ខេត្តរតនគិរី៖ លោក ង៉ែត ពិទូ ប្រធានមន្ទីរទេសចរណ៍ខេត្តរតនគិរីបានឲ្យដឹងថា៖ មានកត្តា៥យ៉ាង ដែលធ្វើឲ្យមានលំហូរភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិអញ្ចើញចូលមកកំសាន្ដនៅក្នុងខេត្តរតនគិរីនា ឱកាសពិធីបុណ្យធំៗ ទី១ កត្តា ហេដ្ឋារចនាសម្ព័ន្ធគមនាគមន៍ បានតភ្ជាប់មកកាន់ខេត្តរតនគិរី មានភាពងាយស្រួល ។ ទី២ កត្តាសុខសន្តិភាព បើគ្មានសុខសន្តិភាព និងសុវត្ថិភាពទេ ប្រាកដណាស់ថា នឹងមិនមានប្រជាពលរដ្ឋណាម្នាក់ចង់ដើរលេងកំសាននោះទេ ។ ទី៣ កត្តាសេដ្ឋកិច្ច បើប្រជាពលរដ្ឋគាត់គ្មានលុយទេ គឺគាត់មិនអាចដើរលេងបានទេ ។ ទី៤ កត្តាពេលវេលា បើគ្មានពេលឈប់សម្រាករយះពេលវែង ឫរយះពេលខ្លីណាមួយនោះទេ ក៏ពួកគាត់មិនដើរលេងដែរ ។ កត្តាទី៥ សក្តានុពលទេសចរណ៍ ខេត្តរតនគិរី មានតំបន់រមណីយ៍ដ្ឋានអេកូទេសចរណ៍ចំនួន១៤កន្លែង ជាពិសេសរមណីយ៍ធម្មវជាតិបឹងយក្ខឡោម ដែលេជារមណីយ៍ដ្ឋានមួយមានការទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរណ៍ជាតិ អន្តជាតិ ។
លោកថា កត្តាទាំង៥យ៉ាងនេះ បានធ្វើឲ្យវិស័យទេសចរណ៍ក្នុងខេត្តរតនគិរី មានការរីកចម្រើនគួរឲ្យមោទនៈរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសបានរួមចំណែកដល់ការកាត់បន្ថយភាពក្រីក្រ ជូនប្រជាពលរដ្ឋក្នុងខេត្តតាមរយៈកំណើនភ្ញៀវទេសចរណ៍មានការកើនឡើងឥតឈប់ឈរពីមួយឆ្នាំទៅមួយឆ្នាំ ។
ជាក់ស្តែងរយះពេល៣ថ្ងៃ (២១-២២-២៣ ខែវិច្ឆិកា ឆ្នាំ២០១៨) នៃការឈប់សម្រាកក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប សំពះព្រះខែ និងអកអំបុកឆ្នាំ២០១៨នេះ ចំនួនភ្ញៀវទេសចរណ៍ជាតិអន្តរជាតិបានមកកម្សាន្តសប្យាយនៅតាមរមណីយ៍ដ្ឋាននានាក្នុងខេត្តមាមនចំនួន១៨,៥៦២នាក់ ។ ក្នុងនោះភ្ញៀវទេសចរណ៍ជាតិមានចំនួន១៨,២១៩នាក់ និងភ្ញៀវទេសចរណ៍អន្តរជាតិមានចំនួន៣៤១នាក់ ។ បើប្រៀបធៀបទៅនឹងព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីបសំពះព្រះខែ និងអកអំបុកឆ្នាំ២០១៧ភ្ញៀវទេសចរណ៍មមានការកើនឡើង១១៨,២% (ភ្ញៀជាតិកើន១២១,៣% និងភ្ញៀវអន្តរជាតិកើន ១២,២%) ។
លោក ង៉ែត ពិទូ បានបន្ដទៀតថា ពាក់ព័ន្ធនឹងម្ហូបអាហារតាមរមណីយដ្ឋាន សណ្ឋាគារ ផ្ទះសំណាក់ លោកបានចាត់ឲ្យក្រុមការងាររបស់លោកចុះអប់រំណែនាំអំពីអនាម័យ និងមិនឲ្យមានការតំឡើងថ្លៃនាឱកាសនៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុក ឆ្នាំ២០១៨នោះទេ ។
ប៉ុន្ដែលោកក៏ទទួលស្គាល់ដែរថានៅមានសេវាកម្ម ម្ហូបអាហា និងសណ្ឋាគារ ផ្ទះសំណាក់ មួយចំនួនបានតំឡើងថ្លៃលើសការ កំណត់របស់មន្ទីរបន្ដិចបន្ដួចផងដែរ ។
ភ្ញៀវទេសចរជាតិ និងអន្តរជាតិក៏ដូចជាប្រជាពលរដ្ឋដែលអញ្ចើញចូលមកកំសាន្ដតាមរមណីយដ្ឋាននានាក្នុងខេត្តរតគិរីរយះពេលបីថ្ងៃ នៃព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីបសំពះព្រះខែ និងអកអំបុកឆ្នាំ២០១៨នេះមានសភាពច្រើនកុះករ ហើយពួកគាត់បានសម្តែងនូវការសាទរយ៉ាងក្រៃលែងនឹងបានថ្លែងអំណរគុណ យ៉ាងជ្រាលជ្រៅចំពោះរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចតេជោហ៊ុន សែន ជាប្រមុខ បាននាំមកនូវសន្តិភាពជូនប្រទេសជាតិ ធ្វើឲ្យប្រទេសមានការអភិវឌ្ឍ រីកចំរើនលើគ្រប់វិស័យ ៕ សហការី