ទីក្រុង Tijuana របស់ប្រទេសមិចស៊ីកូ ជាប់ព្រំដែនជាមួយរដ្ឋ កាលីហ្វ័រញ៉ា អាមេរិក បានប្រកាសពីវិបត្តិមនុស្សធម៌ ក្រោយពេលមានជនភៀសខ្លួន មកពីអាមេរិកកណ្តាល កាន់តែច្រើនឡើង មកកាន់ទីនេះ ដើម្បីមានឱកាសចូលទៅកាន់អាមេរិក ។
លោក Juan Manuel Gastelum អភិបាលក្រុង Tijuana បានស្នើផ្តល់ជំនួយពីអង្គការអន្តរជាតិ ដូចជា អង្គការសហប្រជាជាតិ ក្រោយពេលមានជនភៀសខ្លួន ជាង ៥ពាន់នាក់បានចូលមកដល់ទីក្រុង នេះ ក្នុងរយៈពេល២សប្តាហ៍កន្លងមក ។
សារព័ត៌មាន Fox News នៅថ្ងៃទី ២៤ ខែវិច្ឆិកា បានផ្សាយថា លោកJuan Manuel Gastelum បានប្រកាសពីវិបត្តិមនុស្សធម៌ ហើយថ្កោលទោសដល់រដ្ឋាភិបាលមិចស៊ីកូ មិនជួយដោះស្រាយទីក្រុងនេះ ពេលមានជនភៀសខ្លួនកាន់តែច្រើនឡើង។
មន្ត្រីរដ្ឋាភិបាលទីក្រុង Tijuana បានសារភាពថា មិនមានលទ្ធភាពគ្រប់គ្រាន់នៅក្នុងការដោះស្រាយជួយដល់ជនភៀសខ្លួនទាំងនោះឡើយ ។ រយៈពេលកន្លងមក ទីក្រុង Tijuana បានចំណាយប្រាក់ យ៉ាងតិច ២៧.០០០ដុល្លារ ក្នុងមួយថ្ងៃ ដើម្បីចែកចាយស្បៀងអាហារ ដល់ជនភៀសខ្លួនទាំងនោះ។
អភិបាលក្រុង Tijuana បានបន្តទៀតថា ខ្ញុំគិតថា នឹងមិនចំណាយប្រាក់ របស់ពលរដ្ឋ នៅក្នុងទីក្រុងនេះទៀតឡើយ ដើម្បីជួយដល់ជនភៀសខ្លួន អាចធ្វើឲ្យទីក្រុងត្រូវជំពាក់បំណុល ។
កន្លងមក ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានព្រមាន បិទព្រំដែនទាំងស្រុង ជាប់មិចស៊ីកូ ប្រសិនប្រទេសនេះ មិនអាចគ្រប់គ្រងស្ថានភាព ។ លោកបានប្រកាសអនុញ្ញាត ឲ្យកម្លាំងទាហានអាចប្រើប្រាស់ អាវុធ នៅពេលដែលអស់ជម្រើស ក្នុងការការពារខ្លួន ។
រដ្ឋាភិបាលរបស់ប្រធានាធិបតី ត្រាំ បានប្រកាសពីគោលនយោបាយភៀសខ្លួនថ្មីថា អ្នកដែលសុំភៀសខ្លួន គឺទទួលបានសិទ្ធិស្របច្បាប់ ពេលត្រួតពិនិត្យ នឹងចូលទៅតាមច្រក់ព្រំដែន ផ្លូវការត្រឹមត្រូវ ។ ប៉ុន្តែ ក្រោយមក ក៏ត្រូវបានតុលាការអាមេរិក ផ្អាកគោលនយោបាយទាំងនោះ ធ្វើឲ្យប្រធានាធិបតីខឹងសម្បារយ៉ាងខ្លាំង ហើយស្នើដល់តុលាការ មិនត្រូវលូកដៃក្នុងរឿងនេះឡើយ ។
តាមសារព័ត៌មាន Fox News រដ្ឋាភិបាលអាមេរិក នឹងធ្វើលិខិតសុំភៀសខ្លួន ត្រឹមតែ ១០០នាក់ប៉ុណ្ណោះ ក្នុងមួយថ្ងៃ នៅច្រកទ្វារធំ San Diego ជាប់ទីក្រុង Tijuana ។ ក្នុងពេលជាមួយគ្នានេះ ជនភៀសខ្លួន រាប់ពាន់នាក់ទៀតកំពុងរង់ចាំ សុំចូលបញ្ជីឈ្មោះជនភៀសខ្លួន៕ ម៉ែវ សាធី