ព័ត៌មានទាន់ហេតុការណ៍៖

ហៅនាងមកលក់គ្រឿងក្រអូប បែរជាចាប់រំលោភមិនសម្រេច សមត្ថកិច្ចឃាត់ខ្លួនដាក់ខ្នោះល្មម

ចែករំលែក៖

ខេត្តស្វាយរៀង៖ ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចនគរបាល រដ្ឋបាលសម្បត្ដិមានជ័យឃាត់ខ្លួន តាមពាក្យបណ្ដឹងរបស់ក្រុមគ្រួសារនារីរងគ្រោះពាក់ព័ន្ធ នឹងករណីប៉ុនប៉ងរំលោភសេពសន្ធវ: តែមិនបានសម្រេច ។

ករណីនេះ បានកើតឡើងកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតនៅចំណុចភូមិចំការកោះ ឃុំសម្បត្តិមាជ័យ ស្រុក រមាសហែកខេត្តស្វាយរៀង ។

យោងតាមសមត្ថកិច្ចនគរបាល ស្រុក បានឲ្យដឹងថា ជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួនមានឈ្មោះពេជ្រ អូន អាយុ24ឆ្នាំ មុខរបរបើករថយន្ដដឹកដី រស់នៅភូមិឈើទាល ឃុំដូង ស្រុក រមាសហែក ។ ចំណែកនារីរងគ្រោះអាយុ19ឆ្នាំ ។

បើតាមនារីរងគ្រោះបានឲ្យសមត្ថកិច្ចដឹងថា មុនកើតហេតុជនសង្ស័យឈ្មោះ ពេជ្រ អូនបាន ខលទូរស័ព្ទហៅរូបនាងដែលមានមុខរបរលក់គ្រឿងក្រអូប ដើម្បីយកទឹកអប់មកលក់ឲ្យខ្លួនដោយណាត់ជួបនៅវាលខាងកើតភូមិចំការកោះ ពេលជួបគ្នា ខណៈនាង និងជនសង្ស័យធ្លាប់ស្គាល់គ្នាពីមុនមកហើយ ។

ប្រភពបន្តថា ក្រោយមក ជនសង្ស័យក៏បានទិញទឹកអប់១ដប ហើយបាននិយាយគ្នាលេងមួយសន្ទុះ ស្រាប់តែជនសង្ស័យបានធ្វើសកម្មភាពចាប់រូបនាងឱបថើប និងសម្រាតខោប៉ុនប៉ងរំលោភ ប៉ុន្ដែខណៈនោះក្រុមគ្រួសារបានមកទាន់ ក៏ចូលទៅជួយ បង្កឲ្យជនសង្ស័យភ័យ ក៏រត់ឡើងជិះម៉ូតូចេញទៅកន្លែងការដ្ឋានរបស់ខ្លួន ក្នុងភូមិបិតទឹងវិញ ហើយឡើងបើករថយន្ដចេញ តែត្រូវបានប្អូនប្រុសរបស់នាងឈ្មោះ សៅ សេងហួ អាយុ15ឆ្នាំ បានយកកាំបិតវាយទៅរថយន្តបណ្តាលឲ្យបែកកញ្ជក់ខាងឆ្វេង ទើបឈប់រួចប្ដឹងសមត្ថកិច្ចឃាត់ខ្លួនតែម្ដង ។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចមូលដ្ឋានឃាត់ខ្លួននៅប៉ុស្តិ៍នគរបាលរដ្ឋបាលសម្បត្ដិមានជ័យដើម្បីកសាងសុំណុំរឿងតាមច្បាប់ ៕ យឹម សុថាន


ចែករំលែក៖