ខេត្តកំពង់ធំ៖ ថ្មីៗនេះប្រភពពីមន្ត្រីនគរបាលនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានលាតត្រដាងជាបន្តបន្ទាប់នូវរឿងអាស្រូវពុករលួយ និងទង្វើមិនប្រក្រតីរបស់លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ។ ទន្ទឹមនឹងនេះ មន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ មួយចំនួន ក៏បានអំពាវនាវឲ្យថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ និងនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់អំពើពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ជាបន្ទាន់ ។
សេចក្ដីរាយការណ៍ពីមន្ត្រីនគរបាលខេត្តកំពង់ធំ បានឲ្យដឹងទៀតថា ចាប់តាំងពីទទួលបានតំណែងជាស្នងការនគរបាលខេត្តកំពង់ធំ រួចមកគឺលោក អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ ប្រើអំណាចប្រព្រឹត្តអំពើពុករលួយប្រមូលផលប្រយោជន៍ផ្ទាល់ខ្លួនយ៉ាងក្រអឺតក្រទមដោយគ្មានញញើតអ្វីទាំងអស់ ។ ប្រភពបានឲ្យដឹងទៀតថា គ្រប់ប្រធានការិយាល័យជំនាញនៅក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ត្រូវបានលោក អ៊ុក កុសល ប្រើអំណាចគាបសង្កត់សព្វបែបយ៉ាងតែម្តង ។ ជាងនេះទៅទៀតសូម្បីតែអធិការនគរបាលក្រុងស្ទឹងសែន និងអធិការនគរបាលតាមបណ្ដាស្រុកនានាក្នុងខេត្តកំពង់ធំ ក៏ត្រូវលោក អ៊ុក កុសល ប្រើអំណាចគាបសង្កត់យ៉ាងកំរោលផងដែរ ។ ប្រការនេះហើយ ដែលធ្វើឲ្យមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ អត់ធ្មត់តទៅទៀតលែងបានហើយបើកកកាយរឿងអាស្រូវពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក អ៊ុក កុសល ដើម្បីឲ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ ចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា ។
ប្រភព ដែលស្និទ្ធលោក អ៊ុក កុសល បានឲ្យដឹងថា ក្នុងតំណែងជាស្នងការនគរបាលខេត្តកំពង់ធំ គឺលោក អ៊ុក កុសល ប្រើអំណាចប្រមូលលុយតាមរបៀបពុករលួយស្រេចតែអំពើចិត្តរបស់ខ្លួន ។ ប្រភពបានឲ្យដឹងទៀតថា លោក អ៊ុក កុសល ពង្រាយមនុស្សជំនិតរបស់ខ្លួនឲ្យចាំរាប់ក្បាលរថយន្តដឹកទំនិញ និងដឹកឈើឆ្លងកាត់ខេត្តកំពង់ធំ យកលុយតាមរបៀបពុករលួយយ៉ាងគឃ្លើនដោយក្នុងរថយន្តមួយគ្រឿងត្រូវបង់លុយពី២០ដុល្លារទៅ៥០ដុល្លាររហូតដល់១០០ដុល្លារទៀតផង ។ ក្រុមមនុស្សជំនិតរបស់លោក អ៊ុក កុសល បានបង្ហាញនូវភាពក្រអឺតក្រទមយ៉ាងខ្លាំង ព្រោះពួកគេធ្វើអ្វីៗតាមបញ្ជារបស់លោក អ៊ុក កុសល ហើយគ្មានឈ្មួញឈើឬឈ្មួញដឹកជញ្ជូនទំនិញឆ្លងកាត់ខេត្តកំពង់ធំ ណាម្នាក់ហ៊ានតវ៉ានោះទេ ។
តាមការបង្ហើបពីមន្ត្រីនគរបាលក្នុងស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បានឲ្យដឹងថា ការប្រឡងចូលក្របខ័ណ្ឌនគរបាលក្នុងខេត្តកំពង់ធំ នាពេលកន្លងមកពោរពេញទៅដោយអំពើពុករលួយ ហើយមានបេក្ខជនខ្លះចំណាយលុយពី៥០០០ដុល្លាររហូត១០០០០ម៉ឺនដុល្លារដើម្បីអាចប្រឡងចាប់ ។ បញ្ហានេះគឺជារឿង ដែលនាយឧត្តមសេនីយ៍ នេត សាវឿន មិនគួរមើលរំលងតទៅទៀតនោះទេ ហើយក្រុមអធិការកិច្ចរបស់ក្រសួងមហាផ្ទៃ គួរបើកការស៊ើបអង្កេតជាបន្ទាន់ទៅលើរឿងអាស្រូវពុករលួយ និងទង្វើមិនប្រក្រតីរបស់លោក អ៊ុក កុសល ព្រមទាំងបក្ខពួកឲ្យបានស៊ីជម្រៅ ។ ទន្ទឹមនឹងនេះលោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ មិនគួរទុកឲ្យលោក អ៊ុក កុសល ព្រមទាំងបក្ខពួកប្រព្រឹត្តអំពើពុករលួយតាមច្រើនរូបភាពដូចសព្វថ្ងៃនេះទេ ។
ពាក់ព័ន្ធនឹងការចោទប្រកាន់ខាងលើនេះ ភ្នាក់ងារព័ត៌មានព្យាយាម ទំនាក់ទំនងតាមទូស័ព្ទចំនួន២ដង ទៅ លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ដើម្បីសុំបំភ្លឺការពិត ប៉ុន្តែទូរស័ព្ទតេចូល តែគ្មានអ្នកលើក មិនដឹងលោក ជាប់រវល់ ឬមិនចង់លើកទូរស័ព្ទនោះទេ ៕ ប៊ុនរិទ្ធី