ភ្នំពេញ ៖ ជនសង្ស័យម្នាក់ បានធ្វើសកម្មភាពគាស់ដំបូលផ្ទះប្រជាពលរដ្ឋយកគ្រឿងអលង្ការ និងលុយខ្មែរ ដុល្លារ សរុបជិត១ម៉ឺនដុល្លារ កាលពីយប់ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨បានសម្រេច ហើយគេចខ្លួនបានមួយថ្ងៃ ត្រូវកម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលនគរបាលស្ទឹងមានជ័យទី១ ស្រាវជ្រាវរហូតឈានទៅដល់ការឃាត់ខ្លួនបាន កាលពីវេលារសៀលថ្ងៃសុក្រ ១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹង ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅចំណុចបន្ទប់ផ្ទះជួលមួយកន្លែង ស្ថិតក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
ជនសង្ស័យមានឈ្មោះ សំរួល លីណា ភេទប្រុស អាយុ២៥ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ផ្ទះជួលចំណុចឃាត់ខ្លួន ។ ចំណែកជនរងគ្រោះមានឈ្មោះ សំ សិទ្ធី ភេទស្រី អាយុ៤៥ឆ្នាំ មុខរបរលក់ដូរ ជាម្ចាស់ផ្ទះកើតហេតុ លេខ០៧ ក្រុមទី៨ ផ្លូវលំ ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ ។
យោងតាមប្រភពព័ត៌មានពីមន្រ្តីនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៨ (ថ្ងៃកើតហេតុ)ស្ត្រីរងគ្រោះរួមជាមួយក្រុមគ្រួសារ បាននាំគ្នាចាក់សោរផ្ទះរួចចេញទៅដើរលេងបុណ្យអុំទូកនៅមាត់ទន្លេ (ព្រះបរមរាជវាំង ) លុះដល់វេលាម៉ោង១១យប់ថ្ងៃខែដដែល គាត់ក៏បានវិលត្រឡប់ទៅផ្ទះវិញ ឃើញទ្វារផ្ទះត្រូវចោរកាត់កូនសោរ ភ្លាមនោះរូបគាត់ក៏បានរត់ចូលទៅមើលក្នុងបន្ទប់ដេក ដើម្បីរកមើលទ្រព្យសម្បត្តិ ស្រាប់តែបាត់គ្រឿងអលង្ការមួយចំនួនធំ រួមទាំងលុយខ្មែរ និងលុយដុល្លារ ជាច្រើនសរុបជិតមួយជិត១ម៉ឺនដុល្លារអាមេរិក ។ បន្ទាប់មកស្រ្តីរងគ្រោះបានទៅដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលនគរបាលមូលដ្ឋាន ដើម្បីជួយធ្វើអន្តរាគមន៍ភ្លាមៗ ។
មន្រ្តីដដែលបន្តទៀតថា ក្រោយទទួលបានព័ត៍មានហើយកម្លាំងនគរបាលមូលដ្ឋាន ក៏បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ លុះរហូតដល់វេលាព្រឹកឡើងថ្ងៃទី២៣ ខែវិច្ឆិកា ដោយផ្អែកលើកាមេរ៉ាសុវត្ថិភាពរបស់ប្រជាពលរដ្ឋមួយចំនួនក្បែរទីតាំងកើតហេតុ ទើបកម្លាំងនគរបាលកំណត់ភិនភាគជនសង្ស័យបាន១០០ភាគរយ រហូតឈានទៅឃាត់ខ្លួនដល់បន្ទប់ផ្ទះជួលរបស់ជនសង្ស័យតែម្តង ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចចាប់យកវត្ថុតាងពីជនសង្ស័យមាន៖ គ្រឿងអលង្ការ មានកងដៃ, ក្រវិល និងខ្សែ.ក រួមនឹងលុយខ្មែរ និងលុយដុល្លារ ដែលជារបស់ស្រ្តីរងគ្រោះបាត់បង់នោះ យកមកវិញបានទាំងអស់ ហើយក៏បានប្រគល់ជូនជនរងគ្រោះវិញ ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ចូនខ្លួនទៅកាន់អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធី ៕ស តារា