ព័ត៌មានទាន់ហេតុការណ៍៖

ចិនឆ្លងចូលក្រុងបាវិតលួចរថយន្ត តែសំណាងអាក្រក់ម្ចាស់ទាន់ ប្តឹងសមត្ថកិច្ចចាប់ដាក់ខ្នោះ

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យជាជនជាតិចិនម្នាក់ត្រូវបានសមត្ថកិច្ច នគរបាលក្រុងបាវិត បានឃាត់ខ្លួនតាមពាក្យបណ្ដឹង របស់ម្ចាស់រថយន្ត បន្ទាប់ពីបាត់រថយន្ត ម៉ាក កាម៉ារី ពណ៌ ព្រីងទុំ មួយគ្រឿង ខណៈចតទុកមុខផ្ទះ ។

ការឃាត់ខ្លួននេះ បានធ្វើឡើងកាលថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១០និង ១០នាទីព្រឹក ចំណុចផ្លូវជាតិលេខ(១) ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ។

បើតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា ជនសង្ស័យជាជនជាតិចិនដែលសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះ ឈឹង អៀមើវ ភេទប្រុស អាយុ៤៨ឆ្នាំ ជនជាតិចិន មានទីលំនៅមិនពិតប្រាកដ ។

ចំណែកម្ចាស់រថយន្តមានឈ្មោះ ជា មុំ ភេទស្រី អាយុ៤៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។ ចំណែករថយន្ត ដែលត្រូវជនសង្ស័យលួចម៉ាក កាម៉ារី ពណ៌ ព្រើងទុំ ពាក់ស្លាក់លេខ ភ្នំពេញ ២AC.៦៧៣៥ ។

ប្រភពបន្តថា តាមពាក្យបណ្ដឹងរបស់ម្ចាស់រថយន្តបានឲ្យដឹងថា មានករណីចោរលួចរថយន្តមួយគ្រឿង ម៉ាក កាម៉ារី ពណ៌ ព្រើងទុំ ពាក់ស្លាក់លេខ ភ្នំពេញ ២AC.៦៧៣៥ របស់ខ្លួនក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង កាលពីថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង៣រសៀល ដោយគាត់ស្វះស្វែងរកដែរ តែរកមិនឃើញលុះរហូតដល់ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្រាប់តែប្រទះរថយន្តនៅចំណុចផ្លូវជាតិលេខ(១) ស្ថិតក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង ខណៈដែលមានជនជសង្ស័យកំពុងតែបើកបរ ទើបប្ដឹងសមត្ថកិច្ចរដ្ឋបាលព្រៃអង្គុញដើម្បីសាកសួរ ។

បច្ចុប្បន្ន ជនសង្ស័យត្រូវបានសមត្ថកិច្ច ឃាត់ខ្លួនជាបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងបាវិតដើម្បីកសាង សំណុំរឿងបញ្ជួនទៅការិយាល័យជំនាញខេត្តចាត់ការបន្តតាមច្បាប់ ៕


ចែករំលែក៖