ព័ត៌មានទាន់ហេតុការណ៍៖

តូចចិត្តប្រពន្ធចុះចោល បុរសញៀនស្រាម្នាក់ចងកធ្វើអត្តឃាតរហូតធុំក្លិនស្អុយទើបភ្ញាក់ផ្អើល

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ ក្រោយពីកើតជម្លោះជាមួយប្រពន្ធ ហើយប្រពន្ធចុះទៅរស់នៅជាមួយម្តាយបង្កើតបាត់ ធ្វើឲ្យបុរសញៀនស្រាទំនងជាខូចចិត្ត ក៏ចងកធ្វើអត្តឃាតនៅលើផ្ទះរបស់ខ្លួនរហូតធុំក្លិនស្អុយទើបមានការភ្ញាក់ផ្អើល ។

ការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវរលាម៉ោង២២យប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចភូមិត្រពាំងមាន់ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ។

ជនរងគ្រោះឈ្មោះ គឹម ធួក ភេទប្រុស អាយុ៣៧ឆ្នាំ រស់ភូមិ ឃុំកើតហេតុខាងលើ ។

ប្រភពពីសមត្ថកចបានឲ្យដឹងថា មុនពេលកើតហេតុប្រជាពលរដ្ឋបានធុំក្លិនស្អុយយ៉ាងខ្លាំងចេញពីចំណុចផ្ទះកើតហេតុ ខាងលើ និងបានរាយការណ៍ទៅសមត្ថកិច្ចឲ្យចុះមកពិនិត្យបានប្រទះឃើញជនរងគ្រោះចងកធ្វើអត្តឃាតស្លាប់រហូតធុំក្លិនស្អុយទៅហើយ ។ ជនរងគ្រោះបានយកក្រមា ពណ៌ក្រហមចងក នៅក្នុងផ្ទះរបស់ខ្លួន ។

ប្រភពបន្តថា តាមការបំភ្លឺរបស់ស្ត្រីជាប្រពន្ធបានឲ្យដឹងថា កាលពីថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០១៨ ក្រោយពីមានការឈ្លោះប្រកែកគ្នាជាមួយខ្លួន (ប្រពន្ធឈ្មោះ សយ ពេជ្រ អាយុ33ឆ្នាំ ) ខ្លួនក៏បានចាកចេញពីផ្ទះទៅរស់នៅជាមួយម្ដាយបង្កើត នៅភូមិជាមួយគ្នា លុះដល់ថ្ងៃកើតហេតុខាងលើ ប្រជាពលរដ្ឋ ក៏បានធុំក្លិនស្អុយចេញពីផ្ទះរបស់ខ្លួន ហើយរត់មកប្រាប់ ពេលនោះខ្លួនក៏បានចូលទៅមើលឃើញប្តីរបស់ខ្លួន គ្រោះចងកនឹងក្រមាស្លាប់បាត់ទៅហើយ ។

ស្ត្រីជាប្រពន្ធបានបញ្ជាក់ថា ប្តីខ្លួន(ជនរងគ្រោះ)ជាមនុស្សញៀនស្រា តែងតែប្រើអំពើហិង្សានៅក្នុងគ្រួសារហើយវាយដំមកលើខ្លួនជាញឹកញាប់ នៅលើកចុង ដោយទ្រាំនឹងទង្វើរបស់ប្តីមិនបាន ខ្លួនក៏ចុះទៅនៅជាមួយម្តាយដោយមិននឹកស្មានថា ប្តីរបស់ខ្លួនគិតខ្កីបែបនេះសោះ ។

ក្រោយធ្វើកំណត់ហេតុរួចរាល់ សមត្ថកិច្ចបានប្រគល់សពឲ្យស្ត្រីជាប្រពន្ធរៀបចំធ្វើបុណ្យតាមប្រពៃណី ៕ សេនាស័ក្តិ


ចែករំលែក៖