគមន៍ដោយវិធីណាទេ ស្រាប់តែ នៅមានវត្តមានក្នុងតំណែងជាអនុប្រធាននេះដដែល ។
មន្ត្រីបានរំលឹកថា ការមិនចូលនិវត្តន៍ ក្នុងនាមជាមន្ត្រីរដ្ឋបាលមុខងារសាធារណៈ និងផ្ទុយពីលក្ខន្តិកៈ មន្ត្រីរាជការ មានន័យថា បុគ្គលរូបនេះ កំពុងតែមិនបានគោរពនូវច្បាប់ការងារ ក៏ដូចជាមានចេតនាទុច្ចរិត មិនបានគោរពច្បាប់ក្នុងប្រទេសនៃប្រទេសគ្រប់គ្រងដោយច្បាប់ ។ ក្នុងនោះបង្កើតឲ្យមានបញ្ហាសតិអារម្មណ៍ដោយមន្ត្រីជាច្រើន ដែលពួកគាត់យល់ឃើញថា អ្នកមានសមត្ថភាព ចំណេះដឹង បទពិសោធន៍ អតីតភាពការងារយូរឆ្នាំ រួមទាំងនិស្សិត បញ្ញវន្តជាច្រើននាក់ទៀត ប្រកបដោយធនធានមនុស្ស នៅក្នុងអគ្គនាយកដ្ឋានពន្ធដារកម្ពុជា នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដ៏ច្រើននាក់ ចុះហេតុអ្វី អគ្គនាយកដ្ឋានចាំបាច់ត្រូវការបុគ្គលម្នាក់នេះ ទាំងមិនសមស្របទៅនឹងលក្ខន្តិកៈ បុគ្គលិកមន្ត្រីរាជការ ដែលខ្លួនត្រូវចូលនិវត្តន៍តាំងពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ប៉ុន្តែមានឱកាសក្រាញ់ននៀល អង្គុយកៅអីជាអនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំមកទល់បច្ចុប្បន្ន ជាមួយនឹងការរិះគន់ ករណីមិនពេញចិត្តពីបុគ្គលិក មន្ត្រីរាជការ ថ្នាក់ដឹកនាំមួយចំនួន ក្នុងនោះ លោកហេង ណារិទ្ធ ក៏បានបន្សល់ទុកនូវ ទង្វើមិនគប្បី សម្តីគ្មានដង កង្វះខាតផ្នែកសីលធម៌ ក្នុងនាមជាថ្នាក់ដឹកនាំទៅលើមន្ត្រីរបស់ខ្លួន និងប្រកបដោយភាពរើសអើងក្រអឺតក្រទម ផ្ទុយពីអ្វីដែលលោក ប្រតិភូ ទទួលបន្ទុកអគ្គនាយក អគ្គនាយកដ្ឋានកម្ពុជា ដឹកនាំប្រកបដោយស្មារតីទទួលខុសត្រូវ កំណែទម្រង់រដ្ឋបាល និងជំរុញឲ្យមន្ត្រីគ្រប់ជាន់ថ្នាក់ សហការ សាមគ្គីផ្ទៃក្នុង បំពេញតួនាទីភារកិច្ច តាមជំនាញរៀងៗខ្លួន ដើម្បីសក្តានុពលការងារ ប្រកបដោយគុណភាពជូនអង្គភាព ។ ដោយឡែក លោកហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ ដែលមិនព្រមចូលនិវត្តន៍នេះ ក៏ត្រូវបានគេលើកឡើងដោយចំអកផងដែរថា ចូលចិត្តធ្វើតាមទម្លាប់ ខ្វះជំនាញបច្ចេកទេស ប៉ុន្តែមានបទពិសោធន៍ វប្បធម៌ដ៏អាក្រក់ គាបសង្កត់ក្រុមហ៊ុន ផ្ទុយពីគោលការណ៍របស់អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ដើម្បីទាញយកផលប្រយោជន៍ទាំងពុំដឹងខ្លួនឯងថា បាននិងកំពុង ធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរមកលើកិត្តិយស និងសេចក្តីថ្លៃថ្នូររបស់ថ្នាក់លើ ក៏ដូចជាអង្គភាពទាំងមូល ។
ជាក់ស្តែងថ្មីៗនេះ លោក ហេង ណារិទ្ធ មិនត្រឹមត្រូវបានគេទម្លាយជាមួយនឹងការផ្សព្វផ្សាយលើគេហទំព័រ កាសែត ក្នុងស្រុកដ៏ច្រើនលើសលប់ប៉ុណ្ណោះទេ ជុំវិញភាពមិនប្រក្រតីរបស់គាត់ ក្នុងនោះ សូម្បីតែ ប្រជាពលរដ្ឋ អាចជាម្ចាស់ក្រុមហ៊ុនមួយនៅកម្ពុជា សង្ស័យទប់កំហឹងនឹងការអាក់អន់ស្រពន់ចិត្តចំពោះបុគ្គលហេង ណារិទ្ធ គាបសង្កត់ក្នុងប្រយោជន៍ពុករលួយ បង្កផលលំបាកដល់ក្រុមហ៊ុនរបស់គាត់ ឬទ្រាំមិនបាននឹងវប្បធម៌ដ៏អាក្រក់នេះ ខ្លួនបានបង្ខំចិត្តលាតត្រដាងជាសាធារណៈលើអាខោន ហ្វេសប៊ុករបស់ខ្លួន ដែលមានឈ្មោះថា ទ្រព្យលាភសំណាង រិះគន់ចំៗ ដោយមិនសំចៃមាត់ ទៅលើបុគ្គល លោកហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ នៃអគ្គនាយកដ្ឋានពន្ធដារកម្ពុជា កាលពីពេលថ្មីៗនេះយ៉ាងដូច្នេះថា «មន្ត្រីដែលស្រឡាញ់អំណាច មិនចេះធ្វើការ តែពូកែអែបអបម្នាក់នេះឈ្មោះ ហេង ណារិទ្ធ កាន់ការងារផ្នែកសវនកម្មពិសេស នៅក្នុងអគ្គនាយកដ្ឋានពន្ធដារ (អាចនិយាយបានថា ជាន់ផ្អៀង ជាមន្ត្រីជំនិតរបស់ថ្នាក់លើ (អង្គភាព«នគរវត្ត»សុំមិនបញ្ចេញឈ្មោះ)… មិនមានមន្ត្រីណា ហ៊ានប៉ះនោះទេ» ។ ម្ចាស់អាខោនបន្តថា ដើម្បីតែផលប្រយោជន៍ និងការរកស៊ីរបស់កូនខ្លួន (ក្រុមហ៊ុន KNN ដែលធំជាងគេនៅស្រុកខ្មែរ) បានធ្វើការផ្អាកក្រុមហ៊ុនរបស់នាងខ្ញុំ ដែលធ្វើការរកស៊ីតូចតាច គ្រាន់ចិញ្ចឹមគ្រួសារ មានរបងជាប់គ្នានឹងកូនរបស់គាត់ ដែលមានក្បាលដីត្រឹម១០ម៉ែត្រ(ដីជួលគេ) ប៉ុណ្ណោះ អស់រយៈពេលជាង១ឆ្នាំកន្លងមកហើយ (១៦ វិច្ឆិកា ២០១៧) បើគិតមកដល់ថ្ងៃនេះ ដោយគ្មានដំណោះស្រាយអ្វីទាំងអស់ បើទោះជាខាងក្រុមហ៊ុននាងខ្ញុំបានបញ្ចូលឯកសារ ដែលពាក់ព័ន្ធនឹងក្រុមហ៊ុនបានប្រកាសប្រាក់ពន្ធរួចហើយ ឲ្យគាត់ពិនិត្យ និងធ្វើលិខិតតវ៉ាចំនួន៣លើកកន្លងមក និងបានព្យាយាមចូលខ្លួនទៅដោះស្រាយរហូត តែគ្មានការឆ្លើយតបអ្វីទាំងអស់មកខាងក្រុមហ៊ុនរបស់នាងខ្ញុំវិញទេ ។ ម្ចាស់អាខោន លើកឡើងថា ចម្លើយដែលនាងខ្ញុំបានទទួលពីលោកហេង ណារិទ្ធ គឺឲ្យខាងក្រុមហ៊ុនរបស់នាងខ្ញុំ ទៅរកលោកធំមកអន្តរាគមន៍ ដើម្បីឲ្យបើកដំណើរការក្រុមហ៊ុនវិញ… បើមិនអីចឹងទេ ឲ្យក្រុមហ៊ុននាងខ្ញុំបង់ប្រាក់តាមអ្វីដែលគាត់បានទាមទារ ។ ក្រុមហ៊ុននាងខ្ញុំមានប្រាក់ឯណាសម្រាប់បង់នូវចំនួនដែលគាត់ប្រាប់បានទៅ (បើក្រុមហ៊ុននាងខ្ញុំបានប្រកាសរួចហើយ)ហ្នឹង ។
ម្ចាស់អាខោនខាងលើបាននិយាយទាំងភាពឈឺចុកចាប់ថា លោកហេង ណារិទ្ធ ម្នាក់នេះ ក្នុងនាមជាមន្ត្រីរាជការ តែមិនគោរពច្បាប់ ប្រើសិទ្ធិអំណាចរបស់ខ្លួនធ្វើការផ្តេសផ្តាស់ ចង់បានតែផលប្រយោជន៍របស់ខ្លួន មិនគិតពីការខាតបង់ប្រាក់ពន្ធនាំចូលរបស់រដ្ឋទេ ការផ្អាកក្រុមហ៊ុនរបស់នាងខ្ញុំ នេះជាការខាតបង់របស់រដ្ឋដ៏ធំអស់រយៈពេលជាង១ឆ្នាំ ។ ដូច្នេះ បើទុកឲ្យមន្ត្រីឈ្មោះ ហេង ណារិទ្ធ នេះឲ្យនៅធ្វើការតទៅទៀត អគ្គនាយកដ្ឋានពន្ធដារកម្ពុជា នឹងមានការខាតបង់ប្រាក់ចំណូលកាន់តែច្រើន បង្កឲ្យអ្នកវិនិយោគលែងគោរពច្បាប់(ប្រកាសត្រឹមត្រូវ បែរជាបិទក្រុមហ៊ុនមិនឲ្យនាំចូល) ។ អ្នកស្រីបន្តថា ការព្យាយាមរបស់នាងខ្ញុំ ដើម្បីរកដំណោះស្រាយអស់រយៈពេលជាង១ឆ្នាំមកហើយ ពេលនេះ នាងខ្ញុំសូមការអន្តរាគមន៍តាមបណ្តាញហ្វេសប៊ុកនេះម្តង ក្រែងបានដឹង និងឮដល់ឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ដើម្បីធ្វើការជួយដោះស្រាយឲ្យនាងខ្ញុំ បានដំណើរការក្រុមហ៊ុនមកវិញ ព្រោះនាងខ្ញុំស្វះស្វែងរកមន្ត្រីដែលធ្វើការនៅក្នុងអគ្គនាយកដ្ឋានពន្ធដារ ដើម្បីជួយអន្តរាគមន៍បានដំណើរការក្រុមហ៊ុននេះវិញ តែមន្ត្រីទាំងអស់ ដែលខ្ញុំទៅជួប សុទ្ធតែបានឆ្លើយដូចគ្នាថា មិនហ៊ានប៉ះលោក ហេង ណារិទ្ធ ទេ ខ្លាចអត់ការងារធ្វើ ឬត្រូវគេបញ្ឈរជើង អត់អីធ្វើ ហើយឯកឧត្តមប្រតិភូរាជរដ្ឋាភិបាល ក៏មិនងាយជួបស្រួលៗដែរ ។
ជាចុងក្រោយ នៅក្នុងអាខោនឈ្មោះ ទ្រព្យលាភសំណាង បានបញ្ជាក់ថា សូមបងប្អូនមិត្តទាំងអស់គ្នា មេត្តាជួយ Like Comment និង share ដើម្បីឲ្យរឿងនេះបានដឹង ដល់សម្តេចតេជោហ៊ុន សែន និងឯកឧត្តមប្រតិភូរាជរដ្ឋាភិបាលបានដឹងផង ដើម្បីរកយុត្តិធម៌ឲ្យក្រុមហ៊ុនរបស់នាងខ្ញុំបានដំណើរការឡើងវិញ ជាមួយនឹងការសំពះដ៏ទទូច ។
ពាក់ព័ន្ធនឹងករណីលោក ហេង ណារិទ្ធ អនុប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំនៃអគ្គនាយកពន្ធដារកម្ពុជា អង្គភាពនគរវត្ត មិនអាចទាក់ទងសុំការបំភ្លឺបានទេនៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែលោក ហ៊ឹម ប៊ុនធឿន ប្រធាននាយកដ្ឋានហិរញ្ញវត្ថុ និងបុគ្គលិក បានប្រាប់អង្គភាពនគរវត្ត យ៉ាងដូច្នេះថា ចំពោះរឿងលោក ហេង ណារិទ្ធ នោះ ខ្ញុំពុំសូវដឹងដែរ ប៉ុន្តែឮថា គាត់មានឯកសារពីក្រសួង មុខងារ សាធារណៈ ដូច្នេះលោកអាចសួរទៅគាត់ទៅ ប្រាកដជាបានដឹងរឿងនេះ ។ លោក ហ៊ឹម ប៊ុនធឿន បន្តថា ការងារនេះ មានតែខាងក្រសួងមុខងារសាធារណៈប៉ុណ្ណោះ អាចដឹង ហើយខ្លួនគាត់ក៏អាចដឹង បើសួរគាត់ ប្រាកដជាច្បាស់ ។ ដោយឡែក លោកគង់ វិបុល ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជាអគ្គនាយក អគ្គនាយកដ្ឋានពន្ធដារកម្ពុជា ក៏ដូចជាលោកឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុន្នីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អង្គភាពនគរវត្ត មិនអាចទំនាក់ទំនងសុំការបំភ្លឺបានទេ នៅព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៨ ដោយគ្មានលេខទូរស័ព្ទ ។ ប៉ុន្តែមន្ត្រីជាច្រើននាក់នៅក្នុងអគ្គនាយកដ្ឋានពន្ធដារបានលើកឡើងថា ទាំងលោកប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយក ពន្ធដារកម្ពុជា ទាំងលោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិតជាមិនគាំទ្រចំពោះទង្វើ និងការបំពេញការងាររបស់មន្ត្រីរបៀបដូចលោក ហេង ណារិទ្ធ នេះទេ ។ ប្រសិនបើគាត់អាចជ្រាបពីបញ្ហានេះ នឹងប្រឈម ចំពោះការស្តីបន្ទោស ពិន័យរដ្ឋបាល ដកតំណែង ពិសេស ក្នុងករណីលោកហេង ណារិទ្ធ ចូលនិវត្តន៍តាំងពីថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៧ ហើយខ្លួនមិនបានបំពេញកាតព្វកិច្ចស្របច្បាប់ ចំណុចនេះ កាន់តែជាកំហុសឆ្គង ដែលប្រឈមនឹងថ្នាក់លើ ដកតួនាទី ដើម្បីឲ្យមានតម្លាភាព ក្នុងយន្តការកំណែទម្រង់រដ្ឋបាល បញ្ចៀសនូវបញ្ហាសតិអារម្មណ៍ដល់មន្ត្រីក្នុងក្រសួងទាំងមូល ក៏ដូចជាលុបបំបាត់នូវអរិភាព វប្បធម៌ដ៏អាក្រក់ចំពោះមន្ត្រីខិលខូច ។ ក្នុងនោះ លោកហេង ណារិទ្ធ ប្រធាននាយកដ្ឋានអ្នកជាប់ពន្ធធំ ក៏រងនូវការរិះគន់ពីមន្ត្រីពេញៗមាត់ថា ជាបុគ្គលកន្ទេលធំបន្លំដេក ឬជាមន្ត្រីគ្រាប់ល្ពៅ ដែលសម្តេចតេជោហ៊ុន សែន តែងលើកឡើង ស្ពប់ខ្ពើម និងមិនចូលចិត្តមន្ត្រីប្រភេទនេះ ៕ សុខ ខេមរា