ភ្នំពេញ៖ បុរសជាសន្តិសុខម្នាក់មានជំងឺសសៃប្រសាទចងកសម្លាប់ខ្លួនក្នុងបន្ទប់ជួល បង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង៦ព្រឹក ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតតាមបណ្តោយផ្លូវជាតិលេខ៥ ក្រុម៥ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ ។
បុរសដែលចងកសម្លាប់ខ្លួនមានឈ្មោះ ឡាយ គ័ង អាយុ៥៨ឆ្នាំ មុខរបរជាសន្តិសុខក្រុមហ៊ុនយីហោ ក្រុមហ៊ុនសន្តិសុខហ្គារូដា ស្នាក់នៅបន្ទប់ជួលក្រុម៥ ភូមិខ្ទរ សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានស្រុកកំណើតនៅភូមិព្រែកតាមាគ ឃុំព្រែកតាមាគ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មានប្រពន្ធឈ្មោះ ហាក់ ឡាង អាយុ៥៦ឆ្នាំ មុខរបរលក់ទឹកអំពៅ មានកូនប្រុសស្រី៥នាក់ កូន៣នាក់នៅក្នុងបន្ទកគ្រួសារ ចំណែកពីរនាក់ទៀត មានប្តីអស់ហើយ ។
បើតាមការរៀបរាប់របស់កូនប្រុស ជនរងគ្រោះឈ្មោះ គ័ង គីមហ័ង អាយុ២២ឆ្នាំ បានឲ្យដឹងថា ឪពុករបស់គាត់មានជំងឺសសៃប្រសាទជាយូរឆ្នាំមកហើយ ដោយកាលឪពុកលោកនៅតូច ឪពុកចុងធ្វើបាប យកកង់ឡានវាយក្បាល ដោយជំងឺរបស់គាត់ រយៈពេលមួយខែធ្វើទុក្ខម្តង ហើយរយៈពេលធ្វើទុក្ខរហូតដល់មួយអាទិត្យ ទើបបាត់ទៅវិញ ។
ប្រភពភដដែលបន្តថា កន្លងមកជាយូរឆ្នាំហើយ នៅពេលដែលជំងឺគាត់ធ្វើទុក្ខម្តងៗ មានវាយកូនទៀតផង តែកូនស៊ូទ្រាំបានរហូតមក ។
ប្រភពបន្តទៀតថា តែរឿង ហ្នឹងកន្លងផុតយូរឆ្នាំហើយ លុះក្រោយមក ជំងឺគាត់ធ្វើទុក្ខម្តងលែងវាយកូនហើយ តែគាត់តែងតែធ្វើបាបខ្លួន ហើយនៅមុនពេលកើតហេតុ ប្រមាណពីរបីយប់ ជំងឺគាត់ចាប់ផ្តើមរើឡើងវិញ រហូតដល់យប់វេលាម៉ោងប្រហែល១០ ថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ គាត់បានបោកក្បាលគាត់ជាប់ នឹងជញ្ជាំងផ្ទះខាងមុខ និងទ្វារ ក្រោយមកម្តាយដុតធូបបន់ស្រន់ក៏បានស្ងប់ទៅវិញ លុះរហូតដល់ម៉ោងប្រហែល២រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែឆ្នាំដដែល ខណៈដែលម្តាយរបស់គាត់ចេញទៅបទជើង ឪពុកគាត់បានយកដៃចាប់ជើងចៅដែលដេកជាមួយពេលនោះចៅភ័យក៏រត់ចេញក្រៅបន្ទប់ ហើយពេលម្តាយគាត់ត្រឡប់ពីបត់ជើងវិញ ឪពុកគាត់បានខ្ទាស់គន្លឹះទ្វារពីក្នុងបាត់ទៅហើយ ម្តាយគាត់ក៏មកសម្រានជាមួយគាត់ជាកូនវិញ រួមទាំងចៅដោយឪពុករបស់គាត់សម្រាន្តតែម្នាក់ឯងក្នុងបន្ទប់ ។
លុះវេលាម៉ោង៥ និង៣០នាទីព្រឹក ថ្ងៃទី២៦ ខែឆ្នាំដដែល គាត់បានហៅមិនលឺ សំឡេងឆ្លើយ មានការសង្ស័យនៅវេលាម៉ោង៦ព្រឹកដដែល គាត់បានយកទុយណឺវិសមួលខ្ចៅវិសជាប់ទ្វារបន្ទប់ជួល ឃើញគាត់ចងកដោយភួយយឺតពណ៌ក្រហមស្លាប់បាត់ទៅហើយ ។
ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទៅដល់កន្លែងកើតហេតុ រាយការណ៍ប្រាប់សមត្ថកិច្ចជំនាញ ចុះធ្វើកោសល្យវិច័យរួចសមត្ថកិច្ចបញ្ជាក់ថា សពបុរសខាងលើស្លាប់ដោយធ្វើអត្តឃាតខ្លួនឯងប្រាកដមែន និងបានប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី នៅវត្តបាក់ខែង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា ៕ ជ្រោយពេជ្រ