ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រុមចោរលួច ឆក់យ៉ាងសកម្ម និងអ្នកទទួលផល១១នាក់ នៅក្នុងខេត្តស្វាយរៀង ត្រូវបានកងរាជអាវុធហត្ថខេត្តស្វាយរៀង បង្ហាញមុខជាសាធារណៈ ។
បើតាមលោកវរៈសេនីយ៍ឯក ស្រី វុន្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តស្វាយរៀងបានដឹងថា យោងតាមពាក្យបណ្តឹងរបស់ជនរងគ្រោះឈ្មោះ ឡុង ហ្គីម ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិវៀតណាមស្នាក់នៅបន្ទប់ជួលលេខ៨ ស្ថិតក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងថា នៅវេលាម៉ោង២១ និង៣០នាទី ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ០១៨ ឈ្មោះ ហេង ឈ្មោះ ត្រា ឈ្មោះ ចន្តា និងបក្ខពួកមួយចំនួនទៀតបានធ្វើសកម្មភាពឆក់កាបូបរបស់ខ្លួន ។
លោកបានបន្តទៀតថា ក្រោយពីទទួលបានព័ត៌មាន និងពាក្យបណ្តឹងភ្លាមនោះ ឧត្តមសេនីយ៍ត្រី សែ វុទ្ធី មេបញ្ជាការកងរាជអាវុធហត្ថខេត្តស្វាយរៀងបានដាក់បទបញ្ជាយ៉ាងម៉ឺងម៉ាត់ទៅកម្លាំងមន្ទីរយុត្តិធម៌សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបាវិតដឹកនាំដោយលោកវរសេនីយ៍ឯក ស្រី វុន្ថា មេបញ្ជាការរងកងរាជអាវុធហត្ថខេត្តព្រមទាំមានការសម្របសម្រួលពីលោក គង់ ច័ន្ទខេមរិទ្ធ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ចុះស្រាវជ្រាវបង្ក្រាប និងឃាត់ខ្លួនក្រុមចោរលួចចោរឆក់ជាបន្តបន្ទាប់រួម និងអ្នកទទួលទិញផលចោរកម្មនៅវេលាម៉ោង២ និង១០នាទីថ្ងៃទី២៥ ខែវិច្ឆិកា ឆ្នាំ២០១៨ចំនួន១១នាក់ ។
ប្រភពបន្តថា ក្នុងនោះដែរ សមត្ថកិច្ចបានឃាត់ខ្លួនអ្នកទទួលទិញផលចោរកម្មម្នាក់មានឈ្មោះ អ៊ួ ឌី ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរអាជីវករមានទីលំនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ។
លោកបញ្ជាក់ថា វត្ថុតាងដែលសមត្ថកិច្ចយើងដកហូតបានរួមមាន ៖ ទូរស័ព្ទដៃចំនួន២៨គ្រឿង, ម៉ូតូចំនួន៧គ្រឿង, កាបូបចំនួន១ និងអាយផេត១គ្រឿង ។
បច្ចុប្បន្នជនសង្ស័យជាមុខសញ្ញា និងអ្នកទទួលផលចោរកម្មព្រមទាំងវត្ថុតាងត្រូវបាន សមត្ថកិច្ចកងរាជអាវុធហត្ថខេត្តស្វាយរៀងបញ្ជូនទៅសាលាដំបូងខេត្តស្វាយរៀងចាត់ការតាមច្បាប់ ៕ យឹម សុថាន