រដ្ឋាភិបាលអាមេរិក បានសម្រេចបិទច្រកព្រំដែនជាបណ្តោះអាសន្ន ជាប់ម៉ិចស៊ីកូ ក្រោយពេល ក្រុមជនភៀសខ្លួន មកពីតំបន់អាមេរិកកណ្តាល កំពុងរង់ចាំនៅទីក្រុង Tijuana ប្រទេសម៉ិចស៊ីកូ ដើម្បីសុំចូលទៅកាន់អាមេរិក ។
មន្ត្រីគ្រប់គ្រងច្រកព្រំដែនជាប់ម៉ិចស៊ីកូបានបញ្ជាក់ថា ច្រកព្រំដែន San Ysidro នៅភាគខាងជើង ទីក្រុង Tijuana និងភាគខាងត្បូង San Diego ត្រូវបានបិទនៅវេលាម៉ោង ១១ និង៣០នាទី ម៉ោងក្នុងតំបន់ ថ្ងៃទី ២៥ ខែវិច្ឆិកា ។
តាមការលើកឡើងរបស់មន្ត្រីគ្រប់គ្រងព្រំដែនបានឲ្យដឹងថា ក្រុមជនភៀសខ្លួន បាន បំបែកគ្នា ហើយខ្លះបានសម្រុកចូលព្រំដែន នៅភាគខាងកើត និងភាគខាងលិច ។ មនុស្សជាច្រើនទៀត បានចូលតាមតំបន់ភាគខាងជើង និងភាគខាងត្បូង ក៏ត្រូវបានកម្លាំងការពារព្រំដែន រារាំងហើយ បង្ខំឲ្យវិលត្រឡប់ទៅម៉ិចស៊ីកូវិញ ។
តាមសារព័ត៌មាន CBP បានផ្សាយថា ការខិតខំ ចូលទៅកាន់អាមេរិក ដោយខុសច្បាប់ចេះតែបន្តកើតឡើង ធ្វើឲ្យកម្លាំងការពារព្រំដែនអាមេរិក បង្ខំប្រើប្រាស់ ឧស្ម័នបង្ហូរទឹកភ្នែកដើម្បីទប់ស្កាត់អ្នក ដែលព្យាយាមផ្លោះរបង ប៉ុន្តែមិនបណ្តាលឲ្យមានអ្នករងរបួសនោះឡើយ ។
រដ្ឋមន្ត្រីក្រសួងសន្តិសុខជាតិអាមេរិក លោក Kirstjen Nielsen បានឲ្យដឹងថា «ក្រោយពេល ដែលក្រុមសន្តិសុខ ទប់ស្កាត់នៅតាមព្រំដែន ក្រុមជនភៀសខ្លួន បានគប់ដុំថ្ម ទៅលើកម្លាំងប៉ូលិស អាមេរិក ។ នៅពេលនេះដែរ អាមេរិកបានបន្ថែមកម្លាំងការពារត្រៀមទប់ស្កាត់ ការព្យាយាមឆ្លងព្រំដែនខុសច្បាប់ ដែលអាចកើតឡើងជាបន្តទៀត» ។
រដ្ឋាភិបាលម៉ិចស៊ីកូ បានសម្រេចបណ្តេញជនភៀសខ្លួន៥០០នាក់ ដែលបានព្យាយាមឆ្លងដែនខុសច្បាប់ ចូលទៅកាន់អាមេរិក កាលពីថ្ងៃទី២៥ ខែវិច្ឆិកា ។ នៅពេលនេះ មានជនភៀសខ្លួន ជាង ៥ពាន់នាក់បានបោះជំរុំនៅទីក្រុង Tijuana ជាប់ព្រំដែនអាមេរិក ។ តាមការលើកឡើងរបស់រដ្ឋាភិបាលម៉ិចស៊ីកូ មានជនភៀសខ្លួន ៨២៤៧នាក់ មកពីតំបន់អាមេរិកកណ្តាល ចូលដល់ទឹកដីម៉ិចស៊ីកូ ។
កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញTwitter របស់ខ្លួនថា ជនភៀសខ្លួនទាំងនោះ នឹងបន្តនៅក្នុងប្រទេសម៉ិចស៊ីកូ រហូតដល់តុលាការអាមេរិក អនុម័តទៅលើច្បាប់សុំភៀសខ្លួន ។ នៅពេលជាមួយគ្នានេះ រដ្ឋាភិបាលម៉ិចស៊ីកូបានប្រជុំស្តីពីបញ្ហាជនភៀសខ្លួន ៕ ម៉ែវ សាធី