ក្រុមជ្រុលនិយម អ៊ុយក្រែនមួយក្រុមនៅថ្ងៃទី២៦ ខែវិច្ឆិកា បានគប់គ្រាប់បែក ចូលទៅស្ថានទូត រុស្ស៊ី ប្រចាំនៅទីក្រុង Kieu ប្រទេសអ៊ុយក្រែន បង្កឲ្យភាពតានតឹងកាន់តែខ្លាំងឡើង ។
សារព័ត៌មានរ៉យទ័របានផ្សាយថា ក្រុមជនដៃដល់បានគប់គ្រាប់បែកផ្សែង និងកាំជ្រួច ផ្កាភ្លើង ចូលទៅស្ថានទូតរុស្ស៊ី ។ ហេតុការណ៍វាយប្រហារខាងលើ កើតឡើងក្រោយពេលរុស្ស៊ី ចាប់នាវាចម្បាំងអ៊ុយក្រែន៣គ្រឿងនៅសមុទ្រខ្មៅ ដោយចោទប្រកាន់នាវាទាំងនោះ ចូលដែនសមុទ្ររុស្ស៊ី ។ មានទូក កប៉ាល់ជាច្រើន ដែលធ្វើឡើងពីក្រដាស ជាសារ អំពាវនាវ ឲ្យរុស្ស៊ីដោះលែង នាវាចម្បាំង អ៊ុយក្រែន ។
សកម្មភាពខាងលើ បង្កឲ្យភាពតានតឹងផ្ទុះឡើងជាថ្មីរវាងរុស្ស៊ី នឹងអ៊ុយក្រែន ម្ខាងត្រៀមប្រកាសប្រើច្បាប់អាជ្ញាសឹក និងម្ខាងទៀតកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ UN ជាបន្ទាន់។
កងកម្លាំងរុស្ស៊ីបានបើកការបាញ់ប្រហារ និងរឹបអូសទូកអ៊ុយក្រែនចំនួន៣គ្រឿង នៅឯតំបន់ដែនសមុទ្រ នៃឧបទ្វីបគ្រីមៀ ហើយដែលនេះ គឺជាការប្រឈមមុខដាក់គ្នា ដ៏តានតឹងបំផុត រវាងប្រទេសទាំងពីរ នៅក្នុងឆ្នាំ២០១៨ នេះ។
ជាមួយគ្នានោះដែរ បើតាមអាជ្ញាធរអ៊ុយក្រែន ទូកប្រដាប់ដោយកាំភ្លើង ០២គ្រឿង និងទូកល្បាតធម្មតាមួយគ្រឿង ត្រូវបានភាគីរុស្ស៊ីរឹបអូស រីឯក្រុមនាវិកអ៊ុយក្រែនមួយចំនួនបានរងរបួស។ បន្ថែមពីលើនេះ ប្រទេសទាំងពីរបានបន្ទោស និងចោទប្រកាន់ដាក់គ្នាទៅវិញទៅមក ខណៈនៅថ្ងៃចន្ទនេះ សមាជិកសភាអ៊ុយក្រែននឹងបោះឆ្នោតសម្រេចថា តើត្រូវប្រកាសដាក់ឲ្យប្រើច្បាប់អាជ្ញាសឹក ឬក៏យ៉ាងណា។ ដោយឡែក ភាគីរុស្ស៊ីក៏បានស្នើកោះប្រជុំក្រុមប្រឹក្សាសន្តិសុខ នៃអង្គការសហប្រជាជាតិជាបន្ទាន់ផងដែរ។
គួរជម្រាបថា ភាពតានតឹងរវាងអ៊ុយក្រែន នឹងរុស្ស៊ីបានផ្ទុះឡើងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីទីក្រុងម៉ូស្គូ ចោទថា ទូកអ៊ុយក្រែនទាំងបីគ្រឿងខាងលើ បានចូលក្នុងតំបន់ដែនទឹករបស់ខ្លួនដោយខុសច្បាប់ ។ ក៏ប៉ុន្តែទន្ទឹមគ្នា អាជ្ញាធររុស្ស៊ីត្រូវបានគេរាយការណ៍ថា បានដាក់នាវាដឹកប្រេងដ៏ធំមួយគ្រឿងនៅក្រោមស្ពានមួយ នៃច្រកសមុទ្រឃើច (Kerch) ដែលច្រកចូលទៅកាន់ដែនសមុទ្រអាហ្សូវ (Azov) ជាប់ព្រំដែនទឹករវាងប្រទេសទាំងពីរ ៕ ម៉ែវ សាធី