ភ្នំពេញ៖ សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា បានឧបត្ថម្ភទូកចែវនារីមួយគ្រឿងដើម្បីចូលរួមនៅក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ដែលប្រារព្ធធ្វើឡើងក្នុងរាជធានីភ្នំពេញ ចាប់ថ្ងៃទី ២១ ដល់ថ្ងៃទី ២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ ។
ការឧបត្ថម្ភនេះផ្តល់ជាសម្ភារៈ និងអាហារសម្រាប់ក្រុមកីឡាករទូកចែវនារីឈ្មោះព្រះពៃស្រពណ៌ ដោយមានកីឡាករនារីចំនួន ៤២ នាក់ មកពីភូមិកំពង់បាស្រូវ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ។ សហភាពអឺរ៉ុប ក៏ឧបត្ថម្ភការស្នាក់នៅ និងការហាត់សមរបស់ទូកចែវនារី ព្រះពៃស្រពណ៌មុនពេលចូលប្រកួតផងដែរនៅក្នុងព្រឹត្តិការណ៍ដែលមានរយៈពេលបីថ្ងៃនេះ ។
លោកឯកអគ្គរដ្ឋទូត George Edgar ប្រធានប្រតិភូសហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា “ក្នុងនាមជាដៃគូអភិវឌ្ឍន៍ដ៏សំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា សហភាពអឺរ៉ុប មានសេចក្តីរីករាយយ៉ាងខ្លាំងដែលបានគាំទ្រប្រពៃណីវប្បធម៌ដ៏សំខាន់នេះរបស់ប្រទេសកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងនានាដើម្បីឲ្យស្ត្រីនៅមូលដ្ឋានក្នុងប្រទេសកម្ពុជាបានចូលរួមការអភិវឌ្ឍដើម្បីភាពស្មើគ្នាក្នុងសង្គម” ។
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ ក៏ជាផ្នែកមួយយ៉ាងសំខាន់ផងដែរនៅក្នុងវប្បធម៌របស់ប្រទេសកម្ពុជា ហេតុនេះ ព្រះរាជពិធីនេះមានសារៈសំខាន់ជាពិសេសសម្រាប់យើងនៅឆ្នាំនេះ ពីព្រោះថា ឆ្នាំនេះត្រូវបានជ្រើសរើសជាឆ្នាំនៃកេរដំណែលវប្បធម៌អឺរ៉ុប ។
ព្រះរាជពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប និង សំពះព្រះខែ គឺជាព្រឹត្តិការណ៍វប្បធម៌ប្រចាំឆ្នាំធំបំផុតរបស់ប្រទេសកម្ពុជា ដោយទាក់ទាញមនុស្សរាប់លាននាក់មករាជធានីភ្នំពេញ ។ ជាផ្នែកមួយនៃការឧបត្ថម្ភរបស់យើង សហភាពអឺរ៉ុប ក៏ឆ្លៀតយកឳកាសដ៏ពិសេសនេះដើម្បីជួយផ្សព្វផ្សាយសារអំពីអំពើហិង្សាលើស្ត្រី និងកុមារី ។ អាវយឺតដែលពាក់ដោយកីឡាករនារី មានសារសរសេរថា “និយាយថា ទេ ចំពោះអំពើហិង្សាលើស្ត្រី” ។
សហភាពអឺរ៉ុបប្រចាំព្រះរាជាណាចក្រកម្ពុជា មានមោទនភាពគាំទ្រគម្រោងនានាដើម្បីកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពរបស់ប្រជាជនកម្ពុជា ។ គម្រោងនានាដែលឧបត្ថម្ភដោយសហភាពអឺរ៉ុប ចាប់ពីវិស័យនេសាទ អប់រំ កសិកម្ម ការប្រែប្រួលអាកាសធាតុ ជំនួយពាក់ព័ន្ធនឹងពាណិជ្ជកម្ម រហូតដល់ការលើកកម្ពស់អភិបាលកិច្ចល្អ និងសិទ្ធិមនុស្ស កំពុងតែផ្តល់ប្រយោជន៍ដល់ប្រជាជនកម្ពុជារាប់លាននាក់៕ស តារា