ព័ត៌មានទាន់ហេតុការណ៍៖

តុលាការសម្រេចឃុំខ្លួនតៃកុងរថយន្តដែលបើកជែងម៉ូតូជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត ស្លាប់ម្នាក់ រងរបួសម្នាក់នៅស្រុកខ្សាច់កណ្ដាល

ចែករំលែក៖

ខេត្តកណាល៖ លោក អុី សុវណ្ណ ចៅក្រមសើុបសួរសាលាដំបូងខេត្តកណ្តាល នៅល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៨ បានសម្រេចចេញដីកាឃុំខ្លួន តៃកុងរថយន្តដែលបើកវ៉ាម៉ូតូជ្រុលចង្កូតទៅបុកម៉ូតូមួយគ្រឿងទៀត បណ្ដាលឲ្យស្លាប់ម្នាក់ រងរបួសម្នាក់ នៅស្រុកខ្សាច់កណ្ដាល ដាក់ពន្ធនាគារបណ្តះអាសន្ន ពីបទ”បើកបរបណ្ដាលឲ្យរបួសដល់អ្នកដទៃ និងបើកបរបណ្តាលឲ្យស្លាប់ដល់អ្នកដទៃ ” ដែលប្រព្រឹត្តនៅ ភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាលខេត្តកណ្ដាលកាលពី ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៨ តាមមាត្រា៨៣ និងមាត្រា៨៥ នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក

ជនត្រូវចោទមាន ឈ្មោះ ធៀម អូលីដា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល

នគរបាលបានឲ្យដឹងថា កាលពីថ្ងៃនិងវេលាកើតហេតុខាងលើ មានរថយន្តមួយគ្រឿងម៉ាក MITSUBISHI ពណ៌ទឹកប៊ិច ប្រភេទទេសចរណ៍ ពាក់ផ្លាកលេខភ្នំពេញ 2C-0072 បើកបរដោយឈ្មោះ ធៀម អូលីដា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិស្វាយអាត់ក្រោម ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល បើកបរក្នុងទិសដៅពីត្បូងទៅជើង ។

លុះមកដល់ចំណុចកើតហេតុរថយន្តខាងលើបានវ៉ាម៉ូតូមួយគ្រឿងទៀតមិនស្គាល់ម៉ាកហើយបានជ្រុលទៅបុកម៉ូតូមួយគ្រឿងម៉ាក SMAHS C110 ពណ៌ខ្មៅ ពាក់ផ្លាកលេខកណ្ដាល1J-4774 បើកបរដោយឈ្មោះពៅ លាងអេង អាយុ២៨ឆ្នាំ នៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(រងរបួសធ្ងន់បញ្ជូនទៅកាន់មន្ទីរពេទ្យភ្នំពេញ)បើកបរនៅក្នុងទិសដៅពីជើងទៅត្បូង ដោយមានអ្នករួមដំណើរម្នាក់់ឈ្មោះ អេងលាង អុី ភេទស្រី អាយុ២ឆ្នាំ នៅភូមិអញ្ជែងលើ ឃុំពុកឫស្សី ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល(ស្លាប់នៅកន្លែងកើតហេតុ) ។

ករណីខាងលើនេះបណ្តាលមកពីអ្នកបើកបររថយន្តខាងលើបើកបរវ៉ាជែងខ្វះការប្រុងប្រយ័ត្ន។ចំពោះអ្នកបើកបររថយន្ត រួមទាំងវត្ថុតាងត្រូវបានឃាត់និងរក្សាទុកនៅអធិការនគរបាលស្រុក ។ ចំណែកសពត្រូវបានត្រូវបានសមត្ថកិច្ចប្រគល់ឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ឆ ដា


ចែករំលែក៖