ព័ត៌មានទាន់ហេតុការណ៍៖

សិស្សសាលា២នាក់ត្រូវនគរបាលចាប់ខ្លួនបន្ទាប់ពីយកខ្សែក្រវាត់វាយគេរងរបួសបែកក្បាលដេរ៣ថ្នេរ

ចែករំលែក៖

ខេត្តកណ្ដាល៖ នគរបាលស្រុកស្អាងចាប់ខ្លួនយុវសិស្ស២នាក់ បន្ទាប់ពីយកខ្សែក្រវាត់វាយទៅលើសិស្សសាលាម្នាក់ទៀត បណ្ដាលឲ្យរងរបួសបែកក្បាលដេរចំនួន៣ថ្នេរ ។ ករណីខាងលើនេះបានកើតឡើងនៅវេលាម៉ោង១១និង០៥នាទី ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ ស្ថិតក្នុងភូមិត្រើយត្រឹង្ស ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ។

មន្រ្ដីនគរបាលស្រុកស្អាងបានឲ្យដឹងថា យុវសិស្ស២នាក់ដែលត្រូវចាប់ខ្លួនទី១-ឈ្មោះ សឿ ណារ៉ា ភេទប្រុស អាយុ១៦ឆ្នាំ ជជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកតាឡៃ ឃុំព្រែកអំបិល ស្រុកស្អាង ទី២-ឈ្មោះ ហួរ ម៉េងហុក ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិទេពអរជូន ឃុំកោះខែល ស្រុកស្អាង ។ ចំណែកក្មេងប្រុសរងគ្រោះឈ្មោះ ផា ម៉េងស៊ឺ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិព្រែកហង្ស ឃុំពោធិបាន ស្រុកកោះធំ (របួសក្បាលដេរ៣ថ្នេរ) ។

ប្រភពដដែលបន្ដថា នៅមុនពេលកើតហេតុវេលាម៉ោងប្រមាណ១៣ មានសិស្សសាលាម្នាក់បានប្រាប់ទៅជនសង្ស័យទាំង២នាក់ថា ឈ្មោះ ផា ម៉េងស៊ឺ (ជនរងគ្រោះ)នោះបាននាំគ្នាមកវាយទៅលើ២នាក់(ជនសង្ស័យ)ឯងហើយ លុះមកដល់ថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០១៨ វេលាម៉ោង១១និង០៥នាទី ជនសង្ស័យឈ្មោះ សឿ ណារ៉ា បានបបួលឈ្មោះ ហួរ ម៉េងហុក ឲ្យឌុបខ្លួនតាមវាយឈ្មោះ ផា ម៉េងស៊ឺ (ជនរងគ្រោះ) ដែលកំពុងជិះម៉ូតូ រួចដកខ្សែក្រវ៉ាតវាយទៅជនរងគ្រោះត្រូវចំក្បាល បណ្ដាលឲ្យបែកហូរឈាមដេរចំនួន៣ថ្នេរ ។ ក្រោយពីធ្វើសកម្មភាពវាយរួច ឈ្មោះ សឿ ណារ៉ា និងឈ្មោះ ហួរ ម៉េងហុក បានជិះម៉ូតូរត់គេចខ្លួនតែម្ដង ។

បន្ទាប់មកជនរងគ្រោះបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអំបិលដើម្បីចាប់ខ្លួនជនសង្ស័យទាំង២នាក់ចាត់ការតាមនីតិវិធីច្បាប់ ។ ក្រោយពីសមត្ថកិច្ចទទួលបានពាក្យបណ្ដឹងពីជនរងគ្រោះរួច មកដល់ថ្ងៃទី២៧ សមត្ថកិច្ចបានចាប់ខ្លួនជនសង្ស័យទាំង២នាក់បញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕ ស្អាងជ័យ


ចែករំលែក៖