លោកគីម ជុងអ៊ុន ឡើងកាន់អំណាចដឹកនាំកូរ៉េខាងជើង កាលពីចុងឆ្នាំ ២០១១ ក្រោយឪពុករបស់លោក គឺ គីម ជុងអ៊ីល ទទួលមរណភាព ។ ពេលឡើងកាន់តំណែងដឹកនាំប្រទេសជាតិ លោកមានអាយុ ប្រហែលជា ២០ឆ្នាំប៉ុណ្ណោះ ដោយមិនមានបទពិសោធន៍ នៅក្នុងការដឹកនាំប្រទេសជាតិឡើយ ។
សារព័ត៌មាន CNA បានផ្សាយថា ដោយសារតែមានព័ត៌មានជាច្រើនស្តីពីជីវិតផ្ទាល់ខ្លួនរបស់ លោក គីម ជុងអ៊ុន ក្រុមអ្នកស្រាវជ្រាវ បានចាប់អារម្មណ៍ទៅលើពេលវេលាដែលលោករៀននៅក្នុងប្រទេសស៊ី្វស ។ នៅទីនោះ លោកគីម ជុងអ៊ុន មានការស្រឡាញ់ចូលចិត្ត បាល់បោះយ៉ាងខ្លាំង ។ ចំណូលចិត្តរបស់លោក ធ្វើឲ្យអ្នកជំនាញយល់ឃើញថា លោក គីម ជុងអ៊ុន ជាមេដឹកនាំនឹងបើកទ្វារសេដ្ឋកិច្ច ហើយនាំកូរ៉េខាងជើង រួចផុតពីភាពឯកា ។
ប៉ុន្តែក្រោយកាន់អំណាចដឹកនាំប្រទេសជាតិ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានផ្តោតសំខាន់ទៅលើ ការរៀបចំថ្នាក់ដឹកនាំ ដោយមន្ត្រីចាស់ៗមួយចំនួន ត្រូវបានដកចេញពីតំណែង ដោយជំនួសនូវមន្ត្រីវ័យក្មេង មានភាពស្មោះត្រង់ ។ លោកបានបញ្ជាឲ្យ យាមល្បាតយ៉ាងតឹងរ៉ឹង នៅតាមព្រំដែន ដើម្បីទប់ស្កាត់មន្ត្រី រត់ចោលជួរ ។
ក្រោយការពង្រឹងអំណាច រួច មេដឹកនាំគីម ជុងអ៊ុន ក៏បានចាប់ផ្តើមពង្រឹងឥទ្ធិពលរបស់កូរ៉េខាងជើងនៅលើឆាកអន្តរជាតិ ។ ជាប្រទេសតូច និងក្រីក្រ កូរ៉េខាងជើង ចាំបាច់ត្រូវតែធ្វើអ្វីមួយ ដើម្បីពង្រឹងកម្លាំង មិនអនុញ្ញាត ឲ្យប្រទេសមហាអំណាចមើលងាយកូរ៉េខាងជើងឡើយ ។ ចាប់តាំងពីឆ្នាំ២០១៦មកទល់ពេលនេះ ទីក្រុងព្យុងយ៉ាងបានសាកល្បង មីស៊ីលបរមាណូ ជាបន្តបន្ទាប់ ដែលមានកម្លាំងខ្លាំង ក្នុងនោះមាន បរមាណូ ហីត្រូសែន ទៀតផង ។
ក្នុងរយៈពេល ២ឆ្នាំ គឺឆ្នាំ២០១៦ និង២០១៧ កូរ៉េខាងជើង បានសាកល្បង បរមាណូរហូតដល់ទៅ ៣លើក ។ ល្បឿននៃការផលិតអាវុធបរមាណូរបស់កូរ៉េខាងជើង ធ្វើឲ្យពិភពលោកភ្ញាក់ផ្អើលយ៉ាងខ្លាំង ពិសេសគឺអាមេរិក ។ ការរីកចំរើនទាំងនោះ ធ្វើឲ្យមនុស្សជាច្រើន យល់ឃើញថា កូរ៉េខាងជើង ត្រៀម វាយប្រហារ កូរ៉េខាងត្បូង ឬអាមេរិក ដោយគ្រាប់បែកបរមាណូ ដែលខ្លួនមាន ។
ប៉ុន្តែក្តីបារម្ភ និងសង្ស័យពីសង្គ្រាមនឹងកើតឡើង ចៀសមិនផុត ស្រាប់តែមេដឹកនាំគីម ជុងអ៊ុន ផ្លាស់ប្តូរទស្សនៈនយោបាយភ្លាមៗ ក្រោយពេលដែលកូរ៉េខាងជើង បានយល់ព្រមទៅចូលរួម កីឡា អូឡាំពិក រដូវរងារ នៅកូរ៉េខាងត្បូង កាលពីខែ កុម្ភៈ ឆ្នាំ២០១៨ ពេលនោះ តំណាងពិសេស គឺប្អូនស្រី និង ប្រធានរដ្ឋសភា បានទៅចូលរួម ដែលជាការចាប់ផ្តើម ឲ្យមានជំនួបកំពូលជាច្រើនផ្សេងទៀត ។
ជាការចាប់ផ្តើម គឺជំនួបនៅតំបន់ព្រំដែន នាថ្ងៃទី ២៧ ខែមេសា ឆ្នាំ២០១៨ រវាង ប្រធានាធិបតី ម៉ូនជេអីន នឹងគីម ជុងអ៊ុន ។ ក្រោយមកនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៨ មានជំនួបជាប្រវត្តិសាស្ត្រ កើតឡើង រវាង ប្រធានាធិបតីអាមេរិក នឹង កូរ៉េខាងជើង គីម ជុងអ៊ុន នៅក្នុងប្រទេសសឹង្ហបុរី ដែលជាជំនួបលើកដំបូង ចាប់តាំងពីឆ្នាំ ២០០៧មក ។ នៅឆ្នាំ២០១៩ មេដឹកនាំអាមេរិក និងកូរ៉េខាងជើង អាចនឹងជួបគ្នាលើកទីពីរ ដើម្បីពិភាក្សាលើកិច្ចព្រមព្រៀងរំសាយអាវុធបរមាណូ ដោះដូរ និងសន្តិភាព ។
តាមរយៈសកម្មភាព ការបរទេសកន្លងមក មេដឹកនាំ គីម ជុងអ៊ុន បានឈានជើង ចូលទៅកាន់សហគមន៍អន្តរជាតិ ដូចជាមេដឹកនាំមហាអំណាចមួយ ដែលមានទំនុកចិត្ត និងការចាប់អារម្មណ៍យ៉ាងខ្លាំង ពីគ្រប់ទិសទី ។
ចំណុចសំខាន់បំផុត គឺ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានប្រកាស ពីគោលបំណងបោះបង់អាវុធបរមាណូ ប្រសិនបើទីក្រុងវ៉ាស៊ីនតោន មានសុទិដ្ឋិនិយម មកលើកកូរ៉េខាងជើង ដោយលុបទណ្ឌកម្មទាំងឡាយ ។
ពេលថ្មីៗនេះ មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានចាប់ផ្តើមនូវយុទ្ធនាការ បង្កើនរូបភាព និងចក្ខុវិស័យអន្តរជាតិ ។ សារព័ត៌មានកូរ៉េខាងជើង ក៏បាន លើកឡើង ពីការសាងសង់រមណីយដ្ឋានទេសចរណ៍ដ៏សំខាន់ នៅ Wosan ជាទីក្រុងឆ្នេរសមុទ្រ នៅកូរ៉េខាងជើង ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ។ ទាំងនោះ ត្រូវបានគេចាត់ទុកថា ជាការរៀបចំ ស្វាគមន៍ភ្ញៀវទេសចរណ៍ ក្រោយកូរ៉េខាងជើង រួចផុតពីទណ្ឌកម្ម និងទទួលបានឯករាជ្យពិតប្រាកដ ។ ពេលនោះ អ្នកទេសចរណ៍ជុំវិញពិភពលោក នឹងសម្រុកចូលទៅកាន់ប្រទេសដ៏អាថ៌កំបាំងមួយនេះ ។
តាមសារព័ត៌មាន CNA ដំណើរវិវឌ្ឍន៍ឆ្ពោះទៅមុខរបស់កូរ៉េខាងជើង នឹងនាំមកនៅស្ថេរភាពដល់កូរ៉េខាងជើង បើប្រៀបធៀបនឹងការដឹកនាំជំនាន់មុនៗ របស់ជីតា និងឪពុក ។ ប្រទេសកូរ៉េខាងជើង នៅក្រីក្រ ហើយដើម្បីរក្សាលំនឹង កូរ៉េខាងជើង ចាំបាច់ត្រូវតែ បង្កើនជីវភាពរស់នៅរបស់ពលរដ្ឋ កាន់តែប្រសើរឡើង ។
ដើម្បីជួយដល់ជីវភាពរបស់ពលរដ្ឋ មេដឹកនាំ កូរ៉េខាងជើង គីម ជុងអ៊ុន នឹងត្រូវ បញ្ចុះបញ្ចូលពិភពលោក និងបង្ហាញពីភាពស្មោះត្រង់ នៅក្នុងការលះបង់អាវុធបរមាណូ ៕ ម៉ែវ សាធី